ពិភពលោកជិតឈានទៅរកសង្គ្រាមត្រជាក់សាជាថ្មី
- 2015-06-25 19:02:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិភពលោកជិតឈានទៅរកសង្គ្រាមត្រជាក់សាជាថ្មី
ចន្លោះមិនឃើញ
ក្រោយសង្គ្រាមលោកលើកទីពីរ ពិភពលោកទាំងមូលបានជួបប្រទះនូវស្ថានការណ៍ដ៏តឹងតែងថ្មីមួយទៀត គឺសង្គ្រាមត្រជាក់រវាងមហាអំណាចសេរីលោកខាងលិច ជាមួយសហភាពសូវៀត ដែលបច្ចុប្បន្នប្ដូរឈ្មោះជាប្រទេសរុស្ស៊ី និងស្ថិតក្រោមការដឹកនាំរបស់ប្រធានាធិបតីដ៏មានឥទ្ធិពល Vladimir Putin។
ជាងពីរទសវត្សរ៍កន្លងទៅ ពោលគឺអំឡុងឆ្នាំ១៩៩១ ការគ្របដណ្ដប់ដោយមនោគមន៍វិជ្ជានយោបាយយ៉ាងខ្លាំងក្លា បានសាបរលាបទៅវិញ។ ទោះយ៉ាងណា ស្ថានភាពតឹងតែងនាពេលបច្ចុប្បន្ន ដែលកើតឡើងនៅតំបន់អឺរ៉ុបភាគខាងកើត និងប្រទេសរុស្ស៊ី ព្រមទាំងការលូកដៃយ៉ាងជ្រៅពីមហាអំណាចយោធាអាមេរិក កំពុងធ្វើឲ្យពិភពលោកឈានទៅរកសង្គ្រាមត្រជាក់សាជាថ្មី។
រដ្ឋមន្ត្រីការពារជាតិនៃបណ្ដាប្រទេសនៅក្នុងសម្ព័ន្ធ NATO បានជួបប្រជុំគ្នានៅរដ្ឋធានីប្រ៊ុចសែល ប្រទេសបែលហ្សិក ដើម្បីឯកភាពគ្នាលើវិធានការណ៍បន្ទាប់ ពាក់ព័ន្ធជាមួយនឹងការគំរាមកំហែងជាថ្មីពីប្រទេសរុស្ស៊ី។ ទោះយ៉ាងណា រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក Ash Carter ដែលបានធ្វើដំណើរមកដល់តំបន់អឺរ៉ុបបាននិយាយថា លោកគ្មានបំណងងាកទៅរកការចាប់ផ្ដើមសង្គ្រាមត្រជាក់សាជាថ្មីនោះទេ។
ការដំឡើងសាច់ដុំរបស់រុស្ស៊ី (អានលម្អិត)
តាមស្ថានភាពជាក់ស្ដែងនាពេលបច្ចុប្បន្ន ទាំងអង្គការ NATO និងប្រទេសរុស្ស៊ី សុទ្ធតែបង្ហាញសាច់ដុំ បង្កើនសព្វាវុធ និងពង្រឹងកម្លាំងយោធាប្រុងជើងព្រួលរៀងខ្លួន។ កាលពីពាក់កណ្ដាលខែឧសភា ប្រធានាធិបតីរុស្ស៊ី Vladimir Putin បានប្រកាសថា រុស្ស៊ីនឹងបន្ថែមកាំជ្រួចមីស៊ីលឆ្លងទ្វីបជាង ៤០គ្រាប់ទៀត ដើម្បីពង្រឹងកងកម្លាំងយោធារបស់ខ្លួននៅក្នុងឆ្នាំ២០១៥។
ជាការឆ្លើយតបទៅនឹងសកម្មភាពនេះ អង្គការ NATO បានចោទប្រកាន់រដ្ឋាភិបាលក្រុងមូស្គូថា កំពុងគំរាមកំហែងដោយអាវុធ។ ចំណែកសម្ព័ន្ធមិត្តទាំង ២៨ប្រទេសទៀត ក៏មានប្រតិកម្មតិចតួចពាក់ព័ន្ធនឹងការដំឡើងចង្កូមរបស់យោធារុស្ស៊ីដែរ។
ការបញ្ចេញសព្វាវុធរបស់អាមេរិក (អានលម្អិត)
ចំពោះមហាអំណាចយោធាអាមេរិក ហាក់នៅមិនស្រណុកខ្លួន និងចាប់ផ្ដើមបញ្ចេញសកម្មភាពយោធា ដើម្បីការពារសម្ព័ន្ធមិត្តដ៏ជិតដិតនៅអឺរ៉ុបភាគកណ្ដាល និងខាងកើត។ សហរដ្ឋអាមេរិកនឹងបញ្ជូនរថក្រោះ ២៥០គ្រឿង កាំភ្លើងធំ ព្រមទាំងសព្វាវុធធ្វើសង្គ្រាមមួយចំនួនទៀត ទៅកាន់ប្រទេសចំនួន៧ នៅអឺរ៉ុប ដើម្បីប្រឆាំងទៅនឹងការគំរាមកំហែងឈ្លានពានរបស់រុស្ស៊ី។
លេខាធិការក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Ash Carter បាននិយាយថា ប្រទេសអេស្តូនី លីទុយអានី ឡាតវី រ៉ូម៉ានី ប៊ុលហ្គារី និងប្រទេសប៉ូឡូញ គឺជាកន្លែងផ្ទុកសព្វាវុធធុនធ្ងន់ទាំងនេះ។ គោលដៅចម្បងនៃការបញ្ចេញសាច់ដុំរបស់សហរដ្ឋអាមេរិក គឺដើម្បីផ្ដល់ទំនុកចិត្តដល់បណ្ដាប្រទេសនៅក្នុងសម្ព័ន្ធ NATO ដែលកំពុងរងការគំរាមកំហែងពីសកម្មភាពរុស្សីក្នុងប្រទេសអ៊ុយក្រែន។
សកម្មភាពខុសពីធម្មតារបស់ប្រទេសក្នុងសម្ព័ន្ធ NATO
ទាហានចម្រុះជាតិសាសន៍មកពីបណ្ដាប្រទេសចំនួន៩ ក្នុងសម្ព័ន្ធ NATO បានចូលរួមធ្វើសមយុទ្ធជាមួយគ្នា ដែលរួមមានទាំងកងកម្លាំងហុល្លង់ អាល្លឺម៉ង់ មកពីភាគខាងលិច និងកងកម្លាំងន័រវែស លីទុយអានី មកពីភាគខាងជើង។
បន្ទាប់ពីក្បួនសព្វាវុធធុនធ្ងន់ ធ្វើដំណើរទាំងតាមផ្លូវគោក ផ្លូវដែក និងផ្លូវអាកាស ទៅដល់ប្រទេសប៉ូឡូញ សម្ព័ន្ធមិត្តទាំងនោះនឹងប្រារព្ធធ្វើសមយុទ្ធគ្រាប់ពិតដ៏ធំលើកទីមួយឈ្មោះថា Noble Jump ដើម្បីជាការផ្ញើសារទៅដល់រដ្ឋាភិបាលក្រុងមូស្គូ។ យ៉ាងណាមិញ តាមសេណារីយ៉ូដែលបែកធ្លាយពីគម្រោងសមយុទ្ធ បានឲ្យដឹងថា ពួកគេធ្វើលំហាត់ប្រយុទ្ធ មិនមែនការពារឡើយ។
ចក្រភពអង់គ្លេសដែលរក្សាភាពស្ងប់ស្ងាត់យូរមកហើយនោះ បានសន្យាថានឹងថានឹងផ្ដល់កម្លាំងទាហានយ៉ាងតិចពី ១០០០ ទៅ ៥០០០នាក់ ចាប់ពីឆ្នាំក្រោយ ខណៈអាមេរិកនឹងបញ្ជូនយោធា យន្តហោះឈ្លបការណ៍ ព្រមទាំងយន្តហោះចម្បាំងល្បឿនលឿនដល់ NATO។ ឧត្ដមសេនីយ៍ Philip Breedlove ដែលជាមេបញ្ជាការជាន់ខ្ពស់របស់ NATO បាននិយាយថា "យើងត្រូវតែត្រៀមខ្លួនចំពោះសកម្មភាពបង្កហេតុនេះ"៕
ចុះប្រិយមិត្តយល់ថា សង្គ្រាមត្រជាក់អាចកើតឡើងជាថ្មីទេ?
ចុចអាន៖ អាមេរិកនឹងបញ្ចេញរថក្រោះ២៥០គ្រឿង ដើម្បីឆ្លើយតបការគំរាមរបស់រុស្ស៊ី
ចុចអាន៖ រុស្ស៊ីនឹងបន្ថែមកាំជ្រួចឆ្លងទ្វីបជាង៤០គ្រាប់ទៀតនៅឆ្នាំ២០១៥ នេះ
ដោយ៖ គង់ វិសាល ប្រភព៖ BBC, News.az