​អាជីវកម្ម​ចម្លង​​ អាច​ប្រឈម​បញ្ហា​អ្វី​ខ្លះ?

  • 2015-07-07 16:43:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជីវកម្ម​ចម្លង​គ្នាក្នុង​ប្រទេស​កម្ពុជា កំពុង​មាន​​កំណើន​ឡើង​ខ្លាំង ​ក្នុង​មួយ​រយៈ​ចុងក្រោយ​នេះ ជាក់​ស្ដែង​ហាង​ស្លាក ២៥០០៛ និង ​កាហ្វេ​ចល័ត​តែ​ម្ដង។ តើ​ការ​បើក​អាជីវកម្ម​ចម្លង​​តាម​គេ​ស្ទើរ​គ្រប់គ្នា​នេះ អាច​មាន​ផល​ប៉ះពាល់​អ្វី​ខ្លះ?

 

គ្រាន់​តែ​បើក​ភ្លាម មនុស្ស​សម្រុក​ចូល​ទិញ​ភ្លូក​ទឹក​ភ្លូក​ដី។ នេះ​ហាង​ស្លាក ២៥០០៛ពី​មុន​ ចុះ​ឥលូវ​​វិញ​យ៉ាង​ម៉េច​ដែរ? អ្នក​ស្រី​ចិន្តា ម្ចាស់​អាជីវកម្ម​ហាង ២៥០០៛ តាម​បណ្ដោយ​ផ្លូវ ៣១០ បាន​លើក​ឡើង​ថា ចំណូល​ពី​ការ​លក់​ប្រចាំថ្ងៃ​ធ្លាក់​ចុះ​សឹង​ពាក់​កណ្ដាល បន្ទាប់​ពី​មាន​ហាង​លើក​ស្លាក ២៥០០៛ រីក​ដូច​​ផ្សិត​មក។

 

អាជីវករ​រូប​នេះ សម្ដែង​ក្ដី​បារម្ភ​នៃ​អាជីវកម្ម​ដែល​បង្កើត​ថ្មី​ស្រដៀង​ៗ​គ្នា ថា​មិន​យូរ​មិន​ឆាប់ បណ្ដា​ហាង​ទាំង​នោះ នឹង​មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ។

 

 

ចំណែក​លោក យ៉ែម ឈីម ជាស្ថាបនិក និងអ្នក​គ្រប់គ្រង​ទូទៅ​របស់ Mobile Coffee បាន​បង្ហាញ​ក្ដី​បារម្ភ​ដែរ​ថា អាជីវកម្ម​ចម្លង​គេ​​មាន​ហានិភ័យ​ច្រើន ដែល​អាច​ឈាន​ទៅ​រក​បរាជ័យ។

 

លោក​បន្ត​ថា " អាជីវករ​អាចមាន​​​ហានិភ័យ​លើ​កម្មសិទ្ធិបញ្ញា ដែល​ត្រូវ​ប្រឈមមុខ​ផ្លូវច្បាប់ និង​សង​ម្ចាស់​កម្មសិទ្ធិបញ្ញា​ តាមច្បាប់​អាជីវកម្ម។ ការ​ចម្លង​ផ្នែក​ភេសជ្ជ និង​អាហារ បាន​តែ​សំបកក្រៅ តែ​រសជាតិ និង​គុណភាព គឺ​មាន​ភាគរយ​តិច​ណាស់​ដែល​ដូច​ម្ចាស់​ដើម"។

 

អាជីវកម្ម​ចម្លង​គេមាន​ផល​អវិជ្ជមាន​អ្វី​ខ្លះ? ស្ថាបនិក Mobile Coffee រូប​នេះ​លើក​ឡើង​ថា ទី១ ប៉ះ​ពាល់​ដល់​កិត្តិយស​កេរ្តិ៍ឈ្មោះ​ជាតិសាសន៍​ខ្លួន​ឯង។​ បើ​​ប្រទេស​មួយ​​សំបូរ​ទៅ​ដោយ​អ្នកចម្លង ប្រទេស​ឬ​អាជីវកម្ម​នោះ ​នៅតែ​ដើរ​​ក្រោយ​គេ​ ​គ្មានការ​រីកចម្រើន ហើយ​បើ​ទោះ​ជោគជ័យ ក៏​ប្រជាជននិង​ប្រទេស​ជិត​ខាង​ មិន​អោយ​តម្លៃដែរ។ ទី២ មាន​ហានិភ័យ នៃ​ការ​​​បរាជ័យ​ខ្ពស់ ដោយ​សារ​អាជីវករ ​​គ្មានគំនិត​​​​ច្នៃប្រឌិត និងគម្រោង​អាជីវកម្ម​ច្បាស់​លាស់។ ទី៣ កិត្តិយស​ម្ចាស់​អាជីវកម្ម​ នឹង​មិន​មាន​នៅ​ក្នុង​កែវ​ភ្នែក​ប្រជាជន។

 

បច្ចុប្បន្ន​បើ​តាម​ការ​សង្កេត ​អ្នក​ចម្លងរបរ​កាហ្វេ​ចល័ត ៩០% ហើយ ដែល​មិន​ទទួល​​ជោគជ័យ ដោយ​អ្នក​ខ្លះត្រូវ​​បិទទ្វារ​ទៅ​វិញ ហើយ​អ្នក​ចម្លង​​ថ្មី​ក៏​បង្ហាញ​ខ្លួន​ទៀត ព្រោះ​ពួកគេ​គ្មាន​គម្រោង និង​ជំនាញ​ច្បាស់​លាស់។ លោក​យ៉ែម ឈីម ចូលរួម​ចែករំលែក​​មតិ​ថា ដើម្បី​ធ្វើ​អាជីវកម្ម​មួយ​ទៅ​បាន គឺ​អាជីវករ​​​ត្រូវ​​មាន​គម្រោង​អាជីវកម្ម និង​ការវិភាគ​ច្បាស់​លាស់ ត្រូវ​មាន​ចំណេះដឹង​ទូលំទូលាយ បទពិសោធន៍ គំនិត​ច្នៃ​ប្រឌិត ដើមទុន​គ្រប់គ្រាន់ និង​ភាព​ជា​អ្នក​ដឹកនាំ។ ​

 

 

 

ទាក់ទិននឹង​ការ​រកស៊ី​តាម​គ្នា​​ គ្មាន​​​​អ្វី​​ប៉ះ​ពាល់​ដល់​​មុខ​មាត់ និងសេដ្ឋកិច្ច​ប្រទេស​ជាតិឡើយ​​ ផ្ទុយ​ទៅ​វិញ​អាជីវកម្ម​បែប​នេះ មានតួ​នាទី​ជំរុញ​ឱ្យ​វិស័យ​សេដ្ឋកិច្ច​ប្រទេស រីកចម្រើន​ទៅ​វិញ​ទេ​។ នេះ​ជា​ការ​លើកង​ឡើង​របស់​​ លោក កែន រដ្ឋា អ្នកនាំពាក្យ​នៃក្រសួង​ពាណិជ្ជកម្ម។ ​ទោះយ៉ាងណា​លោក​ព្រមាន​ថា បើ​​ក្នុង​ករណី​អាជីវកម្ម​ចម្លង​គ្នា មាន​​ច្រើន​ហួស​​តម្រូវការ អាចធ្វើ​​​ឱ្យ​អ្នកជំនួញ​មាន​បទពិសោធន៍​ល្មមៗ​ដួល​ឬ​បិទ​ទ្វារ​ ​ជា​ហេតុ​​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ ឬ​មួយ​ទៀត​អាជីវករ អាច​ជាប់ចោទពី​បទ​រំលោភ​លើ​ កម្មសិទ្ធបញ្ញា​របស់​ម្ចាស់​ដើម។

 

"ដូច​ហាង​កាហ្វេ​សព្វថ្ងៃ​ចឹង ឥឡូវ​តម្រូវ​ការ​នៅ​មាន អ្នក​បើក​ហាង​កាហ្វេ​ភាគច្រើន គឺ​គាត់​ជោគជ័យ"។ លោក​បញ្ជាក់​ ប៉ុន្តែ​អ្វី​ដែល​លោក​បារម្ភ​​ផ្សេង​ទៀត​នោះ គឺ​កម្មសិទ្ធិ​បញ្ញា។

 

អ្នកនាំពាក្យរូប​នេះ​​​ថ្លែង​បន្ត​ថា ដោយ​សារកម្ពុជា​ ជា​​ទីផ្សារ​សេរី គឺ​រដ្ឋាភិបាល​មិន​ហាម​ឃាត់ ក្នុង​​របរ​តាម​គ្នា​នេះ​ឡើយ ប៉ុន្តែ​​រដ្ឋាភិបាល​ សូម​ឱ្យ​អ្នកជំនួញ​គ្រប់រូប​​ចេះ​​របៀបវិភាគ ចេះ​​​ធ្វើ​​គម្រោងអាជីវកម្ម មាន​គំនិត​ច្នៃ​ប្រឌិត និង​យល់​ដឹង​ពី​ច្បាប់​កម្មសិទ្ធិ​បញ្ញា ដើម្បី​ឈាន​ទៅ​រក​ភាព​ជោគជ័យ៕

 

សកម្មភាព​អតិថិជន​​ទិញ​កាហ្វេ​តាម​រទេះ​កន្លង​ទៅ

 

ចុចអាន៖ លក់​​កា​ហ្វេ​​តាម​​រ​ទេះ​​កំ​ពុង​​ពេញ​​និ​យម ព្រោះ​​អ្នក​​លក់​​​​​ឃើញ​​ល្បិច​​អីចឹងតើ!​

ចុចអាន៖ បដិវត្ត​​​​អាជីវកម្ម​​ចល័ត​បែប​ឆើត​ឆាយ​​​​​​​​កំពុង​​សម្លាប់​​​អ្នក​លក់​គ្មាន​ការ​​ច្នៃ​ប្រឌិត? ​​​​​

 

 

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទថ្មី