ផលិតកម្មចម្រៀងចំនួន ៦ ទើបបង្កើតថ្មី នៅឆ្នាំ ២០១៥ នេះ
- 2015-07-08 21:39:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផលិតកម្មចម្រៀងចំនួន ៦ ទើបបង្កើតថ្មី នៅឆ្នាំ ២០១៥ នេះ
ចន្លោះមិនឃើញ
យ៉ាងហោចណាស់ មានផលិតកម្មចម្រៀងចំនួន ៦ ទើបបង្កើតឡើងថ្មីនៅក្នុងឆ្នាំនេះ ក្នុងគោលបំណងចូលរួមចំណែកលើកស្ទួយវិស័យសិល្បៈខ្មែរ។
១. កាលីប៖ ទោះបីផលិតកម្មនេះ ទើបបង្កើតឡើងក្នុងឆ្នាំ ២០១៥ ក៏ពិតមែន ប៉ុន្តែលោក កូវ វុទ្ធី ចាងហ្វាងផលិតកម្ម ធ្លាប់បានទទួលស្គាល់ភាពជោគជ័យសម្រាប់រដូវកាលចូលឆ្នាំកន្លងទៅនេះ ដោយលក់ ស៊ីឌី អស់ជាង ៦ ម៉ឺនបន្ទះ។ ហេតុផលជោគជ័យ លោកបញ្ជាក់ថា ក៏ព្រោះតែមានការចូលរួមពីតារាកំប្លែងល្បីឈ្មោះជាច្រើនរួមមាននាយ ក្រឹម, ដួង សុខគា និងអ្នកនាង ខាត់ សុឃីម ជាដើម៕
២. Cstar៖ ត្រូវគេមើលឃើញថា បានប្រឹងប្រែងស្វែងរកភាពជោគជ័យដូចគ្នា សម្រាប់រដូវកាលចូលឆ្នាំកន្លងមក ដោយប្រមូលតារាចាស់ថ្មីប្រមាណជាង ២០០ នាក់ដើម្បីការថត MV ចម្រៀងថ្មីៗ ប្រមាណ ៣ អាល់ប៊ុមជាប់គ្នា ជាចង្វាក់ប្រពៃណី។ ក្នុងនោះក៏មានទាំងការចូលរួមច្រៀង និង សម្ដែងពីនាយ ក្រូច, នាយ ចែម និង ស្រីអ៊ីត ទៀតផង៕ (ប្រភព កោះសន្តិភាព)
៣. We Production៖ ជាសមាជិកថ្មីមួយទៀតរបស់ផលិតកម្ម ហង្សមាស ដែលប្រមូលផ្ដុំដោយ បេក្ខភាពThe Voice Cambodia រដូវកាលទី ១ ចំនួន ១៥ នាក់ រួមទាំងបេក្ខជនជយលាភី ប៊ុត សីហា ផងដែរ។ អ្នកគ្រប់គ្រង We Production អ៊ិន ទីតូ ជឿជាក់ថា នឹងទទួលបានការគាំទ្រខ្លាំងពីទស្សនិកជន ព្រោះតារាចម្រៀងទាំងអស់សុទ្ធសឹងតែទទួលបានការដុសខាត់សមត្ថភាពត្រឹមត្រូវ។ (ប្រភព Hangmmeasdialy)
៤. The Best Media៖ ជាក្រុមផលិតចម្រៀងមួយ ដែលមាននិន្នាការមិនចម្លងបទបរទេស ត្រៀមក្លាយខ្លួនជាផលិតកម្មចម្រៀងក្នុងពេលឆាប់ៗនេះ។ យុវជន ធី វ៉ាន់ថា ជាប្រធានក្រុមវ័យ ២៣ ឆ្នាំបញ្ជាក់ថា ពាក្យថា The Best មិនមែនបានន័យថា ពូកគេល្អឥតខ្ចោះនោះទេ ប៉ុន្តែ សមាជិកទាំងអស់ នឹងប្រឹងប្រែងផលិតថ្មីៗ អស់ពីលទ្ធភាព៕
៥. BKS៖ បានសម្ពោធជាផ្លូវការអំឡុងចុងខែ មករា ២០១៥ ដោយមានយុវជន ឈុន សុវណ្ណភក្ដី ជាអ្នកចាត់ការទូទៅក្នុងផលិតកម្ម ដែលមាននិន្នាការបង្កើតបទចម្រៀងថ្មីៗ ជាស្នាដៃខ្លួនឯង មិនចាំបាច់ចម្លងពីបរទេស។ អ្នកចាត់ការវ័យក្មេងរូបនេះ បញ្ជាក់ថា បច្ចុប្បន្ន BKS មានតារាចម្រៀង ៧ នាក់ហើយ៕
៦. Only U៖ ត្រូវបានប្រភពសុំមិនបញ្ចេញឈ្មោះនៅក្នុងរង្វង់សិល្បៈម្នាក់បង្ហើបថា ជាកម្មសិទ្ធិរបស់តារាសម្ដែង ស៊ឹម សុរាមភូមិ។ ប្រភពដដែលបញ្ជាក់ថា ផលិតកម្មថ្មីនេះ នឹងដំណើរការដោយបើកចំហនៅខែក្រោយ ដោយមានតារាចម្រៀងមួយចំនួនចូលរួមដូចជា ម៉ារ៉ា បុណ្ណា ជាដើម៕
អត្ថបទ៖ សំ ជំនាញ