ម្ចាស់ក្លិប Liverpool នឹងជួបសម្រេចអនាគត លោក Rodgers ស្អែកនេះ
- 2015-06-02 21:21:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្ចាស់ក្លិប Liverpool នឹងជួបសម្រេចអនាគត លោក Rodgers ស្អែកនេះ
ចន្លោះមិនឃើញ
អនាគតរបស់អ្នកចាត់ការក្រុម Liverpool លោក Brendan Rodgers ដែលអាចនៅ ឬអាចនឹងចាកចេញពីតំណែង នឹងដឹងច្បាស់នៅថ្ងៃស្អែកនេះហើយ ខណៈដែលសហម្ចាស់ក្លិបលោក Tom Werner បានធ្វើដំណើរទៅដល់ប្រទេសអង់គ្លេស នៅថ្ងៃអង្គារនេះ មុននឹងជួបពិភាក្សាគ្នានៅថ្ងៃស្អែក។
លោក Rodgers (ឆ្វេង) និងសហម្ចាស់ក្លិប Liverpool លោក Werner (ស្តាំ)
អ្នកជំនួញអាមេរិក Werner នឹងជួបអ្នកចាត់ការក្រុមហង្សក្រហម លោក Rodgers នៅថ្ងៃពុធ ដើម្បីពិនិត្យឡើងវិញ នូវស្ថានភាពរបស់ក្រុម Liverpool បន្ទាប់ពីបញ្ចប់រដូវកាល២០១៤/១៥នេះ ដោយពុំបានកៅអីទៅលេងនៅ UEFA Champions League និងបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៦ នៅ Premier League។
បុរសសញ្ជាតិអៀរឡង់ខាងជើង វ័យ៤២ឆ្នាំ ត្រូវបានតែងតាំងជាអ្នកចាត់ការក្រុម Liverpool កាលពី៣ឆ្នាំមុន ប៉ុន្តែបន្ទាប់ពីចាញ់ Stoke City ៦-១ នៅថ្ងៃចុងក្រោយ លោក Rodgers បានលើកឡើងថា អនាគតរបស់លោក គឺស្ថិតក្នុងដៃម្ចាស់ក្លិប ដោយនិយាយថា៖ "ដូចដែលខ្ញុំធ្លាប់និយាយអញ្ចឹង បើម្ចាស់ក្លិបចង់ឲ្យខ្ញុំចេញ ខ្ញុំនឹងចាកចេញ"។
លោក Rodgers ជិតជួយ Liverpool ឲ្យលើកពាន Premier League លើកដំបូង ក្នុងរយៈពេល២៤ឆ្នាំទៅហើយ កាលពីរដូវកាលមុន ប៉ុន្តែបែរជាភ្លាត់នៅចុងរដូវកាល។ ចំណែកឯរដូវកាលនេះវិញ ហង្សក្រហម បានធ្លាក់ត្រឹមវគ្គចែកពូល UEFA Champions League និងបញ្ចប់ចំណាត់ថ្នាក់លេខ៦ បានត្រឹមតែកៅអី UEFA Europa League ប៉ុណ្ណោះ៕
ចុះប្រិយមិត្តយល់ថា លោក Rodgers គួរដឹកនាំ Liverpool បន្ត ឬចាកចេញ?
-ចុចអាន៖ បេក្ខភាព៥រូប អាចជាអ្នកចាត់ការថ្មី ក្រុម Liverpool
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ bbc