យុវជន​បី​ក្រុម​​​​ទទួល​បាន​​​ជយលាភី​ល្អ​បំផុត​​ ពី​ការ​ប្រកួតប្រជែង​ផែនការ​អាជីវកម្ម​ថ្នាក់​ជាតិ

  • 2015-06-02 16:17:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ធ្វើការ​ប្រកួតប្រជែង​យ៉ាង​ស្វិតស្វាញ ក្នុងផ្ដាច់ព្រ័ត្រ (​៨ក្រុម​ចុងក្រោយ) ទីបំផុត​ជយលាភី​៣ក្រុមល្អបំផុត ​នៃ​កម្មវិធី "ការ​ប្រកួតប្រជែង​ផែនការ​អាជីវកម្ម​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​២០១៥" រក​ឃើញ​ហើយ។

 

 
 

ជយលាភី​ទាំង​៣​ក្រុម ដែល​​ក្រុម​គណៈកម្មការ​ទាំង​បី​រូប ដាក់​ពិន្ទុ​ឱ្យ​ឈ្នះ​ជា​ឯកច្ឆន្ទ​នោះ​រួម​មាន ​ក្រុម Sport Pill ទទួល​ចំណាត់ថ្នាក់​​លេខ​១ ក្រុម Khmer Mortuary Service ទទួល​ចំណាត់​​​ថ្នាក់​លេខ​២ និង​ក្រុម Rice Version ទទួល​ចំណាត់​ថ្នាក់​លេខ​៣។

 

ក្នុង​ជ័យជំនះ​នេះ ក្រុម​គម្រោង​អាជីវកម្ម​ស្ដី​ពី​ការ​​បំពេញ​តម្រូវ​ការ​អ្នកលេង និង​លើក​កម្ពស់​​វិស័យបាល់ទាត់​ Sport Pill ទទួល​បាន​រង្វាន់​ជា​ទឹកប្រាក់​៥០០០ដុល្លារ ក្រុម​​គម្រោង​អាជីវកម្ម​និយាយ​ពី​ការ​ដឹក​សព Khmer Mortuary Service ទទួល​បាន​៣០០០ដុល្លារ និង​ក្រុម​និយាយ​ពី​​ការ​លើក​កម្ពស់​ដំណាំ​ស្រូវ Rice Service ទទួល​​បាន​២០០០​ដុល្លារ។​ ទោះបីជាយ៉ាងណា នៅមាន​មួយ​ក្រុម​ទៀត គឺ School Bus ដែល​ត្រូវ​គណៈកម្មការ សម្រច​ឱ្យ​ជាប់​លេខ​៤ និង​ទទួល​បាន​ប្រាក់​លើក​ទឹកចិត្ត​ ១០០០ដុល្លារអាមេរិក​ផង​ដែរ។

 

នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​កម្មវិធី "ការ​ប្រកួតប្រជែង​ផែនការ​អាជីវកម្ម​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​២០១៥" នៅ​​ឯសណ្ឋាគារ​កាបូឌីយ៉ាណា កាល​ពី​ថ្ងៃ​ទី​៣០ ខែ​​ឧសភា ឆ្នាំ​២០១៥កន្លង​ទៅ គឺ​មាន​ការ​អញ្ជើញ​ចូល​រួម​យ៉ាង​ច្រើន​កុះករ ពី​សំណាក់​ភ្ញៀវកិត្តិយស សហគ្រិន និង​វិនិយោគិន ជាតិ​និង​អន្តរជាតិ។ ជាពិសេស​គឺវត្តមាន​ដ៏​​ខ្ពង់ខ្ពស់របស់​​​ឯកឧត្ដម​បណ្ឌិត ហង់ ជួន​ណារ៉ុន រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អ្នក​ប្រគល់​រង្វាន់​ដល់​ជយលាភី​ទាំងបួន​ក្រុម។

 

​កម្មវិធី​​​​រៀបចំ​ដោយ​សាកលវិទ្យាល័យ​ ពុទ្ធិសាស្ត្រ នេះ ​គឺ​ធ្វើ​ឡើង​ដើម្បី​ជំរុញ និង​គាំទ្រ​ដល់​យុវវ័យ​កម្ពុជា​ទូទាំង​ប្រទេស ដែល​មាន​ចិត្ត​ស្រលាញ់ និង​មាន​ក្ដី​ស្រមៃ ចង់​ក្លាយ​ជា​សហគ្រិន ឱ្យ​មាន​ឱកាស​អាច​ធ្វើ​ការ​អភិវឌ្ឍ​ផែនការ​អាជីវកម្ម​របស់​ខ្លួន ព្រម​ទាំង​ទទួល​ការ​បណ្ដុះបណ្ដាល​នូវ​ភាព​ជា​សហគ្រិនឈាន​មុខ​គេ​ក្នុង​ប្រទេស ស្រប​ពេល​វិនិយោគិន​ជាច្រើន មក​បណ្ដាក់​ទុន​នៅ​កម្ពុជា។

 

គួរ​បញ្ជាក់​ផង​ដែរ​ថា កម្មវិធី​ដំបូង​ខាងលើ​ បាន​ចាប់​ផ្ដើម​ដំណើរការ នៅ​ថ្ងៃ​ទី​​២៦ ខែ​មករា ឆ្នាំ​២០១៥ វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃ​ទី​២១ ខែ​ឧសភា និង​វគ្គផ្ដាច់ព្រ័ត្រ​​នៅ​ថ្ងៃ​ទៅ​៣០ ខែឧសភា ឆ្នាំ​២០១៥​កន្លង​មក៕

  https://www.youtube.com/watch?v=y0AjdhdVt7o&feature=youtu.be  

 
 
 
 
 
 
 
 
 
 
 

 

ចុចអាន៖ យុវជន​ខ្មែរ ​៨​ ក្រុម​វ័យ​ក្មេង ត្រៀម​ខ្លួន​ប្រកួត​ប្រជែង​ផែន​ការ​អាជីវកម្ម​ថ្នាក់​ជាតិ

 

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទថ្មី