ប្រើរបស់ជជុះបើគេដឹង ជារឿងគួរឲ្យខ្មាសបំផុត មែនទេ?
- 2015-06-04 17:04:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រើរបស់ជជុះបើគេដឹង ជារឿងគួរឲ្យខ្មាសបំផុត មែនទេ?
ចន្លោះមិនឃើញ
សម័យកាន់តែទំនើប ការប្រើសម្ភារៈថ្មីឡូយៗក៏កាន់តែមានច្រើន រហូតយុវវ័យមួយចំនួន ប្រដេញគ្នាលើម៉ាក (Brand) អួតតម្លៃថ្លៃៗគ្នាក៏មាន។ ចុះសម័យនេះទៅហើយ បើមានអ្នកប្រើរបស់ជជុះ ហើយគេដឹង មិនខូចកាលីប ជារឿងគួរឲ្យខ្មាសអៀនទេឬ?
"អាចដែរ! ដោយសារសម័យឥលូវជាសម័យសម្ភារៈនិយម មនុស្សគ្រប់គ្នាចូលចិត្តទិញទំនិញណាដែលទំនើបៗគិតលើម៉ាក តម្លៃថ្លៃៗ។ ពេលគេដឹងយើងប្រើរបស់ជជុះតម្លៃថោកៗ ជួនកាលគេអាចសើចចំអកក្នុងចិត្ត ដោយសារគេយល់ថាសម័យនេះហើយនៅប្រើរបស់ជជុះទៀត វាអត់កាលីប អត់ឡូយ"។ នេះបើតាម កញ្ញា ស៊ា រក្សា អតីតនិស្សិតសាកលវិទ្យាល័យមេគង្គកម្ពុជា បានបញ្ចេញយោបល់។
រូបតំណាង
សម្រាប់ លោក មុត សោភា និស្សិតឆ្នាំទី២ផ្នែកIT នៃសាកលវិទ្យាល័យន័រតុន និយាយថា ការប្រើសម្ភារៈមួយទឹក ពេលខ្លះគួរឲ្យអាម៉ាស់ដែរ ប៉ុន្តែមិនទាំងអស់ឡើយ ដូចជា បើប្រើគ្រឿងអេឡិចត្រូនិកជុំនុំៗអីអត់សូវប៉ុន្មានទេ តែបើខោអាវជជុះវិញ ទើបខ្មាសគេខ្លាំងតែម្ដង។
អ្នកមកពីខេត្តបាត់ដំបង បន្តថា៖ "ទូរសព្ទ ទូរទស្សន៍មួយទឹកអី មានគេប្រើច្រើន អាចជារឿងធម្មតាទៅហើយ ដូច្នេះអាចគេចផុត។ តែបើខោអាវជជុះ ឬអាវក្រោមឆត្រអី ខ្ញុំជឿថា ដឹងតែគេមើលងាយមិនខាន ព្រោះវាមានតម្លៃថោក អាវខ្លះត្រឹម ៥០០ រៀលប៉ុណ្ណោះ។ អ្នកខ្លះគេមិនថាអីចំមុខយើងទេ តែក្នុងចិត្តគេលួចពេបមើលងាយយើងស្រេចហើយ ព្រោះគេយល់ថា អ្នកប្រើរបស់បែបហ្នឹង បានតែអ្នកក្រ ដល់អ៊ីចឹងវាអាចត្រូវគេមើលងាយខ្លះដែរ"។
ចំណែកសិស្សថ្នាក់ទី ១១ វិទ្យាល័យទួលស្វាយព្រៃ ឈ្មោះ ស្រេង ស៊ុនឡុង មិនគិតបែបនេះឡើយ។ យុវសិស្សនេះយល់ថា ការប្រើរបស់ជជុះមិនមានអ្វីដែលត្រូវអាម៉ាសឡើយ។ របស់ជជុះខ្លះល្អជាងរបស់ថ្មីទៀតក៏មានដែរ។ "សំខាន់យើងចេះតុបតែង ចេះរើសមើលមួយណាល្អ។ ដូចជា របស់ជជុះត្រឹមមួយឬពីរទឹកអី ជួនកាលវានៅល្អ ប្រហែលថ្មីដែរ វាជួយសន្សំសំចៃលុយកាក់។ យើងកុំទៅទិញរបស់ជជុះអស់ជម្រើស ៥ទៅ៦ទឹក អាហ្នឹងវារៀងចាស់យ៉ាប់បន្តិចមែន"។
ចំពោះនិមល រៀនជំនាញទេសចរណ៍ ក៏គិតដូចយុវជន ស៊ុនឡុងដែរ។ កញ្ញា ថាមនុស្សភាគច្រើនយល់ច្រឡំថា ឲ្យតែរបស់ជជុះគឺគុណភាពអន់ ព្រោះវាមានតម្លៃថោក តែតាមពិតមិនបែបនេះទាំងអស់ឡើយ។
“របស់ខ្លះល្អស្អាតជាងរបស់ថ្មី ហ្ស៊ីនផង។ បើទោះវាធ្លាប់គេប្រើម្ដងឬពីរដងរួចហើយ តែពេលខ្លះវានៅតែល្អអាចប្រើបាន។ ដូចខោអាវជជុះចឹង ជួនកាលចង់ស្អាតឡូយជាងខោអាវថ្មីៗនៅផ្សារផង ព្រោះខោអាវទាំងនោះ យកពីស្រុកក្រៅមកក៏មានដែរ"។ និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង បន្ថែមថា ការប្រើរបស់ជជុះ មិនមែនជារឿងគួរឲ្យខ្មាសអីឡើយ គ្រាន់តែអ្នកប្រើប្រាស់ពេលខ្លះ ចង់ប្រើទៅតាមលទ្ធភាពប៉ុណ្ណោះ ៕
សម្រាប់ប្រិយមិត្តយល់យ៉ាងណា?
សូមអាន៖ ហេតុផលខ្លះៗដែលយុវវ័យខ្មែរសម្រេចចិត្តរៀនបណ្ដើរធ្វើការងារបណ្ដើរ
អត្ថបទ៖ លឹម សុនា