ល្បែង​សួរ​ខ្មោច​ខ្មៅ​ដៃ​កំពុង​ពេញ​និយម​ក្នុង​ស្រទាប់​យុវវ័យ

  • 2015-05-26 23:45:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លើ​បណ្ដាញ​សង្គម​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ មាន​ការ​ចែក​ចាយ​តៗ​គ្នា​នូវ​វីដេអូ​មួយ​ចំនួន​បង្ហាញ​ពី​ល្បែង​ថ្មី​មួយ ដែល​អាច​ឲ្យ​អ្នក​លេង​ហៅ​ខ្មោច​មក​សណ្ឋិត​ក្នុង​ប៊ិច ឬ​ខ្មៅ​ដៃ​ដើម្បី​សួរ។ តាម​ពិត​ល្បែង​​ដ៏​ចម្លែក​នេះ មាន​ប្រភព​មក​ពី​បរទេស និង​មាន​ឈ្មោះ​ថា “Charlie, Charlie”។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​លើ​សារព័ត៌មាន Telegraph របស់​ប្រទេស​អង់គ្លេស។

 

 

សារព័ត៌មាន Telegraph បាន​បញ្ជាក់​ថា ល្បែង​ដ៏​ចម្លែក​នេះ កំពុង​វាយ​លុក​លើ​បណ្ដាញ​សង្គម Twitter ដែល​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​កំពុង​ជជែក​វែក​ញែក​គ្នា។ យុវវ័យ​រាប់​ពាន់​នាក់ បាន​លេង​ល្បែង Charlie Charlie រួច​ថត​វីដេអូ​បង្ហោះ​លើ​បណ្ដាញ​សង្គម​នានា។

 

អ្នក​លេង​ប្រើ​ខ្មៅ​ដៃ​ពីរ​ដាក់​គង​លើ​គ្នា​ជា​សញ្ញា​បូក​នៅ​លើ​ក្រដាស​មួយ ដែល​សរសេរ​ពាក្យ​ថា Yes និង No។ បន្ទាប់​មក​អ្នក​ចូល​រួម​លេង នាំ​គ្នា​សួរ​ថា "Charlie, Charlie តើ​យើង​អាច​លេង​បាន​ទេ?” ដើម្បី​ភ្ជាប់​ទំនាក់​ទំនង​ជា​មួយ​ព្រលឹង​ខ្មោច​ជនជាតិ​ម៉ិកស៊ីកូ​ម្នាក់​ឈ្មោះ Charlie។

 

ប្រសិន​បើ​ព្រលឹង​ខ្មោច Charlie នៅ​ទីនោះ​មែន ខ្មៅ​ដៃ​នឹង​មាន​ចលនា​ប្ដូរ​ទិស​ដោយ​ខ្លួន​ឯង ដើម្បី​បង្ហាញ​ចម្លើយ។ ចំពោះ​ការ​បញ្ចប់​ល្បែង​នេះ ក៏​ដូច​គ្នា គឺ​អ្នក​លេង​ត្រូវ​សួរ​ព្រលឹង​ខ្មោច​ថា “Charlie, Charlie តើ​យើង​អាច​ឈប់​បាន​ទេ?” បន្ទាប់​ពី​ខ្មៅ​ដៃ​ធ្វើ​ចលនា​បង្ហាញ​ចម្លើយ​រួច អ្នក​លេង​ត្រូវ​ទម្លាក់​ខ្មៅ​ដៃ​ចុះ ដើម្បី​ផ្ដាច់​ការ​ទាក់​ទង​ជា​មួយ​ព្រលឹង​ខ្មោច Charlie។

 

ល្បែង​សួរ​ព្រលឹង​ខ្មោច ដែល​គេ​ក្លែង​សួរ​រឿង​ផ្សេង​ទៀត

 

នៅ​កម្ពុជា យុវវ័យ​មួយ​ចំនួន​បាន​ក្លែង​ពី​ការ​ហៅ​ឈ្មោះ​ព្រលឹង​ខ្មោច Charlie មក​ហៅ​ឈ្មោះ​ព្រលឹង​​របស់​មិត្តភ័ក្ដិ​ជំនួស​វិញ។ ចំណែក​ខ្មៅ​ដៃ ឃើញ​ថា​មាន​ចលនា​បន្ទាប់​ពី​ការ​ហៅ ប៉ុន្តែ​មនុស្ស​ជា​ច្រើន​គិត​ថា​ជា​ការ​បោក​ប្រាស់។ ​ទោះ​យ៉ាង​ណា មិន​មាន​ការ​បញ្ជាក់​ច្បាស់​ថា ព្រលឹង​ខ្មោច​ពិត​ជា​សណ្ឋិត​នៅ​ក្នុង​ខ្មៅ​ដៃ ដើម្បី​ឲ្យ​ធ្វើ​ចលនា​មែន ឬ​យ៉ាង​ណា​នោះ​ទេ៕

 

ចង់​ដឹង​ច្បាស់​ពី​វិធី​លេង សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

ចុះ​ប្រិយមិត្ត​យល់​យ៉ាង​ណា​ដែរ​​ចំពោះ​ល្បែង​ដ៏​ចម្លែក​នេះ?

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ Telegraph

អត្ថបទថ្មី