Rooney ជឿ​ថា Man Utd ​នឹង​ប្រជែង​យក​ពាន​នៅ​រដូវ​កាល​​ថ្មី

  • 2015-06-26 17:44:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​ក្រុម​បិសាច​ក្រហម Wayne Rooney ជឿ​ថា​​​​ក្រុម​របស់​ខ្លួន​ Manchester United ​នឹង​អាច​​ប្រជែង​យក​តំណែង​ជើង​ឯក​ Premier League ​នៅ​រដូវ​កាល​ថ្មី​ ២០១៥/១៦។

 

​​Man Utd លើក​ពាន​ Premier League ​ចុង​ក្រោយ​ ​កាល​ពី​ជំនាន់​លោក​ Sir Alex Ferguson នៅ​ដឹក​នាំ​ នា​រដូវ​កាល​២០១២/១៣ ​ដែល​ជា​រដូវ​កាល​ចុង​ក្រោយ​របស់​អ្នកចាត់ការ​សញ្ជាតិ​ស្កុតឡែន​រូប​នោះ​ផង​ដែរ។ ​ប៉ុន្តែ​រដូវ​កាល​មុន​ អ្នកចាត់ការ​ថ្មី​ Louis van Gaal ​ធ្វើ​​មិន​បាន​ល្អ​ទេ ពេល​​​ចាប់​ផ្ដើម​រដូវ​កាល ​១០​ប្រកួត​ដំបូង តែ​នៅ​ចុង​រដូវ​កាល​ បែរ​ជា​ឡើង​ជើង​ខ្លាំង​វិញ ដែល​ធ្វើ​ឲ្យ​ Rooney ជឿ​ថា​​ នឹង​អាច​ប្រជែង​យក​ជើង​ឯក​បាន​​ ​នៅ​​រដូវ​កាល​ថ្មី។

 

​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ បាន​​ប្រាប់​ដល់​វិបសាយ​ក្លិប​ថា៖ "​និយាយ​ឲ្យ​ស្មោះ​ត្រង់ ខ្ញុំ​ជឿ​ថា យើង​នឹង​​​អាច​ទៅ​ឆ្ងាយ​​នៅ​រដូវ​កាល​ក្រោយ ហើយ​ក៏​មិន​ឆ្ងាយ​ពី​ការ​​ប្រជែង​យក​ជើង​ឯក​ដែរ។ ​បើ​ក្រឡេក​ទៅ​មើល​១០ ឬ​១១​ប្រកួត​ដំបូង​រដូវ​កាល​មុន យើង​​ទទួល​បាន​តែ​១៣​ពិន្ទុ​ប៉ុណ្ណោះ។ យើង​លេង​ល្អ​ជាង​ក្រុម​ជា​ច្រើន​ ​រដូវ​កាល​នេះ ប៉ុន្តែ​ពុំ​មាន​ឱកាស​ឈ្នះ​ពួកគេ​ទាំង​អស់"។

 

“កត្តា​សំខាន់​បំផុត​ ​គឺ​ក្រុម​ទាំង​មូល ទាំង​អ្នកចាត់ការ និង​រូប​ខ្ញុំ​ផ្ទាល់, យើង​ទាំង​អស់​គ្នា​ ជឿ​ថា​យើង​នឹង​អាច​ប្រជែង​យក​ជើង​ឯក​បាន​ ​ហើយ​បើ​អាច​ទិញ​កីឡាករ​ថ្មី​ចូល​​២​ទៅ​៣​នាក់​ទៀត​ យើង​នឹង​មាន​ឱកាស​កាន់​តែ​ច្រើន។ ​វា​ជា​រឿង​ល្អ​ ដែល​អាច​ឈ្នះ​ពាន​រង្វាន់​​បាន​ច្រើន​ តាម​​ដែល​អាច។ ក្លិប​ដូច​ជា Manchester United គួរ​តែ​ឈ្នះ​ពាន​រង្វាន់ ហើយ​សង្ឃឹម​ថា​រដូវ​កាល​ក្រោយ យើង​នឹង​អាច​ទទួល​បាន​វា”។ ​ខ្សែ​ប្រយុទ្ធ​វ័យ​ ២៩​ឆ្នាំ​បន្ថែម។

 

 

​រដូវ​កាល​២០១៤/១៥ Rooney ស៊ុត​ឲ្យ​ Man Utd បាន​​​១២​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​ ៣៣​ប្រកួត​នៅ Premier League ​និង​ជួយ​ឲ្យ​ Man Utd អាច​លេង​ UEFA Champions League វិញ ប៉ុន្តែ​ក៏​​ខក​ចិត្ត​ខ្លាំង​ណាស់​ដែរ ដោយសារ​បិសាច​ក្រហម ពុំ​បាន​ឈ្នះ​ពាន​រង្វាន់​អ្វី​មួយ​សោះ៕

 

ចុះ​ប្រិយមិត្ត​ជឿ​ថា Man Utd នឹង​អាច​ប្រជែក​យក​ជើង​ឯក​ EPL ដូច​ Rooney លើក​ឡើង​ដែរ​ទេ?

 

-ចុចអាន៖ ជម្រុះ Euro៖ Rooney ស៊ុត​ចុង​ម៉ោង​ឲ្យ​អង់គ្លេស​បន្ត​កំណត់ត្រា​ឈ្នះ​រហូត

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ goal

អត្ថបទថ្មី