៥យ៉ាង ប្រែក្លាយជីវិតឯកាទៅជាស្រស់បំព្រង
- 2015-07-05 17:18:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥យ៉ាង ប្រែក្លាយជីវិតឯកាទៅជាស្រស់បំព្រង
ចន្លោះមិនឃើញ
ពេលអ្នកពុំទាន់មានគូ នឿយហត់ និងឃើញគូស្នេហ៍គេផ្អែមល្ហែមនឹងគ្នា ដូចជាថើបគ្នានៅតាមសួនច្បារ ឬឃើញគូស្នេហ៍គេដើរកាន់ដៃគ្នា និងមើលទៅមនុស្សភាគច្រើន សុទ្ធតែមានគូគេ នោះអ្នកនឹងមានអារម្មណ៍ថា វាពិតជាឯកាសម្រាប់ជីវិតមួយនេះ។ ប៉ុន្តែដើម្បីជួយឲ្យអារម្មណ៍ដ៏សែនឯកា រសាត់បាត់ឆ្ងាយ តើយើងគួរធ្វើយ៉ាងណា? ខាងក្រោមនេះ ជាវិធីសាស្ត្រមួយចំនួន អាចជួយប្រិយមិត្តបាន៖
១. ចំណាយពេលជាមួយគ្រួសារ និងមិត្តភ័ក្ដិ៖
បើអ្នកមានអារម្មណ៍ឯកាខ្លាំង អ្នកអាចប្រាប់រឿងរ៉ាវជីវិត ទៅដល់គ្រួសារ ឬមិត្តភ័ក្ដិជិតស្និត ហើយបើពួកគាត់នៅជិតអ្នកអាចចំណាយពេលជាមួយពួកគាត់ធ្វើអ្វីៗ ដើម្បីបំបាត់អារម្មណ៍ឯកា ប៉ុន្តែបើពួកគាត់នៅឆ្ងាយ អ្នកអាចនិយាយតាមទូរស័ព្ទ ឬទាក់ទងគ្នាតាមបណ្ដាញសង្គមក៏បាន។
២. ចេញទៅក្រៅឲ្យញឹកញាប់៖
បើអ្នកនៅតែក្នុងបន្ទប់ នោះនឹងកាន់តែមានអារម្មណ៍តានតឹងកាន់តែច្រើន ដូច្នេះដើម្បីជៀសវាងអារម្មណ៍ឯកាទាំងនេះ អ្នកគួរតែចេញទៅក្រៅលំហែអារម្មណ៍ដូចជា ដើរផ្សារ ឬទៅញ៉ាំអីជាមួយមិត្តភ័ក្ដិ ឬរាប់អានគ្នាជាមួយអ្នកជិតខាង បបួលពួកគាត់ទៅញ៉ាំតែ ឬកាហ្វេ ឬក៏ដើរកម្សាន្តតាមតំបន់ទេសចរណ៍ណាមួយ។
៣. ចូលរួមជាមួយក្រុមការងារសង្គម៖
វាជារឿងដ៏ល្អបំផុត បើអ្នកយកភាពឯកា ទៅធ្វើអ្វីដែលមានប្រយោជន៍សម្រាប់សង្គមជាតិ។ ឧទាហរណ៍ដូចជា៖ ចូលជាស្ម័គ្រចិត្តជាមួយអង្គការកាកបាទក្រហម ឬអង្គការមនុស្សធម៌នានា ដែលជួយដល់សង្គម ឬកុមារ...។
៤. ចិញ្ចឹមសត្វ៖
សត្វចិញ្ចឹម អាចជួយឲ្យអ្នក កាត់បន្ថយ ឬបាត់អស់អារម្មណ៍ឯកា ពេលដែលអ្នកនៅផ្ទះ ហើយវាក៏ក្លាយជាដៃគូដ៏ល្អសម្រាប់អ្នក ដើម្បីបំបាត់ស្ត្រេស ហើយអ្នកក៏អាចដើរកម្សាន្ត ដោយយកវាទៅជាមួយផងដែរ។
៥. លេងកីឡា ឬហាត់ប្រាណ៖
ពេលដែលឯកា ឬធុញថប់ អ្នកគួរតែទៅលេងកីឡាដែលខ្លួនចូលចិត្ត ដើម្បីបន្ធូរអារម្មណ៍ ដូចជា៖ លេងបាល់ទាត់ បាល់ទះ បាល់បោះ វាយសី...។ ប៉ុន្តែអ្នកមិនចង់លេងកីឡាប្រភេទនោះទេ អ្នកអាចដើរតាមមាត់ទន្លេ ឲ្យបានឆ្ងាយ រត់ហាត់ប្រាណ ហែលទឹក ឬហាត់តាមក្លិបហាត់ប្រាណ។ ពេលដែលខ្លួនរបស់អ្នកធ្វើសកម្មភាព បែកញើស នោះអារម្មណ៍ឯកា ក៏រំសាយទៅតាមនោះដែរ៕
ចុះប្រិយមិត្តយល់ស្រប ឬមានអ្វីចង់បន្ថែមដែរទេ?
-ចុចអាន៖ ៤ចំណុច លួងចិត្តគូស្នេហ៍កុំឲ្យប្រចណ្ឌ
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ wikihow