អ្នក​មាន​ចាប់​ផ្ដើម​ភ័យ​ខ្លួន​ពេល​ទូ ATM មិន​អាច​ដក​លុយ​ច្រើន​បាន​នៅ​ក្រិក

  • 2015-06-30 00:24:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វិបត្តិ​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ក្រិក​កាន់​តែ​មាន​ភាព​ធ្ងន់ធ្ងរ​ឡើង បន្ទាប់​ពី​ធនាគារ​កណ្ដាល​អឺរ៉ុប​សម្រេច​ចិត្ត​ឈប់​បញ្ចេញ​មូលនិធិ​សង្គ្រោះ​បន្ទាន់។ ធនាគារ​ក្រិក​ត្រូវ​បិទ​ទ្វារ ខណៈ​ទូ ATM មិន​អាច​ដក​យក​លុយ​ច្រើន​បាន ធ្វើ​ឲ្យ​អ្នក​មាន​ទ្រព្យ​នាំ​គ្នា​ភ័យ​ខ្លួន។

 

ប្រជាជន​ក្រិក​នាំ​គ្នា​ឈរ​តម្រង់​ជួរ​ចាំ​ដក​លុយ​ពី​ទូ ATM

 

ធនាគារ​ក្នុង​ប្រទេស​ក្រិក នឹង​បិទ​ទ្វារ​រយៈពេល​មួយ​សប្ដាហ៍ ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​ចាប់​ផ្ដើម​កក្រើក​ឡើង​វិញ។ ប្រជាជន​ក្រិក នាំ​គ្នា​សម្រុក​ដក​លុយ​តាម​ទូ ATM ប៉ុន្តែ​ខាង​ធនាគារ​បាន​រឹតត្បិត​លើ​ការ​បញ្ចេញ​សាច់​ប្រាក់​យ៉ាង​ខ្លាំង។ ការ​សម្រេច​ចិត្ត​បិទ​ធនាគារ និង​រឹត​បន្តឹង​លើ​ការ​ដក​ប្រាក់ ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ បន្ទាប់​ពី​ធនាគារ​កណ្ដាល​អឺរ៉ុប​ប្រកាស​ឈប់​ផ្ដល់​មូលនិធិ​សង្គ្រោះ​បន្ទាន់។

 

​វិបត្តិ​នៅ​ក្នុង​ប្រទេស​ក្រិក បាន​កើត​ឡើង​តាំង​ពី​ថ្ងៃ​អង្គា បន្ទាប់​ពី​ពេល​វេលា​កំណត់​​សង​​ប្រាក់ ១,៧៨​ពាន់​លាន​ដុល្លារ​ទៅ​ឲ្យ​មូលនិធិ​រូបិយប័ណ្ណ​អន្តរជាតិ​ឈាន​ចូល​មក​ដល់ ចំ​ថ្ងៃ​ដែល​ជំនួយ​សង្គ្រោះ​ពី​ប្រទេស​នានា​ត្រូវ​កាត់​ផ្ដាច់។ ទោះ​យ៉ាង​ណា ប្រទេស​បារាំង​បាន​បើក​ការ​ប្រជុំ​គណៈរដ្ឋមន្ត្រី​វិសាមញ្ញ​មួយ​ភ្លាមៗ ហើយ​ប្រធានាធិបតី​ប្រទេស​បារាំង លោក Francois Hollande បាន​និយាយ​ថា ដំណោះ​ស្រាយ​នៅ​តែ​មាន​ប្រសិន​បើ​ក្រិក​ចង់​បាន។

 

សរុប​ស្ថានការណ៍​នៅ​ពេល​នេះ៖

 

  • ធនាគារ​នឹង​បិទ​ទ្វា​ដល់​ថ្ងៃ​ទី៦ ខែ​កក្កដា
  • អំឡុង​ពេល​នេះ អាច​ដក​ប្រាក់​បាន​ត្រឹម ៦៦​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ
  • ទូ ATM នឹង​កំណត់​មិន​ឲ្យ​កាត​ធនាគារ​បរទេស​ដក​ប្រាក់​បាន​ឡើយ

 

 

 

ចុចអាន៖ ក្រិក​ទារ​សំណង​ពី​អាល្លឺម៉ង់​ជាង ៣០០​ពាន់​លាន​ដុល្លារ ក្នុង​រឿង​ឧក្រិដ្ឋកម្ម​របប​ណាស៊ី

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ BBC ​