ហេតុ​ផល​​ខ្លះ​​ៗ​ដែល​យុវវ័យ​ខ្មែរ​​សម្រេច​ចិត្ត​រៀន​បណ្ដើរ​ធ្វើ​ការ​ងារបណ្ដើរ​​

  • 2015-06-02 22:38:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថិត​នៅ​ក្នុង​កំឡុង​ពេល​សិក្សា​ថ្នាក់​មហា​វិទ្យាល័យ​ មាន​និស្សិត​ជា​ច្រើន​នាក់​បាន​សម្រេច​ចិត្ត​រៀន​បណ្ដើរ​ធ្វើ​ការ​បណ្ដើរ​ ដែល​មាន​ទាំង​និស្សិត​​មក​ពី​ខេត្ត​ និង និស្សិត​ដែល​រស់​​នៅ​ភ្នំពេញ​ស្រាប់ ​កំពុង​បម្រើ​ការ​ងារ​នៅ​តាម​ស្ថាប័ន​ផ្សេងៗ​ ទាំង​ពេញ​ម៉ោង​និង​ក្រៅ​ម៉ោង។ តើ​មាន​មូលហេតុ​អ្វី​ខ្លះ​ដែល​ធ្វើ​ឱ្យ​និស្សិត​សម្រេច​ចិត្ត​ចំណាយ​ពេល​វេលា​មក​ធ្វើ​ការ​ជំនួស​វិញ?

 

ផ្គត់​ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ​

 

កញ្ញា​ង៉ែត​ សុធាវី​បាន​ឱ្យ​ដឹង​ថា​កត្តា​ដែល​ជំរុញ​ឱ្យ​កញ្ញា​មក​រក​ការងារ​ធ្វើ​ទាំង​នៅ​សិក្សា​ឆ្នាំ​ទី​១​នៅ​សាកល​វិទ្យាល័យ​កម្ពុជា​នៅ​ឡើយ​នោះ​គឺ​កត្តា​ជីវភាព។​ និស្សិត​ ផ្នែក​ធនាគារ​និង​ហិរញ្ញវត្ថុ​ ​រូប​នេះ​បាន​បន្ត​ថា​ខ្លួន​ធ្វើ​ជា​ គ្រូ​មតេ្តយ្យ​នៅ​សាលា​ Apple Tree ដើម្បី​បាន​ប្រាក់​មក​ផ្គត់ផ្គង់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ។ «​ទំនិញ​នៅ​ភ្នំពេញ​ថ្លៃ​ ត្រូវ​ការ​ចំណាយ​ច្រើន​​ ទោះ​យ៉ាង​ណា​វា​ជួយ​កាត់​បន្ថយ​ការ​យក​លុយ​ពី​អ្នក​ផ្ទះ​ចាយ​​បាន​ខ្លះ​ដែរ!»។ ធាវី​ បាន​បន្ថែម។

 

(រូបតំណាង)

 

ទាញ​យក​បទ​ពិសោធន៍

 

ងាក​មក​កញ្ញា​កែវ​ លក្ខិណា ​វិញ​​សព្វ​ថ្ងៃ​ជា​និស្សិត​ឆ្នាំ​ទី​មួយ​នៃ​សាកល​វិទ្យាល័យ​វេស្ទើន​ និង​ជា​គ្រូ​បង្រៀន​ភាសា​អង់គ្លេស​នៃ​សាលា​ឯកជន​មួយ​កន្លែង​ បាន​ប្រាប់​ឱ្យ​ Sabay ​ដឹង​ថា ​មួល​ហេតុ​ដែល​កញ្ញា​សម្រេច​ចិត្ត​ធ្វើ​ការងារ​កំឡុង​ពេល​រៀន​គឺ​ព្រោះ​តែ​ចង់​បាន​បទពិសោធន៍​ការងារ​។ លក្ខិណា​​បន្ត​ថា​ បើ​គិត​តាម​ប្រាក់​ខែ​វិញ​ចាយ​មិន​គ្រប់​ទេ តែ​អ្វី​ដែល​ធ្វើ​ឱ្យ​ខ្លួន​​នៅ​តែ​បន្ត​ការ​ធ្វើ​ការ​ខាង​ក្រៅ​គឺ​ការងារ​បាន​បង្រៀន​យុវតី​​រូប​នេះ​​ឱ្យ​ចេះ​លត់​ដំ​ខ្លួន​ឯង​ ឱ្យ​ស្គាល់​ការងារ​​។ ម្យ៉ាង​វិញ​ទៀត​ការ​ធ្វើ​ជា​គ្រូ​បង្រៀន​គឺ​ជា​ក្ដី​ស្រម៉ៃ​របស់​នាង​តាំង​ពី​នៅ​វិទ្យាល័យ​។ «​ទម្រាំ​ចប់​ឆ្នាំ​ទី​បួន​ ខ្ញុំ​នឹង​បាន​បទ​ពិសោធន៍​ច្រើន​! និង​អាច​រក​ការងារ​ធ្វើ​បាន​ល្អ​ជាង​កាល​នៅ​រៀន​ឆ្នាំ​ទី​មួយ​ដល់​ទី​បី​ ព្រោះ​អី យើង​មាន​បទ​ពិសោធ​ដល់​ទៅ​បី​ឆ្នាំ​ឬ​បួន​ឆ្នាំ​ពេញ​! ដូច្នេះ​បទ​ពិសោធន៍​ការងារ​និង​ចំណេះ​ដឹង​អាច​ឱ្យ​យើង​​រក​ការងារ​បាន​លឿន! ​វា​គ្រាន់​បើ​ជាង​រៀន​ចប់​ឆ្នាំ​ទី​បួន​តែ​អត់​មាន​បទ​ពិសោធន៍​អី​សោះ​  ព្រោះ​ក្រុមហ៊ុន​ខ្លះ​មិន​មែន​រក​តែ​សញ្ញាប័ត្រ​ទេ គេ​ក៏​រក​សញ្ញា​ឃើញ​ដែរ ​អញ្ចឹង​បើ​យើង​មាន​បទពិសោធន៍​ការងារ​ស្រាប់​យើង​មាន​ឱកាស​ទទួល​បាន​ការងារ​ច្រើន​ជាង»។ លក្ខិណា​ បន្ថែម។​

 

អនុវត្ត​លើ​ទ្រឹស្ដី​ដែល​កំពុង​រៀន​

​ លោក ម៉េង ភក្រ្តា​ជា​ជំនួយ​ការ​រដ្ឋបាល​នៅ​ក្រុម​ហ៊ុន​ឯកជន​មួយ​​និង​ជា​និស្សិត​កំពុង​បន្ត​ការ​សិក្សា​នៅ​ សាកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ ផ្នែក​រដ្ឋបាល​សាធារណៈ​​ បាន​លើក​ឡើង​ថា កាល​ដែល​រៀន​នៅ​ក្នុង​ថ្នាក់​គ្រាន់​តែ​ជា​ទ្រឹស្ដី​ប៉ុណ្ណោះ​ ជួន​កាល​ទ្រឹស្ដី​និង​ការអនុវត្ត​វា​ផ្សេង​ពី​គ្នា​ ដូច្នេះ​​ទើប​​ត្រូវ​ការ​ស្វែង​យល់​​អំពី​ការ​ងារ​ខាង​ក្រៅ​និង​អាច​ពង្រឹង​​ចំណេះ​ដឹង​នៅ​ក្នុង​ថ្នាក់​រៀន​ទៀត​ផង​។

 

មិន​ខ្វះ​ខាត​តែ​ចង់​រកលុយ​ចាយ​ខ្លួន​ឯង​

កញ្ញា​ចាន់​ សេរី​រស្មី​ ជា​និស្សិត​ឆ្នាំ​ទី​មួយ​នៅ​សាកល​វិទ្យាល័យ​កម្ពុជា​ផង​ នៅ​វិទ្យាស្ថាន​ភាសាបរទេស​ផង ​និង​ជា​អ្នក​ផ្ដល់​ព័ត៌មាន​នៃ​ក្រុម​ហ៊ុន​លក់​រថយន្ត​មួយ​កន្លែង​​ទៀត​នោះ​​​ បាន​ឱ្យ​ដឹង​ថា​  កញ្ញា​ចង់​បាន​បទ​ពិសោធន៍​ការងារ​និង​ចង់​មាន​លុយ​ចាយ​ខ្លួន​​ឯង ហើយ​លើស​ពី​នេះ​ទៀត​នៅ​ពេល​បញ្ចប់​ការ​សិក្សា​​ រស្មី​ មាន​ឱកាស​ក្នុង​ការ​រក​ការ​ងារ​ដែល​មាន​ប្រាក់​កម្រៃ​ខ្ពស់​​​បាន។​​

 

ស្រដៀង​គ្នា​នេះ​ដែរ​​កញ្ញា ​គង់​ច័ន្ទ​វណ្ណី​ ជា​​និស្សិត​ឆ្នាំ​ទី​បួន​ផ្នែក​ធនាគារ​និង​ហិរញ្ញវត្ថុ​ នៃ​សាកល​វិទ្យាល័យ​អាស៊ី​អឺរ៉ុប​ និង​ជា​​ជំនួយ​ការ​បេឡា​នៃ​ធនាគារ​អេ​ស៊ី​លី​ដា ភី​អិល​ស៊ី​បាន​ឱ្យ​ដឹង​ថា កញ្ញា​បាន​ចូល​ធ្វើ​ការ​តាំង​ពី​រៀន​ឆ្នាំ​ទី​ពីរ​ម្ល៉េះ​ ដោយ​សារ​កញ្ញា​ចង់​រក​ប្រាក់​​រៀន​ដោយ​ខ្លួន​ឯង​។ បើ​ទោះ​បី​ជា​ឪពុក​ម្ដាយ​កញ្ញា​មាន​លទ្ធភាព​សម្រាប់​ផ្គត់​ផ្គង់​ការ​សិក្សា​របស់​កញ្ញា​ក៏​ដោយ​  ក៏​និស្សិត​​មាន​ស្រុក​កំណើត​នៅ​ខេត្ត​កណ្ដាល​រូប​នេះ​នៅ​តែ​​ធ្វើ​ការ​ងារ​ដើម្បី​ឧបត្ថម្ភ​ការ​សិក្សា​រៀន​សូត្រ​​និង​ការ​ចាយ​វាយ​សម្រាប់​ខ្លួន​ឯង​ពោល​គឺ ​វណ្ណី​ មិន​ចង់​លា​ដៃ​សុំ​លុយ​ឪពុកម្ដាយ​ចាយ​ដូច​កាល​នៅ​វិទ្យាល័យ​​ឡើយ។

​​

​​ចុះ​ចំណែក​ប្រិយមិត្ត​​មាន​មូលហេតុ​អ្វី​ដែរ​ទើប​រៀន​ផង​ធ្វើ​ការ​ផង?

 

ចុច​ត្រង់​នេះ​អាន៖  កន្លែង​​​ណា​ខ្លះ​ពិសេស​បំផុត​សម្រាប់​យុវវ័យ​ក្នុង​​ការ​អាន​សៀវភៅ?

ចុច​ត្រង់​នេះ​អាន៖  ប្រុសៗ​គិត​​ម៉េច​ ​បើ​​មាន​​សង្សារ​កម្ពស់​​​ខ្ពស់​​ជាង?

អត្ថបទ៖ គង់ ច័ន្ទវ៉ាន់ណេង