សម្ដែង​ជិត​ ៣០ ឆ្នាំ ទេព រិនដារ៉ូ ថា កុន​ពី​មុន​សុទ្ធ​តែ​មាន​ស្តង់ដារ

  • 2015-06-17 15:27:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ទេព រិនដារ៉ូ បង្ហើប​ថា លោក​ចូលចិត្ត​ភាពយន្ត​ណា ដែល​ផលិត​ឡើង​មាន​លក្ខណៈ​ស្តង់ដារ និង​ គោរព​តាម​វេយ្យាករណ៍​របស់​កុន​បាន​ត្រឹម​ត្រូវ ហើយ​ភាគ​ច្រើន​ផលិត​ឡើង​ពី​​មុន។

 

“បង​ប្អូន​ខ្មែរ​ធ្លាប់​គាំទ្រ​រឿង​ពី​មុន សុទ្ធសឹងតែ​ជា​ប្រភេទ​រឿង​មាន​ស្តង់ដារ ទើប​តែ​មួយ​រយៈ​ក្រោយ​មាន​ការ​ផលិត​ ប្រឡាំប្រកូវ ធ្វើ​ឱ្យ​បាត់​ស្តង់ដារ"។ ទេព រិនដារ៉ូ រៀបរាប់​មក​កាន់ Sabay ប៉ុន្មាន​ថ្ងៃ​មុន។ តារា​ភាពយន្ត​ទសវត្ស​រ៍ ៨០ ​រូប​ នេះ​បន្ត​ថា ស្តង់ដារ​របស់​កុន​រួម​បញ្ចូល​ទាំង​ប្លង់ បច្ចេកទេស និង​ គំនិត​គោរព​តាម​ក្បួន​របស់​កុន។

 

 

លោក​បន្ត​ថា កុន​ខ្មែរ​ភាគ​ច្រើន ធ្វើ​ឱ្យ​ទស្សនិកជន​មិន​សូវ​យល់​សាច់​រឿង​នោះ​ទេ។ តារា​វ័យ​៥២​រូប​នេះ​បញ្ជាក់​ថា តាម​ពិត​ទៅ​កុន​មិន​សូវ​និយាយ​ច្រើន​ឡើយ សាច់រឿង​ត្រូវ​ពន្យល់​ដោយ​រូប​ភាព​ច្រើន​ជាង ធ្វើ​ឱ្យ​ទស្សនិកជន​អាច​យល់។ ចំណែក​រឿង​ភាគ​ទូរទស្សន៍​នា​ពេល​បច្ចុប្បន្ន គឺ​ប្រើ​ការ​និយាយ​ភាគ​ច្រើន ដើម្បី​អូស​សាច់រឿង​ឱ្យ​អ្នក​ទស្សនា​យល់ ដែល​មាន​លក្ខណៈ​ផ្ទុយ​គ្នា។

 

លោក​បញ្ជាក់​ថា កុន​ខ្មែរ​មួយ​ចំនួន​បច្ចុប្បន្ន​នេះ អាច​ចាត់​ទុក​ថា មាន​ចូល​ស្តង់ដារ​ខ្លះ ប៉ុន្តែ​រឿង​ទាំង​នោះ​បែរ​ជា​មិន​ទទួល​បាន​ការ​គាំទ្រ​ទៅ​វិញ។ ទោះ​បី​ជា​យ៉ាង​ណា​ថ្មីៗ​នេះ លោក​បាន​ចូលរួម​សម្ដែង​កុន​មួយ ដែល​លោក​អះអាង​ថា មាន​ស្តង់ដារ​គ្រប់គ្រាន់។ រឿង​នេះ​មាន​ចំណង​ជើង​ថា "សង្គ្រាម​បងប្អូន" ​ផលិត​ដោយ​ស្ថានីយ​ទូរទស្សន៍ CTN និង​ ផលិតកម្ម "ភូមិ​ពេជ្រ" សហការ​ជាមួយ GMA ដែល​ជា​ស្ថានីយ​ទូរទស្សន៍​ដ៏​ធំ​របស់ ហ្វីលីពីន ។

 

តារា​ភាពយន្ត​ជើងចាស់​ដដែល​បញ្ជាក់​ថា កុន​នេះ​គោរព​តាម​ក្បួន​ត្រឹមត្រូវ ដោយ​មាន​អ្នក​បច្ចេកទេស អ្នក​ដឹក​នាំ​រឿង សុទ្ធសឹងតែ​ជា​ជន​បរទេស ដែល​បាន​យល់​ដឹង​ពី​កុន​ច្បាស់លាស់។ លោក​ចង់​ឱ្យ​ផលិតករ​ទាំង​អស់ ស្វែង​យល់​ពី​កុន​បន្ថែម​ទៀត ដើម្បី​ពង្រឹង​គុណភាព៕

 

អាន​អត្ថបទ៖ ឯកឧត្ដម ជា ច័ន្ទបរិបូរណ៍៖ ប្រលង​ចម្រៀង ខុស​ពី​ប្រលង​ច្រៀង អាន​អត្ថបទ៖ នាយ គ្រឿន រំលឹក​ពី​ចំណូល​កាល​រដូវ​ប្រាំង ចង់​ដឹង​ថា រក​បាន​ប៉ុន្មាន​អត់?

 

 

អត្ថបទ៖ សំ ជំនាញ