សុគន្ធ ធារ៉ាត់ សច្ចា​ធ្វើ​តែ​បទ Original Song ហើយ​ធ្វើ​ឲ្យ​បាន​លេខ​១​ទៀត!

  • 2015-07-09 18:25:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង សុគន្ធ ធារ៉ាត់ បាន​តាំង​ចិត្ត​ថា ចាប់​ពី​ពេល​នេះ​ទៅ ឈប់​ប៉ះ​ហើយ​បទ​ចម្រៀង​ចម្លង​ពី​គេ តែ​នឹង​ធ្វើ​តែ​បទ Original Song សុទ្ធ​វិញ ព្រម​ទាំង​ធ្វើ​ឲ្យ​ល្អ​ជាង​គេ​ថែម​ទៀត។

 

អតីត​តារា​ចម្រៀង​ផលិតកម្ម Spider ប្រាប់​ទៀត​ថា មូលហេតុ​ដែល​លោក​តាំង​ចិត្ត​មុតមាំ​ងាក​មក​ធ្វើ​តែ​បទ Original ព្រោះ​តែ​សម្លឹង​វែង​ឆ្ងាយ​ទៅ​វេលា​ដែល​កម្ពុជា​នឹង​ត្រូវ​ច្របាច់​បញ្ចូល​ក្នុង​សហគមន៍​អាស៊ាន​តែ​មួយ ឬ​ហៅ​ថា "សមាហរណកម្ម​អាស៊ាន" ដែល​វេលា​នោះ លោក​មាន​ជំនឿ​ថា បទ​ចម្លង​ពី​គេ នឹង​លែង​មាន​ប្រជាប្រិយភាព។

 

 

ធារ៉ាត់ ថ្លែង​ថា "ឥឡូវ​ហ្នឹង​យើង​ចូល​អាស៊ាន​ស្អែក​ខាន​ស្អែក​ហើយ អីចឹង​លែង​ត្រូវ​ការ​ប្រើ​បទ​ចម្រៀង​ចម្លង​ពី​អី​ទៀត​ទេ។ ម្យ៉ាង​ពី​មុន​ខ្មែរ​យើង​អត់​សូវ​គាំទ្រ​បទ Original ទេ តែ​ឥឡូវ​ពួក​គាត់​គាំទ្រ​​ណាស់។ មិន​ត្រឹម​តែ​ខ្ញុំ​ទេ ដូច​បង​ឃើញ​ស្រាប់​ហើយ ផលិតកម្ម​មួយ​ចំនួន​ក៏​ងាក​មក​ធ្វើ​បទ Original Song ច្រើន​ដែរ។ តាម​ទស្សនៈ​ផ្ទាល់​ខ្លួន ឥឡូវ​បទ​ចម្លង​ពី ៨០% Original ២០% តែ​ដល់​សមាហរណកម្ម​អាស៊ាន​នោះ ខ្ញុំ​ជឿ​ថា Original ៨០% ហើយ​បទ​ចម្លង​ពី​គេ ២០%​វិញ​ហើយ"។

 

សមិទ្ធផល​ពី​ការ​តាំង​ចិត្ត​មុត​មាំ​លើ​ការ​ងាក​មក​ធ្វើ​តែ​បទ​ចម្រៀង Original នា​នេះ សុគន្ធ ធារ៉ាត់ ត្រៀម​នឹង​បញ្ចេញ​៣​បទ​បន្តបន្ទាប់ ក្រោម​កិច្ច​សហការ​រួម​គ្នា​ជាមួយ​អតីត​តារា​ចម្រៀង​ផលិតកម្ម Rock លោក ចេក និង​អ្នកនិពន្ធ​ម្នាក់​ឈ្មោះ មករា។ ម្ចាស់​បទ "“ស្ត្រី​ខ្មែរ​ស្អាត​គ្រប់​បែប " រូប​នេះ ថ្លែង​ថា ប្រសិន​បើ​មិន​មាន​អ្វី​រាំង​ស្ទះ​ទេ បទ Original Song ទី​១​របស់​លោក នឹង​ចេញ​នៅ​សប្ដាហ៍​ក្រោយ។

 

"បទ​ទី​១​នេះ ខ្ញុំ​ធ្វើ​ឲ្យ Full តែ​ម្ដង អត់​ធ្វើ​តែ​ហ្គីតា អ័គ ព្យាណូ ហ្គីតា​អី​ទេ ព្រោះ​ខ្ញុំ​ឃើញ​បង​ប្អូន​យើង​មួយ​ចំនួន ច្រើន​ធ្វើ​តែ​ហ្គីតា អ័គ តែ​បទ​ខ្ញុំ​នេះ គឺ​មាន​ដាក់ សាក់​សូរ​អី​ទៀត ហើយ​សាក់​សូរ​ហ្នឹង​ពិបាក​រក​អ្នក​លេង​ណាស់​បង មាន​តែ​ទៅ​រក​អ្នក​លេង​ជើង​ចាស់​នៅ​ហង្សមាស​អី​ឯណោះ ឲ្យ​គាត់​ជួយ និយាយ​ទៅ​ខ្ញុំ​ធ្វើ​យក​ល្អ​តែ​ម្ដង"។

 

 

Original Song ទី​១​របស់ សុគន្ធ ធារ៉ាត់ ត្រៀម​ចេញ​នៅ​សប្ដាហ៍​ក្រោយ​នេះ​មាន​ចំណង​ជើង​ថា "សង្ឃឹម​ថា​អូន​ទទួល​យក" និយាយ​អំពី​បុរស​ម្នាក់​លួច​ស្រឡាញ់​នារី​ម្នាក់​តែ​ឯង។ ធារ៉ាត់ ថ្លែង​ថា "គ្រាន់​តែ​មួយ​បទ​ហ្នឹង ខ្ញុំ​ធ្វើ​ដល់​ទៅ​ប្រមាណ​២​ខែ​ឯណោះ...និយាយ​ពី​សំឡេង​វិញ ថ្ងៃ​ខ្លះ ខ្ញុំ​ទៅ​ថត សំឡេង​អត់​ល្អ ខ្ញុំ​មក​ផ្ទះ​វិញ​ៗ គ្រាន់​តែ​ចំណាយ​ពេល​ថត​សំឡេង​ប្រហែល​៣​អាទិត្យ ថត​ហើយ​យក​ស្ដាប់​អត់​ល្អ​ថត​ឡើង​វិញ​ទៀត និយាយ​ទៅ​ខ្ញុំ​ចង់​ឲ្យ​បទ​ទី​១​ហ្នឹង​មួយ​ល្អ​បំផុត​តែ​ម្ដង"៕

 

អត្ថបទ៖ ទារិកា

អត្ថបទថ្មី