ជនជាតិអូស្ត្រាលីជួលកោះសង្សារ ១៥០០០ដុល្លារប្រែក្លាយជារមណីយដ្ឋានប្រណីត
- 2015-05-28 23:02:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជនជាតិអូស្ត្រាលីជួលកោះសង្សារ ១៥០០០ដុល្លារប្រែក្លាយជារមណីយដ្ឋានប្រណីត
ចន្លោះមិនឃើញ
កោះសង្សាររបស់ព្រះរាជាណាចក្រកម្ពុជា បានប្រែក្លាយមុខមាត់ជារមណីយដ្ឋានដ៏ប្រណីតមួយ បន្ទាប់ពីជនជាតិអូស្ត្រាលីជួលក្នុងតម្លៃ ១៥០០០ដុល្លារ កាលពី ១០ឆ្នាំមុន។ នេះបើតាមការចុះផ្សាយលើគេហទំព័រ Dailymail របស់អង់គ្លេស។
អ្នកស្រី Melita Koulmandas Hunter បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា កាលពីឆ្នាំ២០០៥ តាមប្ដីជនជាតិអូស្ត្រាលីដូចគ្នាឈ្មោះ Rory ដែលមានតំណែងជាអ្នកផ្សព្វផ្សាយម្នាក់នៅរាជធានីភ្នំពេញ។ ពេលនោះ អ្នកស្រីមានបំណងស្នាក់នៅដែនដីអាស៊ីអាគ្នេយ៍នេះ ត្រឹមពេលមួយឆ្នាំប៉ុណ្ណោះ ហើយគ្រោងទៅរស់នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកវិញ។
យ៉ាងណាមិញ បន្ទាប់ពីស្នាក់នៅកម្ពុជាបានមួយឆ្នាំ ទាំងពីរនាក់ប្ដីប្រពន្ធបានទៅសម្រាកលំហែកាយនៅឆ្នេរខេត្តព្រះសីហនុ ព្រមទាំងហួសទៅលេងដល់កោះសង្សារ ដែលមានចម្ងាយប្រមាណជិត ៣០គីឡូម៉ែត្រពីឆ្នេរ។
អ្នករស់នៅលើកោះនោះបានប្រាប់អ្នកស្រីថា ពួកគេចង់ឃើញការផ្លាស់ប្ដូរ និងចង់ឲ្យគូស្នេហ៍ទាំងពីរនាក់តាំងទីលំនៅលើកោះដាច់ស្រយាលមួយនេះ។ ក្រោយមក អ្នកស្រី Melita បានចំណាយប្រាក់ ១៥០០០ដុល្លារ ដើម្បីសុំសិទ្ធិកាន់កាប់ដីកោះរយៈពេល ៩៩ឆ្នាំ ពីរាជរដ្ឋាភិបាលកម្ពុជា។
រាប់ថយក្រោយវិញ កាលពីឆ្នាំ២០០៨ ជនជាតិអូស្ត្រាលីរូបនេះមានឧបសគ្គក្នុងគម្រោងសាងសង់រមណីយដ្ឋានលើកោះសង្សារ។ អំឡុងសម្ភាសជាមួយសារព័ត៌មាន CNN របស់សហរដ្ឋអាមេរិក Melita បានបញ្ជាក់ថា ក្រុមហ៊ុនហិរញ្ញវត្ថុ Lehman Brothers បានក្ស័យធន ចំថ្ងៃដែលអ្នកស្រីដឹងថាខ្លួនឯងមានជំងឺមហារីក។
ទោះយ៉ាងណា នៅពេលក្រោយមកគម្រោងនោះបានចាប់ដំណើរការឡើងវិញ ដែលអភិវឌ្ឍចេញជាវិឡាឋានសួគ៌ចំនួន ២៧។ ក្រៅពីនេះភ្ញៀវអាចសាកល្បងភោជនីយដ្ឋានដែលឈ្នះពានរង្វាន់ ភ្លក់រសជាតិម្ហូបខ្មែរ ព្រមទាំងកម្សាន្តក្នុងបារដ៏ប្រណីត។ ចំពោះការស្នាក់នៅក្នុងវិឡាទាំងអស់នេះ មានតម្លៃ ៨៦៩ដុល្លារក្នុងមួយយប់។ ចំណែកតម្លៃវិឡាវិញ អាចលក់ចន្លោះពី ៦០ម៉ឺន ទៅ ១,៧៥លានដុល្លារ៕
ចុចអាន៖ កោះរ៉ុង ឋានសួគ៌លោកីយ៍ លើដីកម្ពុជា
ប្រែសម្រួល៖ គង់ វិសាល ប្រភព៖ Dailymail