Cavani អាច​ចាក​ចេញ​ពី Copa America ដោយសារ​ឪពុក​ត្រូវ​ប៉ូលិស​ឃាត់​ខ្លួន

  • 2015-06-24 21:45:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Edinson Cavani​ របស់​ក្លិប​ PSG អាច​នឹង​ចាក​ចេញ​ពី​ក្រុម​ជម្រើស​ជាតិ​អ៊ុយរុយហ្គាយ ដែល​កំពុង​តែ​លេង​ពាន​រង្វាន់​ Copa America នៅ​ប្រទេស​ឈីលី ដោយសារ​តែ​ឪពុក​របស់​ខ្លួន​​ ត្រូវ​បាន​ប៉ូលិស ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ចន្ទ។

 

 

​​សារព័ត៌មាន​អ៊ុយរុយហ្គាយ Subrayado បាន​ចុះ​ផ្សាយ​ថា ឪពុក​របស់​ Cavani លោក​ Luis Cavani ​ត្រូវ​​ឃុំឃាំង​នៅ​ប៉ុស្តិ៍​ប៉ូលិស ដោយសារ​​​ស្រវឹង​ស្រា​ ហើយ​បើក​បរ​រថយន្ត​ទៅ​បុក​​​ក្មេង​ប្រុស​ម្នាក់​វ័យ​១៩​ឆ្នាំ ដែល​បើកបរ​ម៉ូតូ ​ធ្វើ​ឲ្យ​ក្មេង​ប្រុស​ម្នាក់​នោះ​រង​របួស យ៉ាង​ធ្ងន់ធ្ងរ ហើយ​​បន្ទាប់​ពី​ប៉ូលិស ត្រួត​ពិនិត្យ​ទៅ​ឃើញ​ថា​ មាន​ជាតិ​​ស្រវឹង​លើស​កម្រិត​ ក៏​ត្រូវ​ឃាត់​ខ្លួន​តែ​ម្ដង។

 

ទំព័រ​សារព័ត៌មាន MARCA ​ក៏​បាន​បង្ហោះ​រូបថត​គ្រោះ​ថ្នាក់​ចរាចរណ៍​​លើ​ Twitter ផង​ដែរ

 

ក្រោយ​ឮ​ដំណឹង​នោះ គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អ៊ុយរុយហ្គាយ លោក Oscar Tabarez ​បាន​ចេញ​បញ្ជាក់​ថា Cavani ​នឹង​ហ្វឹកហាត់​​ជាមួយ​ក្រុម​​ធម្មតា មុន​​នឹង​​​ក្រុម​ត្រូវ​ប៉ះ​ម្ចាស់​ផ្ទះ​ឈីលី​ ក្នុង​ការ​ប្រកួត​វគ្គ​៨​ក្រុម​ចុង​ក្រោយ នៅ​ព្រឹក​ស្អែក ប៉ុន្តែ​​បើ​ខ្សែ​ប្រយុទ្ធ​វ័យ​២៨​ឆ្នាំ អាច​​ចាក​ចេញ​ពី​ក្រុម​បាន ​មុន​នឹង​ការ​ប្រកួត​មក​ដល់។

 

គ្រូ​បង្វឹក​វ័យ​៦៨​ឆ្នាំ ​បាន​និយាយ​ថា៖ "វា​ជា​បញ្ហា​ផ្ទាល់​ខ្លួន​របស់​ Cavani។ យើង​បាន​និយាយ​ជាមួយ​គាត់​ និង​ជួយ​ផ្ដល់​កម្លាំង​ចិត្ត​គាត់។ គាត់​ត្រូវ​បាន​រង​ឥទ្ធិពល​ ដោយសារ​តែ​មាន​រឿង​រ៉ាវ​អាក្រក់​កើត​ឡើង​ក្នុង​គ្រួសារ ប៉ុន្តែ​យើង​នឹង​ដឹង​ថា នឹង​មាន​អ្វី​កើត​ឡើង ​​មុន​នឹង​ការ​ប្រកួត​មក​ដល់​នៅ​ថ្ងៃ​ស្អែក។ ដូច្នេះ​ថ្ងៃ​នេះ​យើង​ហ្វឹកហាត់​ធម្មតា បន្ទាប់​មក​យើង​នឹង​ពិភាក្សា​ជាមួយ​គាត់​បន្ត​ទៀត"។

 

​អ៊ុយរុយហ្គាយ នឹង​ត្រូវ​ប៉ះ​​ឈីលី ក្នុង​ការ​ប្រកួត​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ Copa America ​នៅ​ព្រឹក​ស្អែក នា​ម៉ោង​០៦:៣០​នាទី៕

 

-ចុចអាន៖ Neymar ​ព្រម​ទទួល​កំហុស និង​​សុំ​ទោស​ មុន​ចាក​ចេញ​ពី​ក្រុម

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ goal