Xiaomi បញ្ចេញវ៉ែនតា AI អាចថតរូបភាព និងវីដេអូកម្រិត 2K

  • 2025-06-27 01:28:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Xiaomi ទើបប្រកាសចេញនូវផលិតផលអេឡិចត្រូនិចជាច្រើន ក្នុងនោះមានបញ្ចេញវ៉ែនតា AI មួយគ្រឿងផងដែរ ដើម្បីប្រជែងជាមួយ Ray-Ban Meta ភ្ជាប់មកនូវទំហំថ្មប្រើប្រាស់បានយូរជាង កម្រិតគុណភាពថតបានច្បាស់ជាង និងការបញ្ជាដោយប្រើសម្លេងទាំងស្រុង។

Xiaomi AI Glass មានរូបរាងដូចជាវ៉ែនតាទូទៅដែរ ប៉ុន្តែនៅផ្នែកខាងស្ដាំ មានកន្លែងប៉ះបញ្ជាសម្រាប់ប្ដូរកម្រិតភាពខ្មៅ ការពារពន្លឺ ទៅតាមការប្រើប្រាស់ indoor ឬ outdoor។ វ៉ែនតានេះ មានទម្ងន់ត្រឹម ៤០ ក្រាម ប៉ុន្តែបំពាក់មកនូវកាមេរ៉ាទំហំ 12MP ប្រើប្រាស់ស៊េនស័រ Sony IMX 681 ដែលអាចថតរូបភាព និងវីដេអូ បានដល់កម្រិត 2K (1440p) ល្បឿន 30fps និងមានរន្ធស្រូបសម្លេង ចំនួន ៥ គ្រាប់ផ្គួបជាមួយមុខងារកាត់បន្ថយសម្លេងរំខាន (wind-noise reduction) ព្រមទាំងមានរន្ធបំពងសម្លេង ២ គ្រាប់សម្រាប់មើលវីដេអូដែលបានថតរួចផងដែរ។

វ៉ែនតា AI នេះត្រូវបានដំណើរការដោយឈីប Snapdragon AR1 ប្រព័ន្ធប្រតិបត្តិការ Vela OS និងបំពាក់ថ្មទំហំ 263mAH ដែលក្រុមហ៊ុន Xiaomi អះអាងថា អាចប្រើប្រាស់បានដល់ ៨ ម៉ោង ៣៦ នាទី ដែលបានយូរជាង Ray-Ban Meta រហូតដល់ ២ ដង ហើយយើងក៏អាចសាកថ្មតាម USB C ដោយមិនបាច់ប្រើប្រអប់ដែរ។

វ៉ែនតា AI នេះមានពណ៌ជ្រើសរើសចំនួន ៣ ពណ៌គឺ ខ្មៅ ត្នោត និងបៃតង ដែលនឹងដាក់លក់នៅប្រទេសចិនដំបូងគេ ក្នុងតម្លៃចាប់ពី ២៧៨ ដុល្លារ។

អត្ថបទ៖ Khong Phearum

អត្ថបទពេញនិយម