កីឡាករ​ណា​ខ្លះ​ជា​មិត្ត​ល្អ​នឹង​គ្នា​ក្នុង​ពិភព​បាល់ទាត់ ?

  • 2015-06-05 13:15:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិត​តែ​នៅ​ក្នុង​ក្រុម​មួយ​មាន​កីឡាករ​មក​ពី​ប្រទេស​ផ្សេង​ៗ​គ្នា​ច្រើន​មែន ប៉ុន្តែ​ការ​ដែល​បាន​លេង ​និង​ហ្វឹកហាត់​ជាមួយ​គ្នា​រាល់​ថ្ងៃ ​ក៏​អាច​ធ្វើ​ឱ្យ​ពួកគេ​ចេះ​ស្រលាញ់​រាប់​អាន​គ្នា​ដូច​ជា​បង​ប្អូន​បង្កើត​ដែរ។ តួ​យ៉ាង​ដូច​ជា​កីឡាករ Cristiano Ronaldo ​និង​ Marcelo ​របស់​ក្រុម Real Madrid ​អីចឹង​ ពួកគេ​គឺ​ជា​មិត្ត​ល្អ​នឹង​គ្នា​ទាំង​លើ​ទីលាន​ប្រកួត ​និង​នៅ​ខាង​ក្រៅទីលាន​ ​ហើយ​មិន​មែន​មាន​តែ​​២​នាក់​នេះ​ទេ ដែល​បង្កើត​មិត្តភាព​បាន​ដូច្នេះ​នោះ ពោល​គឺ​មាន​ច្រើន​ទៀត​ក៏​បាន​ក្លាយ​ជា​មិត្ត​ល្អ​នឹង​គ្នា​ពេល​​មក​លេង​ក្នុង​ក្រុម​តែ​មួយដែរ។

 

ចង់​ដឹង​ថា​កីឡាករ​ណា​ខ្លះ​បង្កើត​មិត្តភាព​អំឡុង​ពេល​ពួកគេ​មក​លេង​ក្នុង​ក្លិប​ជាមួយ​គ្នា​នោះ សូម​មើល​ខាង​ក្រោម​នេះ​ជាមួយ Sabay ​ទាំង​អស់​គ្នា៖

 

១. Cristiano Ronaldo ​និង​ Marcelo

 

 

Cristiano Ronaldo ​និង​ Marcelo ​ចាប់​ផ្ដើម​លេង​ស៊ី​ចង្វាក់ ​និង​រាប់​អាន​គ្នា​ដូច​ជា​បង​ប្អូន​បង្កើត​ចាប់​តាំង​ពី​ឆ្នាំ​២០១១​មក។ ដូច​ដែល​ប្រិយមិត្ត​បាន​ឃើញ​ហើយ ឱ្យ​តែ​ពេល Ronaldo ​ស៊ុត​ចូល​ម្ដង​ៗ ពួកគេ​ទាំង​ពីរ​នាក់​នេះ​តែងតែ​អបអរ​ដោយ​ប្រើ​ក្បាច់​ដូច​គ្នា​ផង​ដែរ។

 

២. Marco Reus និង​ Mario Gotze

 

 

កីឡាករ​ជម្រើស​ជាតិ​អាល្លឺម៉ង់​ទាំង​ពីរ​នាក់​នេះ​ លេង​ស៊ី​ចង្វាក់​គ្នា​ណាស់​ហើយ​ក៏​រាប់​អាន​គ្នា​ដូច​ជា​បងប្អូន​បង្កើត​ផង​ដែរ អំឡុង​ពេល​លេង​នៅ​ក្រុម Borussia Dortmund ។ ត្បិត​តែ​ពេល​នេះ Gotze ​ផ្លាស់​ទៅ Bayern Munich ​ចោល​ Reus ​មែន ប៉ុន្តែ​ទាំង​ពីរ​នាក់​នេះ​នៅ​តែ​រក្សា​មិត្តភាព​បាន​ល្អ​ដដែល ពោល​គឺ​មាន​ពេល​ទំនេរ​ពួកគេ​តែងតែ​នាំ​គ្នា​ទៅ​ដើរ​លេង​ជានិច្ច។

 

៣. Xabi Alonso និង Steven Gerrard

 

 

Xabi Alonso និង Steven Gerrard ​កាល​លេង​នៅ Liverpool ​ជាមួយ​គ្នា ពួកគេ​ស្និទ្ធស្នាល​ និង​លេង​សហការ​គ្នា​បាន​ល្អ​ណាស់ រហូត​អាច​ជួយ​ក្រុម​ហង្ស​ក្រហម​លើក​ពាន Champions League ​បាន​ទៀត​ផង។ ត្បិត​តែ​ពេល​នេះ Alonso ​ទៅ​លេង​នៅ Real Madrid និង Bayern Munich ​មែន ប៉ុន្តែ​នៅ​ថ្ងៃ​ចុង​ក្រោយ​របស់ Gerrard ​នៅ Liverpool ​រូប​គេ​ក៏​បាន​មក​ចូល​រួម​ដែរ។

 

៤. Zlatan Ibrahimovic ​និង​ Maxwell Scherrer

 

 

Zlatan Ibrahimovic ​និង​ Maxwell Scherrer ​គឺ​ជា​មិត្ត​ល្អ​និង​គ្នា​តាំង​ពី​ពួកគេ​នៅ​លេង​ឱ្យ​ក្លិប Ajax ​របស់​ប្រទេស​ហុល្លង់​ម្ល៉េះ។ ហើយ​ពេល Zlatan ​មក​ផ្លាស់​ទៅ​លេង​ឱ្យ Inter Milan និង Barcelona ​ក៏ Maxwell Scherrer​ មាន​វត្តមាន​នៅ​ទី​នោះ​ដែរ។ ពួកគេ​ទាំង​ពីរ​នាក់​នេះ ផ្លាស់​មក​លេង​នៅ PSG ​ក្នុង​ឆ្នាំ​២០១២​ដូច​គ្នា​ហើយ​ក៏​មាន​វ័យ​៣៣​ឆ្នាំ​ដូច​គ្នា​ដែរ។

 

៥. Sergio Ramos ​និង​ Mesut Ozil

 

 

Sergio Ramos ​និង​ Mesut Ozil ​ម្នាក់​ជា​ជនជាតិ​អេស្ប៉ាញ​ និង​ម្នាក់​ទៀត​ជា​ជនជាតិ​អាល្លឺម៉ង់ ប៉ុន្តែ​ពួកគេ​រាប់​អាន​គ្នា​ស្និទ្ធស្នាល​ណាស់​អំឡុង​ពេល​លេង​នៅ​ក្រុម Real Madrid ​ជា​មួយ​គ្នា។ អំឡុង​ពេល Ozil ​ផ្លាស់​ទៅ​ Arsenal ​ខ្សែ​ការពារ Ramos ​ក៏​និយាយ​ពាក្យ​សោកស្ដាយ​សម្រាប់​ការ​ចាកចេញ​របស់​ខ្សែ​បម្រើ​រូប​នេះ​ដែរ។

 

៦. Cesc Fabregas ​និង​ Gerard Pique

 

 

Cesc Fabregas ​និង​ Gerard Pique ​ធ្លាប់​លេង​ជាមួយ​គ្នា​ទាំង​ក្នុង​ឈុត​ជម្រើស​ជាតិ​អេស្ប៉ាញ​ និង​នៅ​ក្រុម Barcelona ។ អ្នក​ទាំង​ពីរ​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​រាប់​អាន​គ្នា​ខ្លាំង​ណាស់ ត្បិត​អី​ពេល​នេះ Fabregas ​មក​លេង​ឱ្យ Chelsea ​នៅ​អង់គ្លេស​ក្ដី ក៏​ពេល​ទំនេរ​ពួកគេ​ណាត់​គ្នា​នាំ​ក្រុម​គ្រួសារ​ទៅ​ដើរ​លេង​ដែរ។

 

៧. Lionel Messi ​និង​ Jose Manuel Pinto

 

 

Lionel Messi ​និង​ Jose Manuel Pinto ​ជា​មិត្ត​ល្អ​និង​គ្នា​តាំង​ពី​ពេល​អ្នក​ចាំ​ទី​រូប​នេះ​មក​លេង​ឱ្យ Barcelona ​នៅ​ឆ្នាំ​២០០៨។ ត្បិត​តែ​ម្នាក់​ជា​ជនជាតិ​អាហ្សង់ទីន​ និង​ម្នាក់​ទៀត​ជា​ជន​ជាតិ​អេស្ប៉ាញ​មែន តែ​ពួកគេ​ចូល​ចិត្ត​និយាយ​គ្នា​លេង​ណាស់។

 

៨. Olivier Giroud ​និង​ Laurent Koscielny

 

 

Olivier Giroud ​និង​ Laurent Koscielny មិន​ត្រឹម​តែ​លេង​នៅ​ក្រុម Arsenal ​ជាមួយ​គ្នា​ទេ ពួកគេ​ក៏​ជា​មិត្ត​រួម​ក្រុម​ក្នុង​ជម្រើស​ជាតិ​បារាំង​ផង​ដែរ។ ឆ្នាំ​ដែល​គេ​កត់​សម្គាល់​ថា អ្នក​ទាំង​ពីរ​ស្និទ្ធស្នាល​គ្នា​ខ្លាំង​នោះ​គឺ​អំឡុង​ឆ្នាំ​២០១២។

 

៩. Thiago Silva និង​ David Luiz

 

 

Thiago Silva និង​ David Luiz ​ជា​មិត្ត​ល្អ​និង​គ្នា​តាំង​ពី​តូច ដោយ​មាន​សំណាង ​និង​ទេពកោសល្យ​ដូច​គ្នា​ពួកគេ​ក៏​បាន​មក​លេង​នៅ​ក្លិប​អាជីព PSG ​ជា​មួយ​គ្នា​ទៀត​នា​ពេល​បច្ចុប្បន្ន​នេះ។

 

ចុចអាន៖Maradona ​ថា​អ្នក​ចាំ​ទី​ទាំង​អស់​ខ្លាច Ronaldo ​ជាង Messi

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖feedend