ទឹក​ចិត្ត​ឪពុក​មាន​ចំពោះ​កូន ​បើ​អ្នក​បាន​ដឹង​នឹង​ស្រក់​ទឹក​ភ្នែក

  • 2015-06-19 17:58:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទិវា​ឪពុក នឹង​ចូល​មក​ដល់​ក្នុង​ថ្ងៃ​អាទិត្យ​ខាង​មុខ បន្ទាប់​ពី​ទិវា​ម្ដាយ​រំលង​ផុត​ទៅ​កាល​ពី​ខែ​ឧសភា។ ដើម្បី​បង្ហាញ​ថា​គុណ​ឪពុក និង​ក្ដី​ស្រលាញ់​មាន​ទំហំ​ធំ​ប៉ុនណា គេ​បាន​បង្កើត​វីដេអូ​សាច់​រឿង​ខ្លី​មួយ​ឡើង ធ្វើ​ឲ្យ​អ្នក​ទស្សនា​ហើយ​រំជួល​ចិត្ត​ស្ទើរ​ស្រក់​ទឹក​ភ្នែក។

 

 

សាច់​រឿង​ទាំង​មូល បង្ហាញ​ពី​ឪពុក​ខំ​ចិញ្ចឹម​បី​បាច់​ថែ​រក្សា​កូន​ម្នាក់​ឯង ក្រោយ​ម្ដាយ​បាត់​បង់​ជីវិត​ដោយ​សារ​ជំងឺ។ ទឹក​ចិត្ត​ឪពុក​ចង់​ឲ្យ​កូន​ល្អ ណែនាំ​កូន​​ប្រុស​ប្រឹង​រៀន​ដើម្បី​អនាគត ប៉ុន្តែ​កូន​បែរ​ជា​ខឹង​ឪពុក និង​ស្ដី​តប​វិញ​ថា​មិន​មែន​ជា​មនុស្ស​ចិត្ត​ល្អ​ដូច​ម្ដាយ។

 

ឪពុក​ធ្លាប់​ប្រាប់​កូន​ថា មនុស្ស​ស្រី​ជា​អ្នក​ពូកែ​​លាក់​ពាក្យ​សម្ដី​ទុក​ក្នុង​ទ្រូង មិន​​ងាយ​បញ្ចេញ​មក​ក្រៅ​ឡើយ​ព្រោះ​ខ្លាច​កូន​ពិបាក​ចិត្ត ប៉ុន្តែ​តាម​ពិត​ឪពុក​ជា​មនុស្ស​ដែល​លាក់​ទុក​ការ​លំបាក​ជាង​មនុស្ស​ស្រី​ទៅ​ទៀត។

 

ជា​មនុស្ស​ប្រុស​ដែល​ចិញ្ចឹម​កូន​ម្នាក់​ឯង តែង​ពោល​ពាក្យ​ថា ពុក​មិន​ឃ្លាន​ទេ ពុក​មិន​អស់​សង្ឃឹម​នឹង​កូន​ទេ ពុក​មិន​ខឹង​កូន​ទេ...។ ក្រោម​ទឹក​ចិត្ត​ឪពុក​ដ៏​ល្អ​ម្នាក់ កូន​ប្រុស​បាន​ទទួល​អាហារូបករណ៍​ទៅ​រៀន​នៅ​បរទេស។ ចំណែក​ឪពុក​​វិញ រស់​នៅ​ម្នាក់​ឯង​មែន​ពិត ក៏​នៅ​តែ​ពោល​ពាក្យ​ថា មិន​ឯកា​ទេ និង​​មាន​ក្ដី​រីករាយ​ជាមួយ​​ជីវិត​ប្រចាំ​ថ្ងៃ​ណាស់​។

 

ថ្ងៃ​មួយ កូន​បាន​ធ្វើ​ដំណើរ​មក​លេង​ផ្ទះ​វិញ​ដោយ​មិន​ប្រាប់​ដំណឹង​មុន និង​ធ្វើ​ជា​ហៅ​ទូរសព្ទ​សួរ​សុខ​ទុក្ខ​ឪពុក​ដែល​នៅ​ផ្ទះ​ម្នាក់​ឯង។ ឪពុក​នៅ​តែ​ប្រាប់​កូន​ថា មាន​សុខភាព​ល្អ ស្រោច​ទឹក​ផ្កា​រាល់​ថ្ងៃ ព្រម​ទាំង​ដើរ​ហាត់​ប្រាណ​អស់ ៥​គីឡូម៉ែត្រ ប៉ុន្តែ​ធាតុ​ពិត​សុខភាព​លោក​ទ្រុឌទ្រោម​ណាស់​ទៅ​ហើយ និង​ងងឹត​ភ្នែក​ផង...។

 

​​ពេល​កូន​ឃើញ​ទិដ្ឋភាព​ជាក់​ស្ដែង​បែប​នេះ ទើប​ដឹង​ពី​ទឹក​ចិត្ត​ពិត​របស់​ឪពុក។ លោក​និយាយ​ថា មិន​ឃ្លាន​ទេ ព្រោះ​ចង់​ទុក​អាហារ​ឆ្ងាញ់ៗ​ឲ្យ​កូន។ លោក​ប្រឹង​ធ្វើការ​ដោយ​គ្មាន​ការ​នឿយ​ហត់ ព្រោះ​ចង់​រក​ប្រាក់​ឲ្យ​កូន​រៀន។ លោក​មិន​ដែល​ខឹង​កូន ព្រោះ​លោក​ជា​មនុស្ស​ម្នាក់​ដែល​យល់​ពី​កូន និង​អធ្យាស្រ័យ​ជា​និច្ច...។ នៅ​មាន​រឿង​រ៉ាវ​ជា​ច្រើន​ទៀត ដែល​ឪពុក​ធ្វើ​ដើម្បី​កូន ដោយ​មិន​ត្រូវ​ការ​គុណ​សម្បត្តិ។

 

ចង់​ដឹង​ថា សាច់​រឿង​យ៉ាង​ណា សូម​ទស្សនា​វីដេអូ៖

 

 

ចុចអាន៖  អាច​ស្រក់​ទឹក​ភ្នែក! ទឹក​ចិត្ត​ឪពុក​គ​ថ្លង់​រើស​សំរាម ចិញ្ចឹម​កូន​ស្រី

 

ដោយ៖ គង់ វិសាល ប្រភព៖ YouTube(Yosua Jimmy Agustio)