ហេតុ​ផល​​ធំៗ​ ​​​នៅ​ពី​ក្រោយ​​បញ្ហា​កក​ស្ទះ​​ចរាចរណ៍​ច្រើន​​គោលដៅ​​​នៅ​​ភ្នំពេញ

  • 2015-05-28 13:00:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​កកស្ទះ​ចរាចរណ៍ កំពុង​ក្លាយ​ជា​បញ្ហា​ក្ដៅ​ និង​ជា​ជំងឺ​ដ៏​រ៉ាំរ៉ៃ​ ដែល​ផ្ដល់​​ការ​លំបាក​ដល់​អ្នកដំណើរ​ នៅក្នុង​​​ប្រទេស​កម្ពុជា​ នា​​ពេល​បច្ចុប្បន្ន។ តើ​កត្តា​អ្វី​ខ្លះ​នាំ​​ឱ្យ​មាន​ការ​កក​ស្ទះ​? តើ​គួរ​មាន​ដំណោះស្រាយ​អ្វី​ខ្លះ? ទាក់ទិន​នឹង​បញ្ហា​​នេះ លោក អ៊ា ចរិយ៉ា ទីប្រឹក្សា​ឯករាជ​ផ្នែក​សុវត្ថិភាព​ចរាចរណ៍ បាន​បង្ហាញ​ដើមចម​ និង​​ដំណោះស្រាយដូច​ខាងក្រោម៖

 

-កំណើន​ប្រជាជន៖ ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ កំណើន​ប្រជាជន​មាន​ការ​កើន​ឡើង​ប្រហែល​១០% ក្នុង​ទីក្រុង​ភ្នំពេញ។   -កំណើន​យានយន្ត៖ ក្នុង​ឆ្នាំ​២០១៤ អត្រា​យានយន្ត​កើន​ឡើង​២០% ដែល​ជា​ចំនួន​ដ៏​ច្រើន​បំផុត។   -មិន​គោរព​ច្បាប់​ចរាចរណ៍៖ ការ​មិន​​គោរព​ស្លាក​សញ្ញា ភ្លើង​ស្តុប មន្ត្រី​ចរាចរណ៍ ការ​មិន​អធ្យាស្រ័យ​គ្នា នៅ​តែ​ជា​បញ្ហា​សម្រាប់​ប្រជាជន​ខ្មែរ។   -ការ​យក​ចំណី​ផ្លូវ​ធ្វើ​អាជីវកម្ម៖ ស្ទើរ​គ្រប់​ទី​កន្លែង គ្រប់​ច្រកល្ហកក្នុងទីក្រុងភ្នំពេញ ការ​យក​ចំណី​ផ្លូវ​ធ្វើ​អាជីវកម្ម កំពុង​តែ​ពេញ​និយម​ពី​សំណាក់​អាជីវករ ដោយ​គ្មាន​ការ​អើពើ​ពី​មន្ត្រី​មាន​សមត្ថកិច្ច បើ​ទោះ​មាន​ច្បាប់​យ៉ាងណា​ក្ដី។   -កង្វះ​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក៖ ការ​បំពាន​ច្បាប់​នៅ​តែ​កើត​មាន ដែល​​បង្ក​ឡើង​ដោយ​អ្នកបើកបរ។   -ផ្ទះ​ប្រជាជន​គ្មាន​កន្លែង​ចត​ឡាន​ត្រឹមត្រូវ៖ ការ​ចត​ឡាន​តាម​ចិញ្ចើម​ផ្លូវ​មុខ​ផ្ទះ ក៏​ជា​បញ្ហា​បង្ក​ឱ្យ​កើត​មាន​ជំងឺ​កកស្ទះ​ដ៏​រ៉ាំរ៉ៃ​ដែរ។   -បង្កើត​ច្បាប់​លើ Apartment ​សណ្ឋាគារ ផ្ទះ​សំណាក់ ៖ បច្ចុប្បន្ន Apartment ​សណ្ឋាគារ ផ្ទះសំណាក់​ ឬ​ផ្សារ​ទំនើប​ខ្លះ មិន​មាន​ចំណត​យានយន្ត​ត្រឹមត្រូវ​ទេ។   -បង្កើត​ផ្លូវ​ថ្មើរជើង​ឱ្យ​មាន​សុវត្ថិភាព៖ ផ្លូវ​ថ្មើរជើង​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន មិន​ទាន់​ឱ្យ​ប្រជាជន​ពេញ​ចិត្ត​នៅ​ឡើយ​ទេ ព្រោះ​ថា​វា​មាន​លក្ខណៈ​មិន​ស្អាត មាន​ការ​រំលោភ​ពី​សំណាក់​អាជីវករ និង​គ្មាន​សុវត្ថិភាព។   -ពង្រីក​សេវា​ដឹកជញ្ជូន​សាធារណ៖ បើ​ទោះ​មាន​សេវា​រថយន្ត​ក្រុង​របស់​រដ្ឋ​មែន តែ​សេវា​នេះ​នៅ​មាន​កម្រិត​​ និង​មិន​ទាន់​ទូលំទូលាយ​នៅ​ឡើយ។ ចំនួន​រថយន្តក្រុង​មាន​កម្រិតតិច និង​យឺតយ៉ាវ ធ្វើ​ឱ្យ​អ្នកប្រើប្រាស់​គ្មាន​ទំនុក​ចិត្ត។   -គ្មាន​ចំណត​សាធារណ៖ កង្វះ​ចំណត​សាធារណៈ ជា​បញ្ហា​មួយ​ដែល​រដ្ឋាភិបាល មិន​គួរ​មើល​រំលង។

 

ដំណោះ​ស្រាយ៖

 

​-រដ្ឋាភិបាល​ត្រូវ​តែ​ដាក់​នូវ​សេវាដឹកជញ្ជូន​សាធារណៈឱ្យ​បាន​ច្រើន​ដូចជា រថយន្ត​ក្រុង រថយន្ត​ ឬ​រថភ្លើង​ជាដើម ដើម្បី​បញ្ចៀស​ ឬ​កាត់​បន្ថយ​ការ​កក​ស្ទះ និង​ការ​ពង្រីក​ទីក្រុង។

 

 

-ប្រជា​ពលរដ្ឋ​ត្រូវ​តែ​គោរព​ច្បាប់ និង​អធ្យាស្រ័យ​គ្នា ព្រោះ​ការ​គោរព​ច្បាប់ និង​ការ​ចេះ​អធ្យាស្រ័យ​គ្នា ជួយ​ឱ្យ​ចរាចរណ៍​​លើ​ដង​ផ្លូវ​មាន​ដំណើរការ​ល្អ និង​គ្មាន​គ្រោះថ្នាក់។   -បើ​មាន​ច្បាប់​ហាម​យក​ចំណី​ផ្លូវ​ធ្វើ​អាជីវកម្ម​​ហើយ​នោះ ​មន្ត្រី​មាន​សមត្ថកិច្ច ​និងពាក់ព័ន្ធ ត្រូវ​តែ​ដំឡើង​សាច់​ដុំ​រឹត​បន្តឹង​ច្បាប់ បើ​មិន​ដូច្នេះ​ទេ​ការ​កក​ស្ទះ នៅ​តែ​កើត​មាន​ដូច​ជា​ភ្លៀង​រលឹម។   -ដើម្បី​កុំ​ឱ្យ​អ្នកបើកបរ​ល្មើស​ច្បាប់ មន្ត្រី​ចរាចរណ៍​ត្រូវ​តែ​រឹត​បន្តឹង​ច្បាប់ ក្នុង​រូបភាព​ផាក​ពិន័យ​ឱ្យ​បាន​ខ្ជាប់ខ្ជួន និង​ត្រឹមត្រូវ​​ទៅ​តាម​​សណ្ឋាន​ទោស​បាន​ចែង។   -ពលរដ្ឋ​​ត្រូវ​មាន​កន្លែង​ចត​ឡាន​ឱ្យ​បាន​ត្រឹមត្រូវ ហើយ​រដ្ឋាភិបាល​ក៏​គួរ​គិត និង​ចាត់​វិធាន​ការ​សមស្រប​ណា​មួយ​លើ​បញ្ហា​នេះ។   -​រដ្ឋាភិបាល​គួរ​តែ​កំណត់​ច្បាប់​ណាមួយ ស្ដី​ពី​ចំណត​យានយន្ត។   -ពង្រីក​និង​ពង្រឹង សេវាកម្ម​ដឹកជញ្ជូន​រដ្ឋ​បន្ថែម ដូចជា​រថយន្ត​ក្រុង រថភ្លើង​ជាដើម។   - រដ្ឋាភិបាល​គួរ​ពិនិត្យ​មើល​ចំណុច​នេះ​ឡើង​វិញ ហើយ​បើ​អាច​ធ្វើ​បាន​នោះ ប្រជាជន​នឹង​អាច​ងាក​មក​ថ្មើរ​ជើង ជាជាង​ប្រើប្រាស់​រថយន្ត​ផ្ទាល់ខ្លួន។   -រដ្ឋាភិបាល​​គួរតែ​សហការណ៍​ជាមួយ​ក្រុមហ៊ុនឯកជន ឬ​ផ្ដល់​ដី​សម្បទាន​ដល់​ក្រុមហ៊ុននោះ ដើម្បី​កសាង​ចំណត។ ការ​ធ្វើ​បែប​នេះ​ នឹង​អាច​ជួយកាត់​បន្ថយ​ការ​កក​ស្ទះ។

 

 

ទីប្រឹក្សា​ឯករាជ្យ​​ផ្នែក​សុវត្ថិភាព​ចរាចរណ៍ លោក អ៊ា ចរិយា បាន​បញ្ជាក់​បន្ថែម​ថា ការ​ពង្រឹង​និង​ពង្រីក​សេវា​កម្ម​ដឹក​ជញ្ជូន​សាធារណៈ ​មាន​សារសំខាន់​ណាស់ ក្នុង​ការ​កាត់​បន្ថយ​ជំងឺ​ស្ទះ​ចរាចរណ៍ដ៏​រ៉ាំរ៉ៃ ដែល​កម្ពុជា​កំពុង​ប្រឈម ក្នុង​ពេល​បច្ចុប្បន្ន។ សព្វថ្ងៃការ​ប្រើ​សេវា​នេះ​ មិន​ទាន់​ទូលំទូលាយ​នៅ​ឡើយ​ទេ ហើយ​រដ្ឋាភិបាល​គួរ​តែ​ជំរុញ​ និង​លើក​ទឹកចិត្ត ដល់​ពលរដ្ឋ​ឱ្យ​ងាក​មក​រក​សេវា​នេះ។ គួរ​ពង្រីក​ផ្លូវ​ថ្មើរជើង​ឱ្យ​មាន​សុវត្ថិភាព និង​គួរ​កំណត់​ច្បាប់​ផាក​ពិន័យ​ថ្មី លើ​ការ​ចត​រថយន្ត​តាម​ដង​ផ្លូវយ៉ាង​អនាធិបតេយ្យ។ "បើ​រដ្ឋាភិបាល​ផាក​ពិន័យ​ឱ្យ​ធ្ងន់ លើ​អ្នក​​ចត​តាម​ផ្លូវ ខ្ញុំ​យល់​ថា​ពួកគេ​នឹង​ងាក​មក​រក​សេវា​សាធារណៈ​មិន​ខាន ហើយ​បើ​ចង់​ឱ្យ​ពលរដ្ឋ​កាន់​តែ​ចង់​ប្រើ​ទៀត​​នោះ គឺ​ត្រូវ​ធ្វើ​​ចំណត់​រថយន្ត​ក្រុង នៅ​ជិត​តំបន់​រស់​​នៅ​​របស់​គាត់"។ លោក ចរិយា បន្ត។

 

ត្រង់​ចំណុច​នេះ​ ទីប្រឹក្សា​ឯករាជ្យ​ផ្នែក​ចរាចរណ៍​​រូប​នេះ បាន​លើក​ឡើង​ថា នៅ​បរទេស​ដែល​ជា​ប្រទេស​ជឿនលឿន ប្រជាជន​គេ​ចំណាយ​ពេល​​ដោយ​ថ្មើរជើង តែ​១៥​នាទី​ប៉ុណ្ណោះ ទៅ​កាន់​ចំណត​​សេវា​ដឹកជញ្ជូន​សាធារណៈ៕

 

ចុចអាន៖ ឡាន​បី​ជួរ​​ អ្នក​ជិះ​ម៉ូតូ​​ទៅ​ផ្លូវ​​ណា​?

ចុចអាន៖ ចិញ្ចើម​ផ្លូវ​ជា​របស់​អ្នក​ណា?

 

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទពេញនិយម