ជំងឺសាហាវថ្មីនៅកូរ៉េ គ្មានថ្នាំព្យាបាលឆក់យកជីវិតមនុស្សទី៤
- 2015-06-05 15:56:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជំងឺសាហាវថ្មីនៅកូរ៉េ គ្មានថ្នាំព្យាបាលឆក់យកជីវិតមនុស្សទី៤
ចន្លោះមិនឃើញ
ជំងឺផ្លូវដង្ហើម MERS បានឆក់យកជីវិតមនុស្សទី៤ នៅកូរ៉េខាងត្បូង បន្ទាប់ពីរីករាលដាលយ៉ាងឆាប់រហ័សកាលពីចុងខែឧសភា។ នេះគឺជាការផ្ទុះឡើងខ្លាំងបំផុតនៅក្រៅអារ៉ាប៊ីសាអ៊ូឌីត ដែលជាប្រទេសរងការវាយប្រហារដំបូងគេ។
ក្រៅពីចំនួនអ្នកស្លាប់ នៅមានមនុស្ស ៦នាក់ បន្ថែមទៀត ដែលបានឆ្លងជំងឺនេះ នាំឲ្យអ្នកមានផ្ទុកមេរោគ MERS កើនឡើងរហូតដល់ ៤១នាក់។ នេះបើតាមការបញ្ជាក់របស់លោក Michael Osterholm ដែលជាប្រធានមជ្ឈមណ្ឌលគោលនយោបាយ និងស្រាវជ្រាវជំងឺឆ្លង នៃសាកលវិទ្យាល័យ Minnesota។
ប្រទេសកូរ៉េខាងត្បូង បានដាក់មនុស្សជាង ១៦០០នាក់ ឲ្យនៅដាច់ឆ្ងាយពីគេកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដើម្បីធ្វើការតាមដានសុខភាព បន្ទាប់ពីពួកគេជាប់ពាក់ព័ន្ធជាមួយអ្នកជំងឺ។ ក្រៅពីនេះ អាជ្ញាធរ បានបង្ខំចិត្តបិទទ្វារសាលារាប់រយ ដើម្បីទប់ស្កាត់ការរីករាលដាល។ ទោះយ៉ាងណា ប្រជាជនជាច្រើនបាននាំគ្នាតវ៉ា ដោយចោទប្រកាន់ថារដ្ឋាភិបាលធ្វើការងារយឺតចំពោះការទប់ស្កាត់ជំងឺថ្មីនេះ។
ជំងឺផ្លូវដង្ហើម MERS មានពាក្យពេញ “Middle East Respiratory Syndrome” មានន័យថា “មេរោគផ្លូវដង្ហើមមជ្ឈិមបូព៌ា” ដែលផ្ទុះឡើងដំបូងក្នុងឆ្នាំ២០១២ នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងឆក់យកជីវិតមនុស្សទូទាំងពិភពលោកអស់ជាង ៤០០នាក់។
រោគសញ្ញានៃមេរោគ MERS គឺ ក្អក គ្រុន មានដង្ហើមខ្លីៗ ព្រមទាំងអាចឈានទៅដល់ការរលាកសួត និងខូចក្រលៀន។ មេរោគកំណាចនេះ អាចរីករាលដាលបានយ៉ាងស្រួលនៅក្នុងមន្ទីរពេទ្យ ហើយហានិភ័យនៃការឆ្លងមេរោគកាន់តែឆាប់រហ័ស នៅពេលអ្នកជំងឺចាប់ផ្ដើមចុះខ្សោយ និងក្អកកាន់តែច្រើន។ បច្ចុប្បន្ន ពុំមានថ្នាំព្យាបាល ឬវ៉ាក់សាំងការពារជំងឺផ្លូវដង្ហើម MERS ទេ៕
ចុចអាន៖ ជំងឺប្រភេទថ្មីគ្មានថ្នាំព្យាបាលកំពុងរីករាលដាលនៅកូរ៉េ
ប្រែសម្រួល៖ គង់ វិសាល ប្រភព៖ usatoday