សាសា៖ រូបនារីរបួសពេញមុខហ្នឹង ជារូបខ្ញុំពិតមែន!
- 2015-07-09 22:27:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាសា៖ រូបនារីរបួសពេញមុខហ្នឹង ជារូបខ្ញុំពិតមែន!
ចន្លោះមិនឃើញ
អំពើហិង្សាប្រុសវាយស្រីល្បីពេញបណ្តាញសង្គមកម្ពុជានេះ កាន់តែពុះកញ្ជ្រោលបន្ទាប់ពី រូបភាពសិល្បការិនីសាសា ដែលមានរបួសផ្ទៃមុខយ៉ាងដំណំ ត្រូវបានបន្តចែកចាយបន្ថែមពីលើវិឌេអូ Clip កាលពីម្សិល។
តារាស្រីរូនេះ ប្រាប់ Sabay នៅរសៀលនេះថា គឺពិតជារូបរងរបួសដ៏គួរអោយឈឺចាប់របស់នាងពិតមែន។
“ចាស...ជារូបខ្ញុំបង...បើរឿងវ៉ៃតិចតួច អត់បញ្ហាទេបង ម៉ាដៃពីរដៃយើងចប់ណាស់ តែនេះលក្ខណៈវ៉ៃហើយអូសខ្ញុំទៅជាន់ ទៅពន្លិចអីចឹង មិនមែនរឿងធម្មតាទេ ខ្ញុំជាស្រីតំណាងមួយរូបដែរ ទទួលរងគ្រោះទទេៗ ហើយចង់ឲ្យចប់ដោយសងលុយអីចឹង ខ្ញុំទទួលយកអត់បានទេ"។
បុរសដៃដល់ដែលគេឃើញក្នុងវីដេអូ Clip ដំបូង ត្រូវបានគេបង្ហាញចេញអត្តសញ្ញាណចំហនៅព្រឹកមិញនេះថា ជាឧកញ៉ាមា្នក់ផ្នែកអចលនទ្រព្យ។
សារព័ត៌មានក្នុងស្រុក ពណ៌នាថា មានការរត់ការសម្រុះសម្រួល តាំងពីមុនពេលរឿងហេតុត្រូវបានលាតត្រដាង និងក្នុងពេលនេះក៏នៅតែបន្ត ប៉ុន្តែភាគីគ្រួសារអ្នករងគ្រោះ ហាក់ពុំបានបង្ហាញជំហរ ផ្សះផ្សារឡើយ។
សាសា ប្រាប់ sabay ថា ឪពុករបស់នាង កំពុងជំរុញដំណើររឿងក្ដីនេះ ហើយថា លទ្ធផលតាមច្បាប់ ទើបជាបំណងពិតប្រាកដរបស់នាង។
«រឿងសំណងអីខ្ញុំអត់ចង់បានទេ គឺចង់ឲ្យតែគេធ្វើទៅតាមច្បាប់ប៉ុណ្ណោះ»។
ទោះបី មជ្ឈដ្ឋានអ្នកវិភាគពត៌មានខ្លះ ព្យាយាមជ្រោមជ្រែងជួយរំដោះទុក្ខឧកញ៉ា(?) ដោយលើកហេតុផលថា ខាងស្រី ស្រវឹង ហើយជាអ្នករករឿងមុន ក៏បណ្តាអ្នកតាមដានផ្នែកសិទ្ធិស្ត្រីមួយចំនួនបានត្រូវស្រង់សម្តីនៅព្រឹកនេះថា នៅក្នុងហេតុផលណាក៏ដោយ ច្បាប់ពុំបានអនុញ្ញាត្តិអោយស្ត្រីណាម្នាក់បាត់បង់សេចក្តីថ្លៃថ្នូរ ហើយទទួលរង ការវាយដំតាមអំពើចិត្តថ្នាក់នេះឡើយ។
និស្សិតស្រីមួយរូបបានសរសេរមកកាន់ Sabay ក្នុងលក្ខខណ្ឌ័មិនបញ្ចេញឈ្មោះថា កាយវិការហិង្សា របស់បុរសខ្មែរក្នុងខ្សែវីដេអូនោះ មិនអាចឆ្លុះបញ្ចាំងពីអកប្បកិរិយាបុរសខ្មែរនានាក៏ពិតមែន ប៉ុុន្តែ វាពិតជា រឿងដ៏អាម៉ាស់និងជាក់ស្តែងបំផុតមួយ។
«បង!តើមានស្រីទន់ខ្សោយអត់លុយកាក់ប៉ុន្មានអ្នកទៀត ដែលត្រូវពួកអ្នកមានព្រួតវ៉ៃដូចសត្វដូច្នេះ? គ្រប់គ្នាចាំមើលថាតើចំណាត់ការច្បាប់និងអំណាចទឹកលុយ មួយណានៅពីលើមួយណា ចំពោះករណីក្តៅគគុកនេះ!»
យោងតាមក្រមព្រហ្មទណ្ឌរបស់កម្ពុជា បទល្មើសប្រើហិង្សាដោយចេតនា នឹងរងការត្រូវផ្ដន្ទាទោសដាក់ពន្ឌនាគារ ពី១ឆ្នាំទៅ ៣ឆ្នាំ ព្រមទាំងបង់ពិន័យជាប្រាក់ពី ២.០០០.០០០(ពីរលាន)រៀលទៅ ៦.០០០.០០០(ប្រាំមួយលាន)រៀល៕
អត្ថបទ៖ ទារិកា