ប្រុស​ដូច​គ្នា​រៀបការ​​ ផ្ដល់​ជំនូន​​លុយ​សុទ្ធ​ជិត​៣​ម៉ឺន​ដុល្លារ និង​គ្រឿង​មាស​មួយ​ចំនួន

  • 2015-07-12 17:41:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ទទួល​ស្គាល់​អាពាហ៍ពិពាហ៍​ភេទ​ដូច​គ្នា​នៅ​សហរដ្ឋអាមេរិក បាន​ធ្វើ​ឲ្យ​កក្រើក​ដល់​ក្រុម​អ្នក​ភេទ​ដូច​គ្នា​នៅ​តាម​ប្រទេស​នានា។ កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ បុរស​ជា​គូស្នេហ៍​មួយ​គូនៅ​ប្រទេស​ថៃ បាន​សម្រេច​ចិត្ត​ដឹក​ដៃ​គ្នា​ចូល​រោង​ការ​តាម​ប្រពៃណី ជូន​បណ្ណាការ​យ៉ាង​ច្រើន បើ​ទោះ​បី​អាជ្ញាធរ​មិន​ទទួល​ស្គាល់​ក្ដី។

 

 

​​​អាពាហ៍ពិពាហ៍​ដ៏​កក្រើក បាន​ប្រព្រឹត្ត​ទៅ​នៅ​ស្រុក Phu Pha Man ខេត្ត Khon Kaen កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ។ គូស្នេហ៍​ដ៏​ស្មោះស្ម័គ្រ​មួយ​គូ​នេះ ម្នាក់​បុរស​ឈ្មោះ Choengchai Plubpiboon អាយុ ៤២​ឆ្នាំ ជា​ម្ចាស់​ក្រុមហ៊ុន​ផលិត​ដែក​ថែប P.B. Metal Co Ltd និង​ម្នាក់​ទៀត​មាន​ឈ្មោះ Uthane Korasing អាយុ ៣០​ឆ្នាំ ដែល​ជា​ម្ចាស់​ផ្ទះ​ប្រារព្ធ​ពិធី​ជ័យ​មង្គល។

 

គ្រួសារ ព្រម​ទាំង​ញាតិមិត្ត​ទាំង​សង​ខាង បាន​ចូល​រួម​ប្រសិទ្ធពរ​ជ័យ ដល់​គូស្នេហ៍​ទាំង​ពីរ​យ៉ាង​ច្រើន​កុះករ។ បើ​តាម​ប្រភព​សារព័ត៌មាន​ថៃ Bangkok Post បាន​ឲ្យ​ដឹង​ថា លោក Choengchai ដែល​ជា​ប្រធាន​ក្រុមហ៊ុន​នោះ បាន​ផ្ដល់​បណ្ណាការ​​​​​​ដល់​គ្រួសារ​លោក Uthane ជា​ប្រាក់ ១​លាន​បាត(ជិត ៣​ម៉ឺន​ដុល្លារ) និង​គ្រឿង​អលង្ការ​មាស​មួយ​ចំនួន​ទៀត​ដែល​មាន​តម្លៃ ២០​ម៉ឺន​បាត ​(ជិត ៦​ពាន់​ដុល្លារ) ។

 

លោក Choengchai បាន​និយាយ​ថា ស្គាល់​លោក Uthane ដែល​ជា​គូ​អនាគត​អស់​រយៈពេល ១​ឆ្នាំ​មក​ហើយ និង​ទើប​សម្រេច​ចិត្ត​ទាក់​ទង​គ្នា​ប៉ុណ្ណោះ។ លោក Uthane ជា​កូន​កសិករ​មែន​ពិត ប៉ុន្តែ​កាន់​សញ្ញាប័ត្រ​ថ្នាក់​អនុបណ្ឌិត និង​ធ្វើការ​នៅ​ក្រុមហ៊ុន​ជំនួញ​គ្រឿង​សំណង់​មួយ​នៅ​បាងកក។

 

“ពេល​ធ្វើការ​ជាមួយ​គ្នា... យើង​ចាប់​ផ្ដើម​ស្គាល់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ក៏​រក​ឃើញ​ផ្នត់គំនិត និង​ការ​ឲ្យ​តម្លៃ​​ដូច​គ្នា... ក្រៅ​ពី​នេះ យើង​ក៏​ស្រលាញ់​គ្រួសារ​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ​... ដូច្នេះ​ខ្ញុំ​សម្រេច​ចិត្ត​នេះ ជា​រឿង​ត្រឹម​ត្រូវ​សម្រាប់​ខ្លួន​ឯង"។ លោក Uthane និយាយ។

 

ចំណែក​លោក Thongchai Plubpiboon ដែល​ជា​ឪពុក​របស់ Choengchai វិញ​បាន​បញ្ជាក់​ថា កូន​របស់​លោក​បាន​ប្រាប់​លោក​តាំង​ពី ១៥​ឆ្នាំ​ថា គេ​ជា​មនុស្ស​ស្រលាញ់​ប្រុស​ដូច​គ្នា។ “គ្រួសារ​យើង​ទទួល​ស្គាល់​កូន បើ​ទោះ​បី​ទៅ​ជា​អ្វី​ក៏​ដោយ... គេ​ប្រឹង​ធ្វើការ​ណាស់ ថែម​ទាំង​ជួយ​បង្កើត​របរ​រកស៊ី​ឲ្យ​គ្រួសារ​ទៀត អ៊ីចឹង​ហើយ​បាន​យើង​មាន​គ្រប់​យ៉ាង... អ្វី​ដែល​គេ​ត្រូវការ​ពេល​នេះ គឺ​ដៃគូ​ជីវិត​ដ៏​ត្រឹមត្រូវ"។ លោក Plubpiboon និយាយ។

 

​បុរស​ជា​ឪពុក​រូប​នេះ បាន​បន្ត​ទៀត​ថា នៅ​ពេល​កូន​ប្រាប់​ពី​រឿង​ចង់​រៀបការ​ជាមួយ​ប្រុស​ដូច​គ្នា លោក​មាន​អារម្មណ៍​ថា​រន្ធត់​ខ្លាំង​ណាស់ ប៉ុន្តែ​ក្រោយ​មក​ក៏​សប្បាយ​ចិត្ត​ឡើង​វិញ។ កូន​ប្រុស​រក​បាន​គូ​អនាគត​ដ៏​ត្រឹម​ត្រូវ​ហើយ ដូច​នេះ​លោក​ត្រូវ​តែ​រីករាយ។ យ៉ាង​ណា​ក្ដី អាពាហ៍ពិពាហ៍​នេះ​មិន​ស្រប​តាម​ច្បាប់​ឡើយ ព្រោះ​ថៃ​នៅ​មិន​ទាន់​ទទួល​ស្គាល់​អាពាហ៍ពិពាហ៍​ភេទ​ដូច​គ្នាទេ៕

 

 

 

ចុចអាន៖ ពេល​​​​ភេទ​ដូច​គ្នា​អាច​រៀប​ការ​​បាន​ ប្រធានាធិ​ប​តី​​​ និង​​ជន​​​ល្បី​ៗ​​អាមេរិក​​និយាយ​​អ្វី​ខ្លះ?​​

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ bangkokpost ​

អត្ថបទពេញនិយម