លក់កាហ្វេតាមរទេះកំពុងពេញនិយម ព្រោះអ្នកលក់ឃើញល្បិចអីចឹងតើ!
- 2015-06-12 16:18:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លក់កាហ្វេតាមរទេះកំពុងពេញនិយម ព្រោះអ្នកលក់ឃើញល្បិចអីចឹងតើ!
ចន្លោះមិនឃើញ
ប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញរទេះលក់កាហ្វេ មានការកើនឡើងយ៉ាងខ្លាំង។ ស្ទើរតែគ្រប់ច្រកល្ហក គេតែងឃើញរទេះឬរ៉ឺម៉កច្នៃជាតូបដាក់លក់កាហ្វេដោយចងព្យួរថង់ក្រដាស ហូរហែតាមផ្លូវសាធារណៈ ។ ទោះធ្វើដំណើរទៅណាមកណា ក៏ប្រទះជួបមិនដែលខាន ឃើញថាមុខរបរនេះ ហាក់ដូចជាកំពុងពេញនិយមយ៉ាងខ្លាំង។
តើមុខរបរនេះមានអ្វីពិសេស ទើបបានជាអាជីវករភាគច្រើនចាប់អារម្មណ៍បង្កើតការលក់កាហ្វេតាមរទេះនេះខ្លាំងម្ល៉េះ?
ជួបជាមួយសាស្ត្រាចារ្យនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច លោក ឡុង រដ្ឋា បានប្រាប់ថា មួយរយៈនេះលោកក៏កត់សម្គាល់ឃើញថា របរនេះហាក់ដូចជាមានការកើនឡើងពិតមែន គឺប្រទះឃើញជាញឹកញាប់លក់នៅតាមផ្លូវព្រោងព្រាត។
លោកបញ្ចេញយោបល់ថា៖ "ការកើនឡើងនេះអាចមកពីអ្នកលក់សម្លឹងឃើញថា អ្នកចូលចិត្តផឹកកាហ្វេមានចំនួនច្រើន គួបផ្សំមុខរបរនេះមើលទៅប្លែក មិនខុសពីការលក់ដូរទំនិញ២៥០០រៀលដែរ។ មួយវិញទៀត ចំណាយដើមទុនតិច ខុសពីបើកហាងកាហ្វេត្រូវជួលទីតាំងដែលមានតម្លៃថ្លៃ បុគ្គលិកនិងសម្ភារៈទំនើបជាច្រើន។ ដូច្នេះហើយអាជីវកម្មដែលមានភាពងាយស្រួល ទាក់ទាញ ចំណាយទុនតិចតែចំណូលច្រើន សុទ្ធតែជារបរដែលអាជីវករក៏ដូចជាសហគ្រិនទូទៅចូលចិត្ត"។
ចំពោះម្ចាស់អាជីវកម្មលក់កាហ្វេតាមរទេះនៅម្ដុំទួលទំពូង បានប្រាប់ Sabay ពីមូលហេតុថា មកពីពួកគេមើលឃើញពីឱកាសនៃការលក់នេះអាចមានអតិថិជនច្រើន ចំណាយដើមទុនតិច តែចំណូលមកវិញច្រើន បានដល់ទៅ ៣០០-៤០០ដុល្លារក្នុងមួយថ្ងៃ។ រីឯកន្លែងជួលទៀតសោតអស់ត្រឹម៥០-៦០ដុល្លារប៉ុណ្ណោះ។
លើសពីនេះ អាជីវកម្មបែបនេះមានផលចំណេញច្រើនក្នុងការស្រូបទាញអតិថិជនគ្រប់ស្រទាប់ ដែលផ្ទុយពីហាងកាហ្វេធំៗ អ្នកក្រគឺគាត់មិនហ៊ានចូលទិញឡើយ។ ម្យ៉ាងទៀត មុខរបរប្រភេទនេះ វាអាចជាការចាប់ផ្ដើមជួយរៀនសូត្រសម្រាប់អ្នកទើបចាប់រកស៊ីថ្មោងថ្មី ដែលមិនបង្កហានិភ័យខ្ពស់ប្រសិនបើចំណូលចូលទាប ។ ម្ចាស់អាជីវកម្មលក់កាហ្វេតាមរទេះនេះ ក៏យល់ថាសម័យនេះជាសម័យអីនធឺណេត ការប្រកបអាជីវកម្មក៏ត្រូវរត់តាមសម័យកាលដែរ គឺត្រូវរកអ្វីដែលថ្មី ទាក់ទាញ៕
សូមអាន ៖ ធ្វើការមិនសល់លុយបែកគំនិតលក់កាហ្វេ លុយហូរចូលស្រួល អត្ថបទ៖ លឹម សុនា