"ដេក​ជាមួយ​ខ្ញុំ​អត់ ១០០០ដុល្លារ?" ធ្វើ​ឲ្យ អេន យ៉ាដាវ ផ្ទុះ​កំហឹង

  • 2015-06-15 17:38:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាក្យ​មួយ​ឃ្លា "ដេក​ជាមួយ​ខ្ញុំ​អត់ ១០០០​ដុល្លារ" ដែល​ទំព័រ​បណ្ដាញ​សង្គម (Facebook Page) មួយ បាន​សរសេរ​ដោយ​ភ្ជាប់​ជាមួយ​រូប​ថត​របស់​តារា​សម្ដែង អេន យ៉ាដាវ ផង បាន​ធ្វើ​ឲ្យ​សាមី​ខ្លួន​ផ្ទុះ​កំហឹង។

 

 

“ប្រសិន​បើ​ពួក​គេ​មិន​បញ្ឈប់​សកម្មភាព​ទេ ខ្ញុំ​នឹង​ឲ្យ​វា​​ភ្លឺ​ភ្នែក​ម្ដង រឿង​ដល់​ប៉ុណ្ណេះ​ហើយ ខ្ញុំ​អត់​និយាយ​លែង​ទេ ហួស​ហេតុ​ដែល​សុខ​ៗ​ធ្វើ​ដូច្នេះ ក្រែង​​មាន​ម៉ែ​មាន​បង​ប្អូន​ជា​ស្រី​ដែរ​អ្ហី ម៉េច​ក៏​ថោក​ទាប​ម្ល៉េះ!”។ តារា​សម្ដែង អេន យ៉ាដាវ ប្រតិកម្ម ចំពោះ​ទំព័រ​បណ្ដាញ​សង្គម​មួយ ដែល​នាង​បាន​រក​ឃើញ​ថា បាន​យក​នាង​ទៅ​ដាក់​លក់​បម្រើ​សេវា​ផ្លូវ​ភេទ ១​យប់​១០០០ដុល្លារ។

 

ទំព័រ​បណ្ដាញ​សង្គម​មួយ​នោះ បាន​យក​រូប យ៉ាដាវ ទៅ​ដាក់​ហើយ​សរសេរ​សារ​ជា​ភាសា​អង់គ្លេស​ថា "Sleep with me ort 1000$?” ដែល​មាន​ន័យ​ថា "ដេក​ជាមួយ​ខ្ញុំ​ទេ ១០០០ដុល្លារ"។ តារា​ស្រី​ក្នុង​រឿង "ខ្ញុំ​ថា​ខូច ខូច​មែន" រូប​នេះ ប្រាប់​ទៀត​ថា នាង​ទើប​ទទួល​បាន​ព័ត៌មាន​ខាង​លើ​នេះ​ថ្មី​ៗ ក្រោយ​មាន​អ្នក​គាំទ្រ​នាង​ជា​ច្រើន បាន​ថត​ផ្ញើ​មក​ឲ្យ។

 

យ៉ាដាវ ថ្លែង​ទៀត​ថា "ខ្ញុំ​អត់​ដឹង​ខ្លួន​សោះ​ថា មាន​រឿង​នេះ ស្រាប់​តែ​អ្នក​គាំទ្រ​ផ្ញើ​មក​ឲ្យ...ហើយ​មិន​ដឹង​ថា​កើត​ឡើង​តាំង​ពី​ពេល​ណា...ខ្ញុំ​ខឹង​ខ្លាំង​ណាស់​បង ម៉ាក់​ខ្ញុំ​ក៏​ដូច​គ្នា ព្រោះ​ប៉ះពាល់​កិត្តិយស​ខ្លាំង​ណាស់ យើង​ជា​ស្រី ហើយ​មិន​មែន​តែ​ខ្ញុំ​ទេ គឺ​កិត្តិយស​ស្ត្រី​ខ្មែរ​ទាំង​មូល ពួក​ហ្នឹង អត់​មាន​ម្ដាយ​មាន​បង​ប្អូន​ជា​ស្រី​? ម៉េច​ធ្វើ​ទៅ​កើត។ អីចឹង​ខ្ញុំ​សូម​ផ្ដាំ​បើ​មិន​ចង់​មាន​រឿង​ទេ សូម​ដក​ចេញ​ឲ្យ​ឆាប់"។

 

 

រូបភាព៖ FB យ៉ាដាវ

 

នេះ​មិន​មែន​ជា​លើក​ទី​១​ទេ ដែល​សិល្បករ សិល្បការិនី​ខ្មែរ​បាន​ជួប​រឿង​នេះ ដោយ​ថ្មី​ៗ​នេះ បេនីយុំាង ក៏​បាន​ជួប​ប្រទះ​ដែរ។ ប៉ុន្តែ​បន្ទាប់​ពី​នាង​បាន​ព្រមាន​ធ្ងន់​ៗ សកម្មភាព​ទាំង​នោះ ក៏​បាន​ស្ងាត់​ទៅ​វិញ។

 

ក៏​ដូច​គ្នា​ដែរ យ៉ាដាវ ប្រាប់​ថា ជំហាន​ដំបូង​នេះ នាង​សូម​ព្រមាន​ជាមុន​សិន ប្រសិន​បើ​ទំព័រ​បណ្ដាញ​សង្គម​មួយ​នោះ មិន​បញ្ឈប់​ទេ នាង​ក៏​មិន​បញ្ឈប់​ដែរ នាង​នឹង​ពឹង​ស្ថាប័ន​មាន​សមត្ថកិច្ច​ឲ្យ​ជួយ៕

 

អត្ថបទ៖ បេនីយុំាង ព្រមាន​ធ្ងន់​ៗ​លើ​អ្នក​បង្ខូច​ឈ្មោះ​នាង

 

អត្ថបទ៖ ទារិកា