ប៉ូលិស​ផាក​ មាន​អារម្មណ៍​ខ្មាស​គេ​ ច្រើន​ជាង​អស់​លុយ​​?

  • 2015-06-03 18:44:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​នគរ​បាល​ចរាចរណ៍​ផាក​ពិន័យ​ម្តងៗ​នៅ​តាម​ភ្លើង​​ស្តុប​ មាន​មនុស្ស​ច្រើន​ណាស់​មើល​មក​​យើង។​ អ្នក​ខ្លះ​ប្រហែល​ជា​គិត​ថា ​ប៉ូលិស​នោះ​អាក្រក់​ ឬ​មក​ពី​អ្នក​ដែល​ជិះ​នោះ​មិន​ចេះ​គោរព​ច្បាប់​ចរាចរណ៍​ជា​ដើម។​ ប៉ុន្តែ​​សម្រាប់​អ្នក​ធ្លាប់​មាន​បទ​ពិសោធន៍​ត្រូវ​ប៉ូលិស​ផាក​វិញ​ ពួក​គេ​បែរ​ជា​និយាយ​ថា ​មាន​អារម្មណ៍​ខ្មាស​គេ​​ច្រើន​ជាង​អស់​លុយ​​ ដោយ​​ប៉ូលិស​ផាក​ទៅ​វិញ។

 

និស្សិត​ប្រុស​ឆ្នាំ​ទី​២ អុន​ សំអាង ​និយាយ​បែប​កំប្លែង​បន្តិច៖ “មក​ពី​ខ្ញុំ​ជិះ​អត់​មើល​ស្តុប​ដោយ​ខ្លួន​ឯង​ បត់​ទៅ​វឹង​ ប៉ូលិស​មក​ស្ទាក់​ចាប់​តែ​ម្តង។ ពេល​នោះ​អត់​សូវ​មាន​លុយ​ផង​ ប៉ូលិស​ផាក​ទៀត​ ខ្មាស​គេ​តិច​អី​បង ហើយ​ភ័យ​ទៀត។ ពេល​នោះ​មាន​តែ​កាត​គ្រី ប៉ូលិស​ទារ​ថ្លៃ​ផាក​ទាល់​តែ​គ្រប់​ទើប​ឲ្យ​ទៅ”។

 

រី​ឯ​ប្អូន​ស្រី​ ឆែម​ សៀកលាង ​ប្រាប់​ថា៖ “​ពេល​នោះ​ខ្ញុំ​ជិះ​ហួស​ភ្លើង​ស្តុប​ ស្រាប់​តែ​ប៉ូលិស​រត់​មក​តែ​ម្តង។​ ខ្ញុំ​ភ័យ​សឹង​ស្លាប់​ សឹង​តែ​ជិះ​បុក​ពួក​គាត់​ទៀត​ផង​ ពិសេស​នោះ​ខ្មាស​គេ​ខ្លាំង​ណាស់​ ព្រោះ​អ្នក​ដំណើរ​ផ្សេង​ទៀត​មើល​មក​ច្រើន។ គ្រាន់​តែ​ពួក​គាត់​ផាក​ខ្ញុំ​មួយ​ស៊ី​ពេល​ចង់​អស់១០នាទី​”។

 

 

ចំពោះ​ កញ្ញា​ ផិន​ ផាន់​ណា ​រៀន​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា មាន​បទ​ពិសោធន៍​ស្រដៀង​នឹង​សៀក​លាង​ដែរ។ “ជិះ​ម៉ូតូ​បើក​ភ្លើង​អត់​ដឹង​ខ្លួន​ ប៉ូលិស​ហៅ​ផាក​ អូស​ម៉ូតូ​ខ្ញុំ​យក​ទៅ​។ គាត់​ទារ​ខ្ញុំ​១០០០០រៀល ខ្ញុំ​សុំ​គាត់​ទម្រាំ​តែ​បាន​៥០០០៛​ ចង់អស់​​១៥នាទី​។​ តែ​សំណាង​វិញ​ អត់​សូវ​ខ្មាស​គេ​ប៉ុន្មាន​ដែរ​ ព្រោះ​ពាក់​មួក​ និង​ពាក់​ម៉ាស​គេ​អត់​សូវ​ស្គាល់​មុខ”។ ផាន់​ណា​ និយាយ​ហើយ​សើច។

 

ចំណែក​ឯ​យុវជន​ ច្រេវ រុន​ និស្សិត​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ដូច ​ជា​ដឹង​ពី​វិធី​ដែល​រំដោះ​ខ្លួន​មិន​ចង់​ឲ្យ​ខ្មាស​គេ​យូរ​ពេល​ត្រូវ​ ប៉ូលិស​ផាក។ និស្សិត​រូប​នេះ​ពន្យល់​ថា៖ “ខ្ញុំ​ត្រូវ​ប៉ូលិស​ផាក​នៅ​ម្តុំ​ស្ពាន​អាកាស​ កាល​នោះ​ខ្ញុំ​អត់​ពាក់​មួក​ការពារ​ទេ។ គ្រាន់​តែ​ប៉ូលិស​ហៅ​ចូល​ទៅ​ភ្លាម​ ខ្ញុំ​យក​លុយ​ឲ្យ​គាត់​៥០០០រៀល​ហើយ​ក៏​ជិះ​ម៉ូតូ​ចេញ​ទៅ​។ និយាយ​ទៅ​មិន​ដល់​២នាទី​ផង​”។

 

ចុះ​អ្នក​វិញ ​ខ្លាច​ប៉ូលិស​ចាប់​ ឬ​ខ្លាច​ខ្មាស​គេ​ជាង?

 

ចុច​អាន​៖ ហេតុ​ផល​​ធំៗ​ ​​​នៅ​ពី​ក្រោយ​​បញ្ហា​កក​ស្ទះ​​ចរាចរណ៍​ច្រើន​​គោលដៅ​​​នៅ​​ភ្នំពេញ

អត្ថបទ៖ ផល្លា សុម៉ាលីណា