Giggs៖ Depay ​នឹង​ផ្ដល់​អ្វី​គ្រប់​យ៉ាង​ដែល​ Man Utd ​បាត់បង់​តាំង​ពី Ronaldo ​ចាកចេញ

  • 2015-06-29 18:14:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ryan Giggs ​ជំនួយ​ការ​អ្នក​ចាត់​ការ​នៅ Manchester United ​មាន​ទំនុក​ចិត្ត​ថា​ខ្សែ​បម្រើ​ស្លាប Memphis Depay ​នឹង​នាំ​អ្វី​គ្រប់​យ៉ាង​ដែល​បិសាច​ក្រហម​បាត់​បង់​តាំង​ពី Cristiano Ronaldo ​ចាកចេញ​ទៅ​ត្រលប់​មក​វិញ។

 

 

Man Utd ​ទិញ​កីឡាករ Depay ​ពី​ PSV ​មក​ក្នុង​តម្លៃ​ខ្លួន​៣០​លាន​អឺរ៉ូ​កាល​ពី​ខែ​ឧសភា។ កីឡាករ​វ័យ​២១​ឆ្នាំ​រូប​នេះ​ជា​ម្ចាស់​ពាន​រង្វាន់​ស្បែក​ជើង​មាស​ និង​កីឡាករ​វ័យ​ក្មេង​ល្អ​ជាង​គេ​ប្រចាំ​ឆ្នាំ​នៅ​ក្នុង​ក្របខ័ណ្ឌ Eredivisie ​របស់​ប្រទេស​ហុល្លង់ ដោយ​បាន​រក​គ្រាប់​បាល់​២២​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៣០​ប្រកួត។ ដោយសារ​តែ​ហេតុ​នេះ​ដែរ លោក Giggs ​មាន​ទំនុក​ចិត្ត​ខ្ពស់​ថា​ខ្សែ​បម្រើ​ស្លាប​រូប​នេះ​នឹង​អាច​ជួយ​បិសាច​ក្រហម​បាន​ច្រើន​ដូច​កាល​ Ronaldo ​នៅ​អីចឹង។

 

អតីត​ខ្សែ​បម្រើ​ដែល​លេង​ឱ្យ Man Utd ​រយៈ​ពេល​ជាង​២០​ឆ្នាំ​ខាង​លើ​បាន​ប្រាប់​ទៅ​ The Sunday Times ​ថា៖ "Depay ​ជា​កីឡាករ​សក្ដិសម​បំផុត​នៅ Old Trafford ។ គាត់​ជា​មនុស្ស​រស់រាយ ប៉ុន្តែ​ពោរពេញ​ដោយ​ការ​តាំង​ចិត្ត។ គាត់​ជា​កីឡាករ​ Top Scorer ​នៅ​ហុល្លង់​ហើយ​ក៏​ជា​អ្នក Assists ​ច្រើន​ជាង​គេ​ដែរ។ គាត់​ពូកែ​ទាត់​ហ្វ្រីឃីត ដូច្នេះ​វត្តមាន​គាត់​នឹង​អាច​ជួយ​ Man Utd ​ខ្លាំង​ដូច​កាល​មាន​ Ronaldo ​និង Beckham ​ដែរ”។

 

កីឡាករ​ដែល​ជាប់​ជម្រើស​ជាតិ​ឈុត​ធំ​ហុល្លង់​នៅ​ឆ្នាំ​២០១៣ ​ខាង​លើ​នេះ​រក​បាន​២២​គ្រាប់​កាល​លេង​នៅ PSV ​រដូវ​កាល​មុន​ ខណៈ​ដែល​២២​គ្រាប់​នោះ​រក​បាន​ដោយ​ជើង​ឆ្វេង​៤​គ្រាប់ ជើង​ស្ដាំ​១៦​គ្រាប់​និង​បាល់​តែត​២​គ្រាប់។ ខ្សែ​បម្រើ​ស្លាប​វ័យ​ក្មេង​នេះ​ដែរ​ក៏​ជា​​កីឡាករ​ទាត់​បាល់​ហ្វ្រីឃីក​ចូល​ទី​ច្រើន​ជាង​គេ​ដែរ​នៅ​អឺរ៉ុប​ប្រចាំ​រដូវ​កាល​មុន​ ពោល​គឺ​៣០​ដង​ ទាត់​ចូល​ទី​៧​គ្រាប់ ខណៈ​ដែល​កីឡាករ​កំពូល​២​រូប​ទៀត​ Ronaldo ទាត់​៣១​ដង ចូល​ទី១​គ្រាប់​ និង Messi ​៣៥​ដង​ចូល​ទី​២​គ្រាប់៕

 

ចុចអាន៖Depay ​ចង់​ក្លាយ​ជា Ronaldo ​ថ្មី​នៅ Man Utd

ចុចអាន៖បាន​ទៅ​ Man Utd ​ភ្លាម Depay ​ទិញ​ Mercedes ​ឱ្យ​ម្ដាយ​មួយ​គ្រឿង

 

ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ goal