មូន ម៉ារ៉ា បញ្ជាក់ជំហរថាអាចវិលមកច្រៀងវិញ
- 2015-06-05 16:42:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មូន ម៉ារ៉ា បញ្ជាក់ជំហរថាអាចវិលមកច្រៀងវិញ
ចន្លោះមិនឃើញ
អតីតតារាចម្រៀងសំឡេងស្រទន់ មូន ម៉ារ៉ា ដែលបាត់មុខច្រើនឆ្នាំបានបង្ហាញមុខវិញដើមឆ្នាំ ២០១៥នេះ តែមិនជាតារាចម្រៀងដូចមុនទេ គឺធ្វើជាអ្នកផលិតកម្មវិធី និងដឹកនាំថតស្ប៉តពាណិជ្ជកម្មនានាឲ្យផលិតកម្មហង្សមាស។ យ៉ាងណា លោក អះអាងថា នៅតែអាចច្រៀងបាន និងអាចវិលមកច្រៀងវិញប្រសិនបើចាំបាច់។
“បាទ...មានអីនៅតែអាចច្រៀងបានតើ!"។ មូន ម៉ារ៉ា បញ្ជាក់យ៉ាងខ្លីប្រាប់ Sabay ក្នុងគ្រាកន្លងមក អំឡុងពេលលោកបានលេចមុខវិញក្រោយអវត្តមានច្រើនឆ្នាំ។ នេះក៏ជាការឆ្លើយតបទៅនឹងប្រិយមិត្ត ក៏ដូចជាអ្នកគាំទ្រមួយចំនួនដែលចង់ឲ្យតារាចម្រៀងរូបនេះ វិលមកកាន់អាជីពចាស់វិញដែរ។
បើទោះជាបង្ហើបពីការដែលលោកនៅតែអាចច្រៀងបាន ប៉ុន្តែម្ចាស់បទ "កាដូគ្មានន័យ" រូបនេះ មិនបានបញ្ជាក់ច្បាស់លាស់ថា ពិតជាវិលវិញ ឬវិលវិញពេលណាឡើយ។ លោកថា បច្ចុប្បន្នលោកកំពុងមមាញឹកនឹងការងារផលិតកម្ម និងដឹកនាំថតស្ប៉តពាណិជ្ជកម្មនានា។ ម្យ៉ាង ក៏ចាំមើល ថាតើមានការចង់ឲ្យលោកវិលមកច្រៀងវិញកម្រិតណាដែរ។
“ច្រៀងនៅតែច្រៀងបាន បើទោះខានច្រើនឆ្នាំ ប៉ុន្តែក៏ត្រូវចាំមើលថា អ្នកគាំទ្រគាត់ចង់ឲ្យយើងច្រៀងវិញប៉ុណ្ណាដែរណា(សើច)”។ មូន ម៉ារ៉ា ថ្លែង។
មូន ម៉ារ៉ា និងភរិយា ក្នុងថ្ងៃកាត់ចំណងដៃនៅរាជធានីភ្នំពេញ ក្រោយអាពាហ៍ពិពាហ៍នៅខេត្តព្រះសីហនុ
មូន ម៉ារ៉ា ធ្លាប់បានសាងកេរ្តិ៍ឈ្មោះតាមរយៈបទចម្រៀងជាច្រើនមានដូចជា “សូលីដា” “អូនទៅភ្នំពេញ” “កាដូឥតន័យ” “ខ្វេះភ្នែកបងទៅ” “បងជាបន្លាក្នុងទ្រូងអូន” ជាដើម។ បន្ទាប់ពីដកខ្លួនដោយមិនបញ្ជាក់មូលហេតុប្រមាណ១០ឆ្នាំ អតីតតារាចម្រៀងរូបនេះ ប្រាប់ថាលោកបានប្រកបការងារផ្ទាល់ខ្លួន។ ការងារនោះ លោកថា ដូចនឹងការងារដែលលោកទើបចូលធ្វើឲ្យហង្សមាសនាពេលថ្មីៗនេះដែរ៕
អត្ថបទ៖ ដឹងទេប្រិយមិត្ត...លោក មូន ម៉ារ៉ា វិលវិញហើយណា!!!
ឥឡូវដល់ប្រិយមិត្តវិញហើយ នរណាចង់ឲ្យគាត់មកច្រៀងវិញខ្លះ?
អត្ថបទ៖ ទារិកា