អាល្លឺម៉ង់​មាន​អ្នក​ស្លាប់​ទី​មួយ​ដោយ​សារ​ជំងឺ​ផ្លូវ​ដង្ហើម MERS

  • 2015-06-17 21:19:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​វ័យ ៦៥​ឆ្នាំ​ម្នាក់ បាន​ក្លាយ​ជា​មនុស្ស​ទី​មួយ​ដែល​បាត់​បង់​ជីវិត​ដោយសារ​ជំងឺ​ផ្លូវ​ដង្ហើម​ MERS ក្នុង​ប្រទេស​អាល្លឺម៉ង់ បន្ទាប់​ពី​ឆ្លង​ជំងឺ​គ្មាន​ថ្នាំ​ព្យាបាល​នេះ​មក​ពី​តំបន់​មជ្ឈិមបូព៌ា​កាល​ពី​ដើម​ឆ្នាំ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​សុខាភិបាល​ប្រចាំ​​រដ្ឋ Lower Saxony ប្រទេស​អាល្លឺម៉ង់។

 

 

​តាម​ពិត​បុរស​វ័យ​ចំណាស់ បាន​ស្លាប់​តាំង​ពី​ថ្ងៃ​ទី០៦ ខែ​មិថុនា ប៉ុន្តែ​អាជ្ញាធរ​របស់​ប្រទេស​អាល្លឺម៉ង់ ទើប​តែ​ប្រកាស​ផ្សាយ​ពី​ដំណឹង​នេះ​កាល​ពី​ថ្ងៃ​អង្គា​ម្សិលមិញ និង​ត្រូវ​សារព័ត៌មាន​អន្តរជាតិ​នានា​ចុះ​ផ្សាយ​ព្រោង​ព្រាត​នៅ​ថ្ងៃ​នេះ។ ក្រសួង​សុខាភិបាល ជឿ​ជាក់​ថា​បុរស​វ័យ ៦៥​ឆ្នាំ បាន​ឆ្លង​មេរោគ MERS ពេល​ធ្វើ​ដំណើរ​កន្លែង​លក់​សត្វ​មួយ​នៅ​ឧបទ្វីប​អារ៉ាប់ កាល​ពី​ខែ​កុម្ភៈ។ ​​

 

បុរស​រង​គ្រោះ​​ដោយសារ​ជំងឺ MERS ទី​មួយ​របស់​ប្រទេស​អាល្លឺម៉ង់ ​បាន​ស្លាប់​នៅ​ក្រុង Ostercappeln បន្ទាប់​ពី​មិន​អាច​ទ្រាំ​ទ្រ​នឹង​មេរោគ​ផ្លូវ​ដង្ហើម​ដ៏​ធ្ងន់ធ្ងរ​នេះ​បាន។ គេ​នៅ​មិន​ទាន់​ដឹង​ថា បុរស​ម្នាក់​នេះ​បាន​ចម្លង​ជំងឺ​​ទៅ​ដល់​អ្នក​ផ្សេង​ឬ​យ៉ាង​ណា​នោះ​ទេ ប៉ុន្តែ​ការ​ធ្វើតេស្ត​លើ​មនុស្ស ២០០​នាក់ បង្ហាញ​លទ្ធផល​អវិជ្ជមាន។

 

រូបរាង​មេរោគ MERS

 

ជំងឺ​ផ្លូវ​ដង្ហើម MERS ​មាន​វត្តមាន​ដំបូង​ក្នុង​ឆ្នាំ២០១២ នៅ​តំបន់​មជ្ឈិម​បូព៌ា និង​ឆក់​យក​ជីវិត​មនុស្ស​អស់​ជាង ៤០០​នាក់​ទូទាំង​ពិភពលោក ដោយសារ​គ្មាន​ថ្នាំ​ព្យាបាល។ បច្ចុប្បន្ន​ជំងឺ​ដ៏​សាហាវ​នេះ កំពុង​រីក​រាលដាល​ក្នុង​ប្រទេស​កូរ៉េខាងត្បូង សម្លាប់​មនុស្ស ១៩​នាក់ និង​ចម្លង​ដល់​មនុស្ស ១៥០​នាក់​ផ្សេង​ទៀត បន្ទាប់​ពី​អ្នក​ជំនួញ​ម្នាក់​ត្រលប់​មក​ពី​តំបន់​មជ្ឈិម​បូព៌ា ដោយ​មាន​ជំងឺ​ជាប់​ខ្លួន​កាល​ពី​ចុង​ខែ​ឧសភា។

 

ចុចអាន៖ វិ​ធី​​ការ​ពារ​​ជំ​ងឺ​​កំ​ណាច​​ថ្មី​​នៅ​​កូ​រ៉េ MERS ដែល​​ល្បី​​មិន​​ទាន់​​មាន​​ថ្នាំ​​ព្យា​បាល

ចុចអាន៖ ក្រសួង​សុខាភិបាល​ព្រមាន​ជំងឺ​ផ្លូវ​ដង្ហើម​មជ្ឈិមបូព៌ា​និង​​វិធានការ​​ត្រូវ​ប្រុង​ប្រយ័ត្ន

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ channelnewsasia

អត្ថបទថ្មី