UP ចំណាយជាងកន្លះលាន លើបន្ទប់ពិសោធន៍និងគ្លីនិកទន្តសាស្ត្រ
- 2015-06-05 22:02:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
UP ចំណាយជាងកន្លះលាន លើបន្ទប់ពិសោធន៍និងគ្លីនិកទន្តសាស្ត្រ
ចន្លោះមិនឃើញ
ដើម្បីបំពេញតម្រូវការរបស់និស្សិត ដែលកំពុងសិក្សាផ្នែកមហាវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាលរបស់ខ្លួន សាកលវិទ្យាល័យពុទ្ធិសាស្ត្រ បានបង្កើតនូវបន្ទប់ពិសោធន៍ ផ្នែកវេជ្ជសាស្ត្រ ផ្នែកឱសថសាស្ត្រ និងគ្លីនិកទន្តសាស្ត្រ ដោយចំណាយទឹកប្រាក់អស់ប្រហែល៦០ម៉ឺនដុល្លារអាមេរិក។
ឯកឧត្ដម ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល
ក្នុងកម្មវិធីសម្ពោធដាក់ឱ្យដំណើរមន្ទីរពិសោធន៍និងគ្លីនិក នៅថ្ងៃទី៥ ខែឧសភា ក្រោមអធិបតីភាព របស់ឯកឧត្ដម ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល ព្រឹកមិញនេះ លោក សុខ ពុទ្ធិវុធ សកលវិទ្យាធិការ សាកលវិទ្យាល័យពុទ្ធិសាស្ត្រ បានថ្លែងថា បន្ទប់ពិសោធន៍ដែលបើកសម្ពោធ ទាំងអស់មាន៧បន្ទប់ ដោយមាន២បន្ទប់ សម្រាប់ដេប៉ាដឺម៉ង់វេជ្ជសាស្ត្រ និង៥បន្ទប់ សម្រាប់ដេប៉ាដឺម៉ង់ឱសថសាស្ត្រ។
លោកបន្តថា គ្រប់បន្ទប់មានបំពាក់ទៅដោយបរិក្ខារទំនើបៗ គុណភាពខ្ពស់ នាំចូលពីជប៉ុន តៃវ៉ាន់ និងប្រទេសក្នុងតំបន់អឺរ៉ុបមួយចំនួនទៀត ដើម្បីឱ្យសិស្សអនុវត្ត។ បរិក្ខារទាំងនោះមានដូចជា មីក្រូស្កូប (Microscope) ម៉ានីកាំងគ្រប់ប្រភេទ (Manikins) ម៉ាស៊ីនខ្យល់ (Air Composer) ឧបករណ៍សម្លាប់មេរោគ (Autoclave) ម៉ាស៊ីនបឺតសារធាតុគីមី (Chemical Fume Hood) ម៉ាស៊ីនវេចខ្ចប់ថ្នាំ ម៉ាស៊ីនក្រឡុកថ្នាំ និងគ្រឿងបរិក្ខារទំនើបជាច្រើនទៀត ដែលសរុបជាទឹកប្រាក់ ជិត៣៥ម៉ឺនដុល្លារអាមេរិក។
https://www.youtube.com/watch?v=9iuHvJiqWvk
ចំណែកគ្លីនិកដែលផ្ដល់ការព្យាបាលជូនអ្នកជំងឺ ទន្តសាស្ត្រ ពុទ្ធិសាស្ត្រវិញ មានបំពាក់ដោយគ្រឿងបរិក្ខារម៉ាកល្បីៗលើពិភពលោកដូចជា កៅអីធ្មេញចំនួន១៥គ្រឿងរបស់ជប៉ុន ម៉ាស៊ីនបន្សុទ្ធទឹករបស់អាល្លឺម៉ង់ ម៉ាស៊ីនថត X-Ray របស់អ៊ីតាលី ប្រព័ន្ធកុំព្យូទ័រគ្រប់គ្រងគ្លីនិកទៀតសោត ដែលចំណាយអស់ជិត២៥ម៉ឺនដុល្លារអាមេរិក។
«ការបើកសម្ពោធដាក់ឱ្យប្រើប្រាស់នេះ ជាការបង្ហាញពីភាពរីកចំរើនមួយផ្នែកទៀតរបស់សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ក្នុងវិស័យអប់រំលើវិស័យសុខាភិបាលនៅកម្ពុជា»។ លោក សុខ ពុទ្ធិវុធ បញ្ជាក់បន្ថែម។
ជាមួយគ្នានោះដែរ ឯកឧត្ដម ធា គ្រុយ រដ្ឋលេខាធិការ នៃក្រសួងសុខាភិបាលថ្លែងថា ៖« ការបើកសាលាពេទ្យ មិនមែនជារឿងងាយស្រួលទេ ខ្ញុំត្រេកអរ និងមោទនភាព ចំពោះគណៈគ្រប់គ្រងសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ដែលតែងខិតខំអភិវឌ្ឍខ្លួនទាំងធនធានមនុស្ស និងធនធានរូបវន្ត ដើម្បីផ្ដល់ការអប់រំផ្នែកសុខាភិបាលប្រកបដោយគុណភាព»។
ឯកឧត្ដមមានប្រសាសន៍ទៀតថា ក្រសួងសុខាភិបាលកំពុងខិតខំយ៉ាងខ្លាំងក្នុងការដាក់ចេញ និងអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាព ក្នុងការលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា ដោយព្យាយាមកាត់បន្ថយភាពងាយរងគ្រោះ របស់ប្រជាពលរដ្ឋ ជាពិសេសជនក្រីក្រ ដោយបញ្ហាសុខភាព និងការឆ្លងជំងឺផ្សេងៗ៕
ចុចអាន៖ សិស្សឆ្នើមគណិតវិទ្យាទូទាំងប្រទេសថ្នាក់ទី៩ចែករំលែកបទពិសោធន៍ទទួលបានជយលាភី
អត្ថបទ៖ អ៊ុំ សុភក្តិ