ផ្ទុះ​សំណើច​ពេញ​អូឡាំពិក​យប់​មិញ អាជ្ញា​កណ្តាល​ខ្សែ​បន្ទាត់​​រត់​បុក​អ្នក​ថត​រូប​ដួល​ដាច់​ផ្ងារ​

  • 2015-05-29 16:15:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សកម្មភាព​មិន​នឹក​ស្មាន​ដល់​មួយ​បាន​កើត​មាន​ឡើង​ក្នុង​ឱកាស​នៃ​ការ​ប្រកួត​បាល់ទាត់​កម្តៅ​សាច់​ដុំ​រវាង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ឈុត​ធំ​ និង​ក្រុម​កីឡាករ​អាហ្វ្រិក​ប្រកប​អាជីព​នៅ​កម្ពុជា​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​​​កាល​ពី​យប់​មិញ​គឺ​លោក​អាជ្ញា​កណ្តាល​ខ្សែ​បន្ទាត់​ម្នាក់​បាន​ដួល​ដាច់​ផ្ងារ​មិន​អាច​ក្រោក​រួច​ បន្ទាប់​ពី​រត់​បុក​អ្នក​ថត​រូប​ម្នាក់​ពេញ​ទំហឹង​​នៅ​លើ​ខ្សែ​បន្ទាត់​ស្មៅ​សិប្បនិម្មិត។

 

ស្រប​ពេល​ដែល​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​កំពុង​តែ​វាយ​សម្រុក​លើ​ក្រុម​កីឡាករ​អាហ្វ្រិក​នៅ​ដើម​តង់​ទី​មួយ​ ស្រាប់​តែ​សំឡេង​ហ៊ោកង​រំពង​ពេញ​ស្តាត​​​បាន​កើត​មាន​ឡើង ប៉ុន្តែ​សំឡេង​ហ៊ោ​កង​រំពង​នេះ​មិន​មែន​អបអរ​ដល់​ក្រុម​ជម្រើស​ជាតិ​ស៊ុត​បញ្ចូល​ទី​នោះ​ទេ។  ​ផ្ទុយ​ទៅ​វិញ​គឺ​ជា​សំឡេង​ផ្ទុះ​សំណើច​របស់​អ្នក​ទស្សនា​រាប់​ពាន់​​នាក់​ចំពោះ​លោក​អាជ្ញា​កណ្ដាល​ខ្សែ​បន្ទាត់​ម្នាក់​បាន​រត់​ទៅ​បុក​អ្នក​ថត​រូប​ម្នាក់​ ហើយ​​បាន​ដួល។ ការ​បុក​ពេញ​ទំហឹង​រហូត​ដល់​ដួល​នេះ បណ្តាល​ឲ្យ​អាជ្ញា​កណ្តាល​រូប​នេះ​មិន​អាច​ក្រោក​ឈរ​បន្ត​ការងារ​បាន​ទេ​ ខណៈ​សកម្មភាព​លើ​ទី​លាន​​នៅ​តែ​​បន្ត។ ដោយ​គ្មាន​នរណា​ជួយ​ផ្អាក​ការ​ប្រកួត​ លោក​អាជ្ញា​កណ្តាល​ដែល​ដេក​ដួល​លើ​វាល​ស្មៅ​សិប្បន្មិត​នោះ​ ស៊ូទ្រាំ​លើក​ទង់​ឡើង​លើ​ដើម្បី​ឲ្យ​លោក​អាជ្ញា​កណ្តាល​នៅ​ក្នុង​ទី​លាន​ផ្អាក​ការ​ប្រកួត​​បណ្តោះ​អាសន្ន​សិន​ដើម្បី​ទៅ​ជួយ​សម្រួល​រូប​លោក។ ទាំង​លោក​អាជ្ញា​កណ្តាល​នៅ​លើ​ទី​លាន​ និង​គ្រូ​ពេទ្យ​ពីរ​នាក់​បាន​​រត់​​ទៅ​ជួយ​មួយ​សន្ទុះ​ទើប​លោក​អាជ្ញា​កណ្តាល​ខ្សែ​បន្ទាត់​អាច​ក្រោក​ឈរ​បន្ត​ការងារ​ទៀត។

 

លោក​អាជ្ញា​កណ្តាល​ខ្សែ​បន្ទាត់​ដែល​ដួល​ដាច់​ផ្ងារ​នេះ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ រិទ្ធ ឌីណូតា ខណៈ​លោក​អាជ្ញា​កណ្តាល​​គ្រប់​គ្រង​ការ​ប្រកួត​នៅ​លើ​ទី​លាន​គឺ​លោក ឃួន វីរៈ។ ចំណែក​អ្នក​ថត​រូប​ដែល​ត្រូវ​បាន​​លោក​អាជ្ញា​​កណ្តាល​ខ្សែ​បន្ទាត់​​បុក​នោះ​មិន​ត្រូវ​មិន​បាន​គេ​ស្គាល់​ឡើយ ប៉ុន្តែ​អ្នក​ថត​រូប​នៅ​ក្បែរ​នោះ​បាន​ប្រាប់​ថា ជា​អ្នក​ថត​ថ្មី​ម្នាក់​ដែល​ប្រហែល​ជា​ប៉ុន្មាន​នាទី​ក្រោយ​មក​ក៏​ចាក​ចេញ​​ពី​ទី​លាន​បាត់។

 

 

លទ្ធផល​ការ​ប្រកួត​កាល​ពី​​យប់​មិញ​រវាង​ក្រុម​កម្ពុជា និង ក្រុម​កីឡាករ​អាហ្វ្រិក​នៅ​កម្ពុជា​បាន​បញ្ចប់​ទៅ​ដោយ​លទ្ធផល​ស្មើ​គ្នា ២-២៕

 

អត្ថបទ៖ ជាន ចាន់រ៉ា​