រស់​ សំអឿន បាត់​បង់​ឱកាស​​​ទៅ​ស៊ីហ្គេម​ ទាំង​សោក​ស្ដាយ​​

  • 2015-05-29 20:39:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ការពារ​ស្លាប​ឆ្វេង​ជម្រើស​ជាតិ​​ U-23 កម្ពុជា​​កីឡាករ​ រស់​ សំអឿន​ ​មិន​បាន​រួម​ដំណើរ​ជា​មួយ​មិត្តរួម​ក្រុម​​​ទៅ​ចូល​រួម​ប្រកួត​ក្នុង​យុទ្ធនាការ​​ណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​ ២០១៥ នៅ​​ប្រទេស​សិង្ហបុរិ​នេះ​​ឡើយ ដោយ​សារ​របួស​មិន​ទាន់​ជា​សះ​ស្បើយ។

 

កីឡាករ រស់ សំអឿន ប្រកួត​កន្លង​មក​

ខ្សែ​​ការពារ​​ស្លាប​ឆ្វេង​របស់​​ក្លិប​បាល់ទាត់​បឹង​កេត​អង្គរ​​ រស់ សំអឿន បាន​ឲ្យ​ដឹង​ថា ខ្លួន​មិន​បាន​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​នេះ​​ឡើយ ​ព្រោះ​បញ្ហា​របួស​ដៃមិន​ទាន់​ជា​។ នេះ​​​ជា​រឿង​សោក​ស្ដាយ​បំផុត​សម្រាប់​ជីវិត​របស់​​គេ​ដែល​មិន​បាន​ជួយ​ជាតិ​ក្នុង​ព្រឹត្តិការណ៍​កីឡា​​ធំ​នៅ​តំបន់​អាស៊ីអាគ្នេយ៍។​ ​ចំពោះ​ប្រាក់​រង្វាន់​ជា​រឿង​​ធម្មតា​​ ​ប៉ុន្តែ​​រឿង​ដែល​ស្ដាយ​បំផុត​នោះ​​​គឺ​មិន​បាន​បង្ហាញ​ខ្លួន​លើ​ឆាក​អន្តរជាតិ​ដើម្បី​ជាតិ។

 

​រស់ សំអឿន ​បាន​និយាយ​ថា ៖«ខ្ញុំ​ពិត​ជា​​​សោក​ស្ដាយ​​បំផុត​​ ​ពេល​​នេះ​​បែរ​ជា​មាន​របួស​ដៃ​ទៅវិញ។ ខ្ញុំ​មាន​ក្ដី​សុបិន​​ចង់​លេង​​ឲ្យ​បាន​ល្អ​បំផុត​​ក្នុង​ការ​ប្រកួត​ស៊ីហ្គេម​លើក​នេះ ហើយ​ក៏​ចង់​ជួយ​ប្រទេស​ជាតិ​ឲ្យ​បាន​​ឆ្លង​ផុត​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដែរ​ តែ​ខ្ញុំ​បាន​ត្រឹម​អង្គុយ​ស្ដាយ​ទៅវិញ»។

 

​សំអឿន បាន​លើក​ឡើង​​ទៀត​ថា​ ​សម្រាប់​ព្រឹត្តិការណ៍​​កីឡា​ស៊ីហ្គេម​ឆ្នាំ​នេះ​​នឹង​មិន​មាន​រូប​​គេ​បង្ហាញ​ខ្លួន​ឡើយ​។ រហូត​ដល់​ពេល​នេះ​របួស​ដៃ​របស់​គេ​មិន​ទាន់​ជា​សះ​ស្បើយ​១០០​%​នៅ​ឡើយ​​ទេ ហើយ​​​ប្រហែល​ជា​​​៧ ឬ ៨ ថ្ងៃ​ទៀត​​ទើប​បាន​ជា​សះ​ស្បើយ​១០០​%។ លោក Lee Tae Hoon គ្រូ​​បង្គោល​ U -23 កម្ពុជា​បាន​ទាក់​ទង​មក​ សំអឿន ​ដោយ​ផ្ទាល់​ និង​ប្រាប់​ថា ​​​បាន​កាត់​ឈ្មោះ​​ រស់ សំអឿន ​ចេញ​ពី​ជម្រើស​ជាតិ​​ក្នុង​ព្រឹត្តិការណ៍​ ស៊ីហ្គេម​ឆ្នាំ​នេះ​ចេញ​ហើយ។

 

​កីឡាករ​រូប​នេះ​បាន​បន្ត​​​ថា ​មិន​បាន​ចូល​លេង​នៅ​ស៊ីហ្គេម​ហើយ​ នៅ​វគ្គ​​ជម្រុះ​World Cup ពីរ​ប្រកួត​ដំបូង​នា​ថ្ងៃ​ទី ១១ និង​ទី ១៦ ​ភាគ​រយ​នៃ​ការ​ចូល​លេង​គឺ​គ្មាន​ឡើយ។  រូប​គេ​តែង​តែ​ជាប់​ជា​ជម្រើស​១១ នាក់​ដំបូង​សម្រាប់​ការ​ប្រកួត​កន្លង​មក​​តំណែង​ជា​ខ្សែ​ការពារ​​ក្នុង​ក្រុម​​ U-23​ ប៉ុន្តែ​​ក្នុង​កំឡុង​ពេល​មាន​​​របួស កីឡាករ​ដែល​​អាច​​ជំនួស​តំណែង​របស់​គេ គឺ អុល​ រ៉ាវី ​និង​ សំអឿន ​ពិដោរ​។

 

​រស់ សំអឿន ក៏​សូម​ជូនពរ​ដល់​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ U-23 កម្ពុជា​​អាច​ឆ្លង​ចូល​វគ្គ​​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដោយ​ជោគជ័យ។  ​រូ​ប​គេ​​បាន​ខក​ខាន​​ហ្វឹក​ហាត់​ជាមួយ​ក្រុម​ជម្រើស​ជាតិ U-23 កម្ពុជា​​តាំង​ពី​ថ្ងៃ​ទី ១៣ ខែ ឧសភា ឆ្នាំ​ ២០១៥ បន្ទាប់​ពីរូប​គេ​ទទួល​រង​របួស​ដៃ​​​ពេល​ក្រុម​កម្ពុជា​​​ប្រកួត​មិត្តភាព​ជា​មួយ​​ក្រុម​កូរ៉េ​ខាង​ត្បូង​នៅ​ប្រទេស​​វៀតណាម៕

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​​​​​

អត្ថបទពេញនិយម