សិស្សឆ្នើមគណិតវិទ្យាទូទាំងប្រទេសថ្នាក់ទី៩ចែករំលែកបទពិសោធន៍ទទួលបានជយលាភី
- 2015-06-04 17:56:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សិស្សឆ្នើមគណិតវិទ្យាទូទាំងប្រទេសថ្នាក់ទី៩ចែករំលែកបទពិសោធន៍ទទួលបានជយលាភី
ចន្លោះមិនឃើញ
មានអាយុ ១៥ ឆ្នាំយុវតី ភុល វណ្ណាលីន គឺជាសិស្សឆ្នើមមួយរូបទទួលបានជយលាភីលេខ១ គណិតវិទ្យាថ្នាក់ទី៩ទូទាំងប្រទេសមកពីវិទ្យាល័យព្រះមុនីវង្សខេត្តបាត់ដំបង ។ បច្ចុប្បន្ន វណ្ណាលីន កំពុងខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីត្រៀមប្រលងឆមាសលើកទី២ និងប្រលងថ្នាក់ជាតិដែលនឹងប្រព្រឹត្តិទៅក្នុងពេលឆាប់ៗនេះ។
ជាកូនពៅក្នុងចំណោមបងប្អូនពីរនាក់ឪពុក វណ្ណាលីន ជាជាងជួលជុលរថយន្ត ម្ដាយជាស្ត្រីមេផ្ទះ បានរម្លឹកដល់គ្រាទទួលបានជយលាភីលេខ១ទូទាំងប្រទេសថា ជាអ្វីដែលខ្លួនមិននឹកស្មានដល់ ហើយលោកគ្រូ-អ្នកគ្រូ ព្រមទាំងឪពុកម្ដាយមានអារម្មណ៍ត្រេកអរជាខ្លាំង។
វណ្ណាលីន រៀបរាប់ទៀតថា ដើម្បីប្រជែងបានចំណាត់ថ្នាក់លេខ១ ផ្នែកគណិតវិទ្យា យើងត្រូវព្យាយាមដោយខ្លួនឯង ការណែនាំ និងការបង្ហាត់បង្ហាញរបស់លោកគ្រូ-អ្នកគ្រូតែមួយមុខមិនអាចជួយយើងបានឡើយ។ យើងត្រូវធ្វើលំហាត់ឱ្យបានច្រើន កាលណាធ្វើលំហាត់បានច្រើនយើងនឹងអាចដឹងពីគន្លឹះលំហាត់នីមួយៗ ការខិតខំស្រាវជ្រាវរកលំហាត់ចាស់ៗមកអនុវត្ត ដែលការស្រាវជ្រាវនេះយើងអាចប្រើប្រព័ន្ធអ៊ីនធឺណិត ត្រូវចេះកត់ត្រានូវចំណុចសំខាន់ទុកជាការចំណាំ និងត្រូវមានទំនាក់ទំនងល្អជាមួយសិស្សច្បង ព្រោះអ្នកទាំងនោះនឹងអាចមានបទពិសោធន៍ល្អៗ សម្រាប់យើងយកមកអនុវត្ត។
ទោះខ្លួនចូលចិត្តគណិតវិទ្យាមែនពិត ប៉ុន្តែមុខវិជ្ជាដទៃទៀតក៏មិនបោះបង់ចោលនោះដែរ។ វណ្ណាលីន បានបែងចែកពេលវេលាសិក្សាយ៉ាងត្រឹមត្រូវ និងអាចរក្សាចំណាត់ថ្នាក់លេខ១ និងលេខ២ ប្រចាំខែ និងឆមាស។ "ខ្ញុំបានចែកពេលវេលារៀន ចន្លោះពីមួយម៉ោងកន្លះទៅ ២ម៉ោង នៅពេលយប់ និងពេលព្រឹកលើមុខវិជ្ជាផេ្សងៗគ្នា”។
ទៅថ្ងៃអនាគត វណ្ណាលីន មិនទាន់ដឹងថាចាប់យកមុខជំនាញណាមួយនៅឡើយទេ ប៉ុន្តែឪពុកម្តាយចង់ឱ្យចាប់យកមុខវិជ្ជាពេទ្យ ព្រោះជំនាញនេះអាចដឹងជួយអ្នកដទៃទៀតក្នុងសហគមន៍ ពីរបៀបថែរក្សា និងព្យាបាលសុខភាព៕
ចុចអានអត្ថបទ៖យុវជនបីក្រុមទទួលបានជយលាភីល្អបំផុត ពីការប្រកួតប្រជែងផែនការអាជីវកម្មថ្នាក់ជាតិ
អត្ថបទ៖មៃ សុខលីម