Chris Pratt គ្រូ​បង្វឹក​ដាយណូស័រ​ដ៏​សង្ហា​ក្នុង​រឿង "Jurassic World”

  • 2015-06-24 15:37:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រិយមិត្ត​ដែល​បាន​ទស្សនា​ខ្សែ​ភាពយន្ត​សួន​ដាយណូស័រ "Jurassic World” ប្រាកដ​ជា​បាន​ស្គាល់​តួ​ឯក​ប្រុស Owen ដែល​ជា​គ្រូ​បង្វឹក​សត្វ​ដាយណូស័រ​ដ៏​ស្ទាត់​ជំនាញ​ម្នាក់។ តួ​ឯក​ប្រុស​ម្នាក់​នេះ គឺ​សម្ដែង​ដោយ​តារា​អាមេរិក Chris Pratt។

 

 
 

មាន​វ័យ ៣៥ឆ្នាំ Chris បាន​ក្លាយ​ជា​តារា​សម្ដែង​តាំង​ពី​ឆ្នាំ​២០០០ ប៉ុន្តែ​កេរ្តិ៍ឈ្មោះ​របស់​គេ​ទើប​តែ​លោត​ឡើង​ខ្លាំង​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ គឺ​បន្ទាប់​ពី​សម្ដែង​រឿង "Guardians of the Galaxy” កាល​ពី​ឆ្នាំ​២០១៤។

 

​ការ​ក្លាយ​ជា​តួ​ឯក​ក្នុង​ភាពយន្ត​កំពូល​របស់​ហូលីវូដ​មួយ​នេះ ​មិន​មែន​ជា​រឿង​ងាយ​ដែរ​សម្រាប់​ Chris Pratt ដោយ​សារ​តែ​មុន​នេះ​គេ​មាន​រាង​ធាត់​ខ្លាំង។ Chris បាន​ព្យាយាម​ហាត់​ប្រាណ​ស្ទើរ​តែ​គ្មាន​ពេល​សម្រាក និង​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​របប​អាហារ រហូត​អាច​ស្រក​ទម្ងន់​ ២៧គីឡូក្រាម ក្នុង​រយៈ​ពេល ៦ខែ។

 

 

Pratt បាន​រៀប​ការ​​រួច​ហើយ​ជាមួយ​តារា​សម្ដែង Anna Faris កាល​ពី​ឆ្នាំ​២០០៩ នៅ​ឯ​កោះ​បាលី ប្រទេស​ឥណ្ឌូណេស៊ី ក្រោយ​បាន​ស្គាល់​គ្នា​តាម​រយៈ​ការ​សម្ដែង​រឿង "Take Me Home Tonight "។ ពួក​គេ​មាន​កូន​ប្រុស​ម្នាក់​ឈ្មោះ Jack កើត​នៅ​ឆ្នាំ​២០១២។

 

 
 

 Chris Pratt និងភរិយា Anna Faris

ជីវិត​មុន​ចូល​សិល្បៈ៖

 

​Pratt មាន​ឈ្មោះ​ពេញ​ថា Christopher Michael "Chris” Prattកើត​នៅ​ទីក្រុង Virginia រដ្ឋ Minnesoat ​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​១៩៧៩ (បច្ចុប្បន្ន​អាយុ ៣៥​ឆ្នាំ)។ ម្ដាយ​របស់ Pratt មាន​ឈ្មោះ Kathy ជា​អ្នក​ធ្វើ​ការ​នៅ​ផ្សារ​ទំនើប ហើយ​ឪពុក​របស់​គេ​ឈ្មោះ Dan Pratt ជា​អ្នក​ធ្វើ​ការ​នៅ​អណ្ដូង​រ៉ែ ដែល​ក្រោយ​មក​​បាន​ប្ដូរ​ធ្វើ​ជា​ជាង​ជួសជុល​ផ្ទះ។ Pratt ធ្លាប់​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៥ ប្រចាំ​សាលា​ ផ្នែក​កីឡា​ចំបាប់ កាល​រៀន​នៅ​វិទ្យាល័យ។

 

​ក្រោយ​ចូល​រៀន​ថ្នាក់​មហាវិទ្យាល័យ​បាន​មួយ​ត្រីមាស Pratt បាន​​បោះបង់​ការ​សិក្សា ហើយ​ក៏​បាន​ធ្វើ​ការ​ជា​អ្នក​លក់ Coupon និង​ជា​អ្នក​រាំ​ស្រាត​​ក្នុង​ក្លឹប នៅ​ទីក្រុង Maui រដ្ឋ Hawaii។ នៅ​ពេល​នោះ​គេ​ធ្វើ​ការ​តិចតួច ដោយ​ចង់​បាន​តែ​​ប្រាក់​គ្រប់គ្រាន់​សម្រាប់​ទិញ​អាហារ ហ្គាស និង ​មិន​គិត​ខ្វល់​ពី​អ្វី​ឡើយ ក្រៅ​ពី​ការ​ផឹក​ស្រា ជក់​បារី រហូត​ធ្លាក់​ខ្លួន​ គ្មាន​ផ្ទះ​នៅ​ និង​ត្រូវ​ស្នាក់​នៅ​ក្នុង​តង់ លើ​ឆ្នេរ​ខ្សាច់ និង​​ក្រោយ​មក​គេ​ក៏​បាន​ទុក​ឡាន​ដឹក​ទំនិញ​មួយ​ជា​ផ្ទះ​របស់​ខ្លួន។

 

លុះ​ដល់​ឆ្នាំ​២០០០ Pratt ត្រូវ​បាន​អ្នក​​ដឹកនាំ​រឿង​ឈ្មោះ Rae Dawn Chong មើល​ឃើញ នៅ​ពេល​ដែល​រូប​គេ​កំពុង​ធ្វើ​ការ​ជា​អ្នក​រត់​តុ​នៅ​ភោជនីយដ្ឋាន​មួយ ហើយ​ក៏​បាន​ទាក់ទង​គេ​ឲ្យ​ចូល​សម្ដែង​រឿង​ខ្មោច​មួយ​មាន​ចំណង​ជើង​ថា "Cursed Part 3”។ ​ពេល​នោះ​ហើយ ដែល​​វាសនា​របស់ Chris Pratt ត្រូវ​បាន​ផ្លាស់​ប្ដូរ ៕

 

ចុចអាន៖ចង់​ដឹង​គេ​ថត​រឿង​ Jurassic World ដោយ​របៀប​ណា​អត់​?

ចុចអាន៖ភាពយន្ត ១០រឿង​រក​ចំណូល​បាន​ច្រើន​​បំផុតប្រចាំ​សប្ដាហ៍

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ businessinsider

អត្ថបទថ្មី