ប្រលោមលោក "Fifty Shades of Grey” វគ្គ​ថ្មី ចេញ​តែ​៤​ថ្ងៃ លក់​ដាច់​១,១លាន​ក្បាល

  • 2015-06-23 18:23:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រលោមលោក​រឿង "Grey” ដែល​ជា​វគ្គ​ថ្មី​​នៃ​ប្រលោមលោក​ស្រើបស្រាល "Fifty Shades of Grey” របស់​អ្នក​និពន្ធ​អង់គ្លេស E.L. James បាន​លក់​ដាច់​អស់​ចំនួន ១,១លាន​ក្បាល គិត​ទាំង​សៀវភៅ​បោះពុម្ព សៀវភៅ​អេឡិចត្រូនិក (ebook) និង​ខ្សែ​សំឡេង។ នេះ​បើ​តាម​​ការ​អះអាង​ពី​ស្ថាប័ន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ។

 

 

​"នេះ​គឺ​ជា​ចំនួន​លក់​ដ៏​ច្រើន​លើសលប់​មែន​ទែន​ សម្រាប់​រយៈ​ពេល​ដ៏​ខ្លី​បែប​នេះ។ ពួក​យើង​មិន​នឹក​ស្មាន​ថា​តម្រូវ​ការ​របស់​អ្នក​គាំទ្រ​ចំពោះ​រឿង​នេះ មាន​ចំនួន​ច្រើន​ដល់​កម្រិត​នេះ​ទេ"។ ម្ចាស់​គ្រឹះស្ថាន​​បោះពុម្ព អ្នក​ស្រី Anne Messitte បាន​និយាយ។ ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​របស់​អ្នក​គាំទ្រ ក្រុមហ៊ុន Vintage Books បាន​សម្រេច​ចិត្ត​បោះពុម្ព​សៀវភៅ​ចំនួន ១លាន​ក្បាល​ទៀត។

 

មុន​ចេញ​វគ្គ​ថ្មី​នេះ “Fifty Shades of Grey” ដែល​និយាយ​ពី​សម្ព័ន្ធ​ស្នេហ៍​​ស្រើបស្រាល​រវាង​និស្សិត​អក្សរសាស្ត្រ Ana និង​សេដ្ឋី​វ័យ​ក្មេង Christian Grey បាន​ចេញ​លក់​ចំនួន ៣វគ្គ​រួច​មក​ហើយ ចាប់​តាំង​ពី​ឆ្នាំ​២០១១ ដោយ​៣វគ្គ​នេះ បាន​លក់​ដាច់​សរុប ១២៥លាន​ក្បាល ជុំវិញ​ពិភពលោក និង​ត្រូវ​បាន​​ចេញផ្សាយ​ជា ៥២ភាសា។ រឿង​នេះ​បាន​ក្លាយ​ជា​​ប្រលោមលោក​អង់គ្លេស​លក់​ដាច់​លឿន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ។

 

"Fifty Shades of Grey” ​ត្រូវ​បាន​ថត​ជា​ភាពយន្ត ដោយ​មាន​តារា​សម្ដែង Jamie Dornan និង Dakota Johnson ជា​តួ​ឯក និង​អាច​រក​ចំណូល​បាន​ជាង ៥០០លាន​ដុល្លារ ក្រោយ​ចេញ​បញ្ចាំង​កាល​ពី​ខែ​កុម្ភៈ ៕​

 

អ្នក​និពន្ធ​រឿង E.L. James

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ channelnewsasia