លី ច័ន្ទសីហា ពន្យារ​ពេល​រៀប​ការ ព្រោះ​មិន​ទាន់​ដាច់ស្រេច

  • 2015-06-08 17:08:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឈរ​លើ​ហេតុផល​មមាញឹក​រៀង​ខ្លួន ធ្វើ​ឱ្យ លី ច័ន្ទសីហា សម្រេច​ចិត្ត​ពន្យារ​ពេល​រៀប​ការ​រហូត​ដល់​២​ឆ្នាំ​ក្រោយ ស្រប​ពេល​កំពុង​ស្វែង​យល់​ចិត្ត​គ្នា​ផង​ដែរ។

 

“ចំពោះ​រឿង​រៀប​ការ​មិន​ទាន់​ច្បាស់​ទេ ចង់​និយាយ​ថា មិន​ទាន់​ដាច់ស្រេច​សងខាង ហើយ​គាត់​ក៏​កំពុង​រវល់​នៅ​ក្នុង​ការ​សិក្សា​នៅ​ឡើយ"។ នាងបញ្ជាក់​មក​កាន់ Sabay ក្នុង​ពិធី​ខួប​កំណើត ម៉ាដូណា កន្លង​ទៅ។

 

 

អតីត​តារា​ទឹក​ភ្នែក​ខាង​លើ​បន្ត​ថា នាង​កំពុង​មមាញឹក​ក្នុង​ការងារ​សិល្បៈ និង​សម្អាងការ​នៅ​ឡើយ ខណៈ​បុរស​ជា​ម្ចាស់​ស្នេហ៍​ក៏​កំពុង​សិក្សា​នៅ​ក្រៅ​ប្រទេស ដែល​នៅ​សល់​រយៈ​ពេល​យូរ​ទៀត​ទើប​ចប់។ តារា​រូប​នេះ​បាន​អះអាង​ម្យ៉ាង​ទៀត​ថា អ្នក​ទាំង​ពីរ​នៅ​មិន​ទាន់​រៀប​ចំ​គោលដៅ​ជីវិត​ច្បាស់លាស់​នៅ​ឡើយ​ទេ។ នៅ​ពេល​ពួក​គេ​រៀបចំ​ជីវិត​បាន​ច្បាស់លាស់ ទើប​គិតគូរ​រឿង​រៀប​អាពាហ៍ពិពាហ៍ និង​សាង​សង្គម​គ្រួសារ​មួយ​។

 

តារា​រូប​នេះ​បន្ត​ថា នៅ​មិន​ទាន់​មើល​ចិត្ត​គ្នា​ច្បាស់​នៅ​ឡើយ​ទេ ដោយ​លើ​ហេតុផល​ថា សូម្បី​ប្ដី​ប្រពន្ធ​រៀបការ​រស់នៅ​ជាមួយ​គ្នា​យូរ​ឆ្នាំ ក៏​នៅ​តែ​មាន​បញ្ហា​មើល​ចិត្ត​គ្នា​មិន​ទាន់​ច្បាស់​ដែរ។ ម្ចាស់​សម្អាងការ លី ច័ន្ទសីហា រូប​នេះ​បាន​បញ្ជាក់​ថា៖"អឺ! ស្រលាញ់​គ្នា​បាន​និយាយ​គ្នា​ហើយ យើង​នឹង​ថយ​ម្នាក់​មួយ​ជំហាន ត្រូវ​ចេះ​អត់ឱន​គ្នា កុំ​ឱ្យ​មាន​បញ្ហា​បែកបាក់"។

 

អតីត​តារា​ទឹក​ភ្នែក​រូប​នេះ​បង្ហើប​ថា បុរស​គូ​ស្នេហ៍​ជា​មន្ត្រី​យោធា តែង​យក​ចិត្ត​ទុក​ដាក់​ព្រួយ​បារម្ភ​ចំពោះ​នាង ទោះ​បី​ជា​ពួក​គេ​​រស់​នៅ​ឆ្ងាយ​គ្នា​យ៉ាង​ណា​ក៏​ដោយ។ ជារឿយៗ​មន្ត្រី​យោធា​រូប​នោះ តែង​ស្នើ​ឱ្យ​នាង​ឈប់​ពី​សិល្បៈ ដោយ​ខ្លាច​មាន​ការ​នឿយ​ហត់ ខណៈ​ការងារ​សម្អាងការ​ក៏​មមាញឹក​ដូច​គ្នា​ដែរ។ ជាមួយ​គ្នា​នោះ​សាមី​ខ្លួន​ខាង​ស្រី​បញ្ជាក់​ថា ក៏​ចង់​សម្រាក​ពី​សិល្បៈ​ដែរ ដើម្បី​មាន​ពេល​វេលា​ផ្ទាល់​ខ្លួន​សម្រាប់​ក្រុម​គ្រួសារ៕

 

អាន​អត្ថបទ៖ នី មុនីនាថ មិន​ច្បាស់​រឿង​ស្នេហ៍​ជាមួយ​អាណិកជន

 

អាន​អត្ថបទ៖ តារា​ថៃ​៧​រូប​មាន​រាង​ទាក់ទាញ​ចិត្ត​នារី​ខ្លាំង​ជាង​គេ

 

 

 

អត្ថបទ៖ សំ ជំនាញ

អត្ថបទថ្មី