អាវុធសង្គ្រាមថ្មីអាមេរិក អាចផ្ដាច់ចរន្តអគ្គិសនីសត្រូវបានដោយងាយ
- 2015-05-28 18:24:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាវុធសង្គ្រាមថ្មីអាមេរិក អាចផ្ដាច់ចរន្តអគ្គិសនីសត្រូវបានដោយងាយ
ចន្លោះមិនឃើញ
អាមេរិកបានផលិតបច្ចេកវិទ្យាគ្រាប់មីស៊ីលបំបាំងខ្លួនទំនើបមួយ ដែលអាចកាត់ផ្ដាច់ចរន្តអគ្គិសនីក្នុងតំបន់ជ្រកកោនរបស់សត្រូវបានទាំងស្រុង ដោយគ្រាន់តែវាហោះកាត់។
បច្ចេកវិទ្យាគ្រាប់មីស៊ីលបំបាំងកាយនេះមានឈ្មោះថា JASSM ដែលត្រូវបានបង្កើតឡើងដោយទ័ពអាកាសអាមេរិក (US Air Force)។ គ្រាប់មីស៊ីលនេះអាចត្រូវបានបាញ់ចេញដោយយន្តហោះទម្លាក់គ្រាប់បែក ឬយន្តហោះចម្បាំងផ្សេងទៀតក៏បាន។
គ្រាប់មីស៊ីលនេះត្រូវបានបំពាក់ជាមួយកាណុងអេឡិចត្រូម៉ាញ៉េទិច ដែលប្រើថាមពលរលកសញ្ញាដ៏ខ្លាំងក្លា ដើម្បីធ្វើឱ្យចរន្តអគ្គិសនីក្នុងឧបករណ៍អេឡិចត្រូនិកនៅតំបន់គោលដៅកើនឡើងខ្លាំងរហូតដល់ដាច់ ដោយមិនអាចឱ្យឧបករណ៍ទប់ចរន្តទប់ទល់ទាន់វេលានោះឡើយ។
ឧត្ដមសេនីយ៍ទោ Thomas Masiello បានឱ្យដឹងថា បច្ចេកវិទ្យានេះមានពិតមែន ហើយបច្ចុប្បន្នវាត្រូវបានប្រើប្រាស់ក្នុងក្បួនយុទ្ធសាស្ត្រទ័ពអាកាសរបស់អាមេរិក។
កាលពីឆ្នាំ ២០១២ ក្រុមហ៊ុនផលិតយន្តហោះ Boeing បានធ្វើតែស្តបច្ចេកវិទ្យានេះដោយជោគជ័យ ដោយការបាញ់បង្ហោះគ្រាប់មីស៊ីលនេះកាត់បរិវេណមូលដ្ឋានទ័ពអាមេរិក ហើយប្រព័ន្ធកុំព្យូទ័រទាំងអស់ត្រូវបានកាត់ផ្ដាច់ប្រាកដមែន។
យ៉ាងណាក៏ដោយ អ្នកជំនាញជាច្រើនបារម្ភថា ការផលិតបច្ចេកវិទ្យារឹតតែទំនើបបែបនេះ អាចនាំឱ្យការប្រកួតប្រជែងសព្វាវុធសង្គ្រាមរវាងប្រទេសធំៗកើតឡើង ដើម្បីបង្អួតសាច់ដុំគ្នាទៅវិញទៅមក។
ជាក់ស្តែងលោក Trevor Taylor ជាសាស្ត្រាចារ្យមួយរូបនៃវិទ្យាស្ថាន Royal United Service និយាយថា "បើអាមេរិកអាចផលិតបច្ចេកវិទ្យាបែបនេះបាន នោះប្រទេសផ្សេងៗទៀតនឹងខំប្រឹងបង្កើតអាវុធស្រដៀងគ្នានេះដើម្បីប្រជែងគ្នា"៕
អាន៖ អាមេរិកធ្វើតែស្តអាវុធឡាស៊ែរលើយន្តហោះចម្បាំង ដោយជោគជ័យ
ប្រែសម្រួល៖ ប៉ែត ផាន់និត
ប្រភព៖ dailymail