Maradona ​ថា​អ្នក​ចាំ​ទី​ទាំង​អស់​ខ្លាច Ronaldo ​ជាង Messi

  • 2015-05-12 15:55:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីរបុរស​បាល់ទាត់​អាហ្សង់ទីន Diego Maradona ​ជឿជាក់​ថា​អ្នក​ចាំ​ទី​ទាំង​អស់​ភ័យ​ខ្លាច​ទម្ងន់​ជើង​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​ជាង​ Lionel Messi ព្រោះ​កីឡាករ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​រូប​នេះ​អាច​ទាត់​បាល់​ពី​ចម្ងាយ​បាន​ខ្លាំង​ជាង​កីឡាករ​អាហ្សង់ទីន។

 

 

អតីត​ខ្សែ​ប្រយុទ្ធ​មុត​ស្រួច Diego Maradona ​បាន​និយាយ​ពី​ម្សិលមិញ​នេះ​ថា កីឡាករ Ronaldo ​និង Messi ​មាន​សមត្ថភាព​ប្រហាក់ប្រហែល​គ្នា ប៉ុន្តែ​បើ​និយាយ​ឱ្យ​ច្បាស់​ទៅ​គឺ​អ្នក​ចាំ​ទី​ភាគ​ច្រើន​ខ្លាច​កីឡាករ Real Madrid ​រូប​នេះ​ជាង​កីឡាករ Barcelona ។ "បើ​និយាយ​ដោយ​ស្មោះ​ត្រង់​ទៅ​គឺ​អ្នក​ចាំទី​ខ្លាច Ronaldo ​ជាង Messi។ Ronaldo ​អាច​ទាត់​បាល់​ពី​ចម្ងាយ​បាន​ខ្លាំង​ហើយ​ស្រួច​ទៀត​ផង ប៉ុន្តែ​ Messi ​វិញ​អាច​ទាត់​ស្រួច​ដូច​គ្នា តែ​មិន​ដល់ Ronaldo ​ទេ។ Cristiano ​គឺ​ជា​កីឡាករ​មាន​បច្ចេកទេស​ខ្ពស់ ហើយ​ពេល​គាត់​កំពុង​តែ​ឡើង​ដល់​ចំណុច​កំពូល​ហើយ។ ត្បិត​តែ​ខ្ញុំ​និយាយ​ដូច្នេះ ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា​នរណា​ល្អ​ជាង​នរណា​នោះ​ទេ។ ពួកគេ​មាន​សមត្ថភាព​ដូច​តែ​គ្នា”។ បុរស​៥៤​ឆ្នាំ​បាន​បញ្ជាក់​បន្ថែម។

 

 

ក្នុង​ក្របខ័ណ្ឌ La Liga ​រដូវ​កាល​នេះ ខ្សែ​ប្រយុទ្ធ​វ័យ​៣០​ឆ្នាំ​របស់​ក្រុម​យក្ស Real Madrid ​រក​បាន​គ្រាប់​បាល់​៤២​គ្រាប់​ហើយ ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ​វ័យ​២៧​ឆ្នាំ​របស់ Barca ​វិញ​រក​បាន​៤០​គ្រាប់​ដែរ។ បើ​និយាយ​នៅ​ពាន​រង្វាន់​កំពូល​ប្រចាំ​ទ្វីប​អឺរ៉ុប​ UEFA Champions League ​វិញ ម្ចាស់​ពាន​រង្វាន់ Ballon d'Or ​៣​សម័យ​រក​គ្រាប់​បាល់​បាន​៧៦​គ្រាប់ រីឯ​ម្ចាស់​ពាន Ballon d'Or ​៤​សម័យ​វិញ​រក​បាន​៧៧​គ្រាប់​៕

 

ចុចអាន៖ Arsenal ចាញ់​ Swansea ក្នុង​ដី​ខ្លួន​ឯង​ ១-០ ​មិន​អាច​ដណ្ដើម​លេខ​២

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ bleacherreport

អត្ថបទថ្មី