ឈីលី បង្កើតប្រវត្តិសាស្រ្តថ្មី ១០០ ឆ្នាំលើកពាន Copa America ក្រោយឈ្នះអាហ្សង់ទីនដោយប៉េណាល់ទី
- 2015-07-05 16:00:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈីលី បង្កើតប្រវត្តិសាស្រ្តថ្មី ១០០ ឆ្នាំលើកពាន Copa America ក្រោយឈ្នះអាហ្សង់ទីនដោយប៉េណាល់ទី
ចន្លោះមិនឃើញ
ក្រុមម្ចាស់ផ្ទះឈីលី បានលើកពាន Copa America លើកដំបូងក្នុងប្រវត្តិសាស្ត្រ រយៈពេលជិត១សតវត្ស បន្ទាប់ពីឈ្នះលើក្រុមអាហ្សង់ទីន ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី ៤-១ នៅវគ្គផ្ដាច់ព្រ័ត្រ កាលពីព្រឹកមិញ ខណៈដែលម៉ោងធម្មតា ក្រុមទាំង២បញ្ចប់លទ្ធផលស្មើគ្នា ០-០។
Alexis Sanchez របស់កាំភ្លើងធំ Arsenal គឺជាពេជ្ឈឃាដចុងក្រោយ និងជាវីរបុរសរបស់ឈីលី ដែលជួយឲ្យម្ចាស់ផ្ទះលើកពានមួយនេះ បន្ទាប់ពី Gonzalo Higuaín របស់ក្លិប Napoli ស៊ុតរំលងរបារទីទៅខាងលើ និង Ever Banega របស់ក្លិប Sevilla បានស៊ុតត្រូវអ្នកចាំទី Claudio Bravo របស់ឈីលី ជួយសង្គ្រោះបានទៀត។
ឈីលី ដែលមានសាច់បាល់គ្រប់គ្រងដល់ទៅ៥៧% និងស៊ុតបាន១៨ជើងយប់មិញនេះ បានចូលលេងក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះ តាំងពីឆ្នាំ១៩១៦ ប៉ុន្តែមិនដែលធ្លាប់លើកពានឡើយ ដោយបានត្រឹមជើងឯករង៤ដង (១៩៥៥, ១៩៥៦, ១៩៧៩ និង១៩៨៧)។
ចំណែកឯក្រុមជម្រើសជាតិអាហ្សង់ទីនវិញ ខកខានលើកពានអន្តរជាតិធំៗរយៈពេល២២ឆ្នាំហើយ បើគិតចាប់ពីលើកពាន Copa America នេះលើកចុងក្រោយ កាលឆ្នាំ១៩៩៣ នៅប្រទេសអេក្វាឌ័រ ខណៈដែលកីឡាករឆ្នើមម្ចាស់ពាន Ballon d'Or ៤សម័យកាល Lionel Messi ខកខានលើកពានក្នុងព្រឹត្តិការណ៍ដ៏ធំម្ដងទៀត បន្ទាប់ពីអាហ្សង់ទីន ចាញ់អាល្លឺម៉ង់ នៅ World Cup ឆ្នាំមុន៕
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ bbc