ក្ដៅៗ! ធ្លាក់​យន្តហោះ​ចំ​សណ្ឋាគារ​បណ្ដាល​ឲ្យ​មនុស្ស​​ស្លាប់​​ច្រើន​នាក់

  • 2015-06-30 21:41:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​នេះ​បន្តិច យន្តហោះ​យោធា​ធុន​ធំ​មួយ​គ្រឿង​របស់​ប្រទេស​ឥណ្ឌូណេស៊ី បាន​ធ្លាក់​ចំ​សណ្ឋាគារ និង​ផ្ទះ​ប្រជាជន​នៅ​ភាគ​ខាង​ជើង​ក្រុង Medan កោះ​ស៊ូម៉ាត្រា​​ បណ្ដាល​ឲ្យ​មនុស្ស​យ៉ាង​តិច ៣០​នាក់​ស្លាប់។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ឥណ្ឌូណេស៊ី និង​ចុះ​ផ្សាយ​លើ​សារព័ត៌មាន Channelnewsasia របស់​ប្រទេស​សិង្ហបុរី។

 

​ “ព័ត៌មាន​ចុង​ក្រោយ​គេ ដែល​យើង​ទទួល​បាន គឺ​មនុស្ស ៣០​នាក់​ស្លាប់... ចំនួន​អ្នក​ស្លាប់​នៅ​បន្ត​កើន​ឡើង​ទៀត"។ នេះ​បើ​តាម​លោក Hisar Turnip ដែល​ជា​អ្នក​នាំ​ពាក្យ​ឲ្យ​ក្រុម​រុករក និង​ជួយ​សង្គ្រោះ​របស់​ប្រទេស​ឥណ្ឌូណេស៊ី និយាយ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​អង់គ្លេស Reuters។ ​

រហូត​មក​ដល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ថា មាន​មនុស្ស​ប៉ុន្មាន​នាក់​នៅ​លើ​យន្តហោះ និង​​លើ​ទីតាំង​ដែលយន្តហោះ​​ជួប​គ្រោះ​ថ្នាក់​នៅ​ឡើយ​ទេ។ ទូរទស្សន៍​ក្នុង​ស្រុក បាន​បង្ហាញ​ពី​តំបន់​កើត​ហេតុ​មាន​ភ្លើង​ឆេះ​សន្ធោ​សន្ធៅ បន្ទាប់​ពី​យន្តហោះ​ម៉ាក C-130 Hercules ធ្លាក់។ អ្នក​នាំ​ពាក្យ​កង​កម្លាំង​យោធា​បាន​បញ្ជាក់​ថា ​នៅ​លើ​យន្តហោះ​នោះ​មាន​កង​ទ័ព ១២​នាក់ កំពុង​ធ្វើ​ដំណើរ។ ចំណែក​អ្នក​ស្លាប់​ជា​ច្រើន​នាក់​ទៀត គឺ​ជា​ជន​ស៊ីវិល​ដែល​រស់​នៅ​តំបន់​កើត​ហេតុ​តែ​ម្ដង។ ​

យន្តហោះ​ដែល​ជួប​គ្រោះ​ថ្នាក់ កំពុង​ធ្វើ​ដំណើរ​ពី​មូលដ្ឋាន​ទ័ព​អាកាស​នៅ​ក្រុង Medan ទៅ​កាន់​កោះ​ដាច់​ស្រយាល Natuna ប៉ុន្តែ​បាន​ធ្លាក់​បន្ទាប់​ពី​ហោះ​ហើរ​ឡើង​​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​បញ្ជាក់​ថា អាកាសយានិក​បាន​ស្នើ​សុំ​ត្រលប់​ក្រោយ​វិញ ព្រោះ​មាន​បញ្ហា​បច្ចេកទេស​មុន​ជួប​គ្រោះ​ថ្នាក់។ យ៉ាង​ណា​ក្ដី គេ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ពិត​​ ដែល​នាំ​ឲ្យ​យន្តហោះ​ទៅ​ធ្លាក់​ចំ​កន្លែង​មាន​មនុស្ស​ច្រើន​បែប​​នេះ​ទេ៕

 

 

 

ប្រភេទ​យន្តហោះ C-130 Hercules ដែល​ជួប​គ្រោះ​ថ្នាក់  

 

  ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ Channelnewsasia