និ​ស្សិត​​ខ្មែរ​​រៀន​​នៅ​​កូ​រ៉េ ខ្លាច​​ជំ​ងឺ​​ថ្មី​ MERS គ្មាន​​ថ្នាំ​​ព្យា​​បាល តែ​​មិនអាច​​​វិល​​មក​​ខ្មែរ​​វិញ

  • 2015-06-05 17:26:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មេរោគ MERS ជំងឺ​ប្រភេទ​ថ្មី​គ្មាន​ថ្នាំ​ព្យាបាល​​កំពុង​វាយ​ប្រហារ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ធ្វើ​ឲ្យ​មនុស្ស​៤​នាក់​បាន​ស្លាប់​រួច​ហើយ បង្ក​ឲ្យ​ប្រជាជន​កូរ៉េ​ទាំង​អស់​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង។ និស្សិត​ខ្មែរ​ដែល​រៀន​នៅ​កូរ៉េ​ក៏​មាន​ការ​ភ័យ​ខ្លាច​ខ្លាំង​ដែរ ប៉ុន្តែ​ពួក​គេ​ថា​ ទោះ​ជំងឺ​នេះ​កំពុង​រាតត្បាត​យ៉ាង​សាហាវ​ក៏​ដោយ ក៏​ពួក​គេ​នៅ​តែ​មិន​អាច​វិល​ត្រលប់​មក​កម្ពុជា​បាន​នោះ​ដែរ។

 

“ខ្ញុំ​ពិត​ជា​ខ្លាច​ខ្លាំង​មែន បន្ទាប់​ពី​សារព័ត៌មាន​ជា​ច្រើន​បាន​ផ្សាយ​ថា វា​នឹង​អាច​រីក​រាល​ដាល​កាន់​តែ​ខ្លាំង​ឡើង​ៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ហើយ​ជំងឺ​នេះ​ឆាប់​ឆ្លង​ពី​គ្នា​ណាស់។ មាន​ពេល​ខ្លះ​ខ្ញុំ​ចង់​វិល​ទៅ​ខ្មែរ​វិញ តែ​ខ្ញុំ​មិន​អាច​ធ្វើ​បាន​ទេ ព្រោះ​ខ្ញុំ​រៀន​ឆ្នាំ​ទី​៤​នៅ​ទី​នេះ​ហើយ។ ម្យ៉ាង​ទៀត​​ខ្ញុំ​ត្រូវ​​ប្រលង​បញ្ចប់​នៅ អាទិត្យ​ក្រោយ​ទៀត"។ នេះ​បើ​តាម កញ្ញា​ ស៊ៀប សុ​ម៉ា​លី និស្សិត​អាហារូបករណ៍​សិក្សា​នៅ​កូរ៉េ ប្រាប់ Sabay។

 

 

 

 

និស្សិត​ជំនាញ​វិស្វកម្ម​ស្ថាបត្យកម្ម ឆ្នាំ​ទី​៤ បន្ត​ថា​ ចំពោះ​តំបន់​ Incheon ដែល​កញ្ញារស់​នៅជំងឺ​នេះ​មិន​ទាន់​រាតត្បាត​ដល់​នៅ​ឡើយទេ ដូច្នេះ​ហើយ​អ្នក​រស់​នៅ​កូរ៉េ​មួយ​ចំនួន​ពាក់​ម៉ាស តែ​ខ្លះ​មិន​ពាក់​ឡើយ។ តែ​កញ្ញា ជឿ​ជាក់​ថា មិន​យូរ​ទេ ពួក​គេ​នឹង​ពាក់​ទាំង​អស់​គ្នា​មិន​ខាន។

 

ចំពោះ ញឹម ចន្ទបុរី និស្សិត​ម្នាក់​ទៀត​រៀន​នៅ​កូរ៉េ ក៏​ភ័យ​ខ្លាច​នឹង​ជំងឺ​ថ្មី​ដែល​ឆ្លង​តាម​ផ្លូវ​ដង្ហើម​នេះ​ដែរ ។ "មេរោគ​នេះ​រីក​រាលដាល​លឿន​ណាស់​ មនុស្ស​ជា​ច្រើន​ចាប់​ផ្ដើម​ពាក់​ម៉ាស​នៅ​ពេល​ចេញ​ក្រៅ។ ម្នាក់​ៗ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ដោយ​សារ​វា​នៅ​មិន​ទាន់​មាន​ថ្នាំ​ព្យាបាល ហើយ​សម្លាប់​មនុស្ស​អស់​៤​នាក់​យ៉ាង​ឆាប់​រហ័ស"។​

 

យុវជន​ដែល​មាន​ស្រុក​កំណើត​នៅ​ភ្នំពេញ កំពុង​បន្ត​ការ​សិក្សា​​ផ្នែក​ព័ត៌មានវិទ្យា​នៅ​ប្រទេស​កូរ៉េ​ បន្ត​ថា ដោយ​សារ​តែ​មេរោគ​នេះ​កាច​សាហាវ​ពេក ក្រុម​គ្រួសារ​​លោក ព្រួយ​បារម្ភ​និង​ទទូច​ចង់​ឲ្យ​ត្រលប់​មក​ខ្មែរ​វិញ​ ប៉ុន្តែ​ខ្លួន​ពិត​ជា​មិន​ទាន់​អាច​វិល​មក​ស្រុក​ខ្មែរ​បាន​ទេ ដោយសារ​ជាប់​រៀន​សូត្រ​នៅ​ទី​នេះ។

 

 

 

 

មេរោគ (MERS) មាន​ពាក្យ​ពេញ “Middle East Respiratory Syndrome” មាន​ន័យ​ថា “មេរោគ​ផ្លូវ​ដង្ហើម​មជ្ឈឹម​បូព៌ា”។ មេរោគ​ដ៏​កំណាច​ដោយសារ​គ្មាន​ថ្នាំ​ព្យាបាល​នេះ មាន​ប្រភព​ផ្ទុះ​ឡើង​ដំបូង​នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។ ចំណែក​​នៅ​ប្រទេស​កូរ៉េខាងត្បូង​នេះ​វិញ បាន​ឆក់​យក​ជីវិត​មនុស្ស​៤នាក់ បន្ទាប់​ពី​រីក​រាលដាល​យ៉ាង​ឆាប់​រហ័ស​កាល​ពី​ចុង​ខែ​ឧសភា៕

 

 

សូមអាន ៖​ ជំងឺ​សាហាវ​​ថ្មី​នៅ​កូរ៉េ ​គ្មាន​ថ្នាំ​ព្យាបាល​ឆក់​យក​ជីវិត​មនុស្ស​ទី៤

សូមអាន៖​​  ជំងឺ​ប្រភេទ​ថ្មី​គ្មាន​ថ្នាំ​ព្យាបាល​កំពុង​រីក​រាល​ដាល​នៅ​កូរ៉េ

 

អត្ថបទ៖ លឹម សុ​នា

អត្ថបទថ្មី