ហេតុអ្វីអ្នកមាន និងបុគ្គលជោគជ័យចូលចិត្តក្រោកពីព្រលឹម?
- 2015-07-14 14:44:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុអ្វីអ្នកមាន និងបុគ្គលជោគជ័យចូលចិត្តក្រោកពីព្រលឹម?
ចន្លោះមិនឃើញ
តាមការសាកសួររបស់គេហទំព័រ Business Insider ទៅលើនាយកប្រតិបត្តិចំនួន ២៩ នាក់ បានបង្ហាញថា ពួកគេភាគច្រើនងើបពីព្រលឹមចន្លោះពីម៉ោង ៣ ដល់ ៧ ព្រឹក។ ពួកគាត់ភាគច្រើនងើបនៅមុនគូប្រជែង និងសហសេវិកទៅទៀតដើម្បីត្រៀមខ្លួនសម្រាប់គ្រប់យ៉ាងក្នុងថ្ងៃថ្មី។ បុគ្គលទាំងនោះយល់ថាការក្រោកនៅព្រលឹមល្អ តែអ្វីដែលពួកគេរឹតតែឲ្យតម្លៃទៀតនោះគឺ ថាតើការងារអ្វីដែលពួកគេត្រូវធ្វើពេលក្រោកចេញពីគ្រែ ដែលនេះបង្ហាញពីការគ្រប់គ្រងពេលវេលាបានល្អ។
បើតាមលោក Christop Randler មកពីសាកលវិទ្យាល័យអប់រំក្នុងទីក្រុង Heidelberg ប្រទេសអាល្លឺម៉ង់ បានឲ្យដឹងថា ការស្រាវជ្រាវជាច្រើនរកឃើញថា មនុស្សដែលចូលចិត្តងើបពីព្រលឹមជាទូទៅទទួលបានពិន្ទុល្អនៅសាលា ដែលធ្វើឲ្យពួកគេអាចបន្តចូលសាកលវិទ្យាល័យល្អៗ និងទទួលការងារល្អក្រោយបញ្ចប់ការសិក្សា។
ទាំងនេះជាមូលហេតុមួយចំនួនដែលនាំឲ្យបុគ្គលជោគជ័យ និងមហាសេដ្ឋីចូលចិត្តក្រោកពីព្រលឹម៖
១. ហាត់ប្រាណ
ក្រៅពីធ្វើឲ្យសុខភាពល្អ ការស្រាវជ្រាវមួយចំនួនបានរកឃើញថា ការហាត់ប្រាណ ឬរត់ពេលព្រឹកគឺល្អឲ្យរាងកាយត្រៀមខ្លួនឲ្យបានរួចរាល់សម្រាប់ការងារដែលនឹងត្រូវធ្វើ រួមទាំងជួយកំណត់កម្រិតស្ត្រេសដែលអ្នកនឹងជួបនៅពេញមួយថ្ងៃផង។
២. អាចធ្វើការងារផ្ទាល់ខ្លួន
នាយកប្រតិបត្តិក្រុមហ៊ុនធំៗជាច្រើនច្រើនយកពេលវេលាពេលព្រឹកមកធ្វើរឿងបុគ្គល ដែលពួកគេមិនមានពេលធ្វើនៅពេលថ្ងៃ។ ការងារទាំងនោះអាចឲ្យពួកគាត់រីករាយ និងមានសុទិដ្ឋិសម្រាប់ពេលបន្ទាប់ទៀតនៅកន្លែងធ្វើការ។
៣. ចំណាយពេលជាមួយគ្រួសារ
ការអង្គុយញ៉ាំអាហារជុំគ្នានៅពេលព្រឹក ក្លាយជារឿងដ៏កម្រសម្រាប់សង្គមសម័យទំនើប ព្រោះជាទូទៅសមាជិកម្នាក់ៗរវល់នឹងការងារតាំងពីព្រលឹមទល់ព្រលប់។ ដូច្នេះពេលវេលានៅពេលព្រឹកនេះគឺល្អសម្រាប់ការនៅជិតកូនៗ និងមនុស្សជាទីស្រឡាញ់មុននឹងអ្នកត្រូវលាគ្នាទៅកន្លែងធ្វើការរៀងៗខ្លួន។
៤. បង្កើតទំនាក់ទំនង
នាយកប្រតិបត្តិម្នាក់ក្នុងចំណោម ២៩ នាក់ខាងលើយល់ថា ពេលព្រឹកជាឱកាសដ៏ល្អដើម្បីបង្កើនបណ្ដាញរបស់ខ្លួន។ វាជាពេលដ៏ល្អដែលអាចអង្គុយពិភាក្សា ឬជជែកគ្នាលេងជាមួយអតិថិជនសក្ដានុពល មិត្តភ័ក្ដិ និងក្រុមការងារក្នុងវិស័យដែលអ្នកធ្វើការ។ ណាមួយពេលវេលានេះអ្នកអាចអង្គុយញ៉ាំតែ ឬកាហ្វេដោយស្រួលចិត្តមិនចាំបាច់ប្រញាប់ប្រញាល់ថា ត្រូវដល់ម៉ោងធ្វើការដូចពេលថ្ងៃឡើយ។
៥. អានព័ត៌មាន
អ្នកមិនអាចមើលឃើញវែងឆ្ងាយទេ បើអ្នកមិនដឹងពីអ្វីដែលកំពុងកើតមាននៅជុំវិញខ្លួន។ បុគ្គលជោគជ័យក៏យកពេលនេះដើម្បីអានព័ត៌មាន ទទួលយកចំណេះដឹង និងដំណឹងថ្មីៗនៅជុំវិញខ្លួនពួកគេ។
៦. លើកគម្រោងថ្ងៃថ្មី
បើអ្នកមាន List អ្វីដែលអ្នកនឹងត្រូវធ្វើមុន និងបន្តបន្ទាប់ក្នុងមួយថ្ងៃពេញ វាងាយស្រួលសម្រាប់អ្នកព្រោះអ្នកដឹងថា អ្វីដែលត្រូវធ្វើមុន និងត្រូវធ្វើបន្ទាប់ អ្វីដែលមិនទាន់បានធ្វើ។ល។ ធ្វើបែបនេះអ្នកមិនចាំបាច់ត្រូវប្រញាប់ប្រញាល់ចេញពីការងារមួយចូលមួយដោយតក់ក្រហល់ ហើយអ្នកក៏អាចដឹងដែរក្រោយមួយថ្ងៃអ្នកធ្វើអ្វីបានខ្លះ។
៧. ធ្វើការលើគម្រោងដែលមានអាទិភាពជាងគេ
បុគ្គលជោគជ័យមួយចំនួនយកពេលវេលាពេលព្រឹកនេះដើម្បីដោះស្រាយការងារលំបាកៗដែលជាអាទិភាព។ មូលហេតុដែលពួកគេជ្រើសយកពេលនេះគឺដោយសារវាស្ងប់ស្ងាត់ល្អគ្មានការរំខានពីបុគ្គលិក ឬសហការី។
៨. អានអ៊ីមែល
ពេលព្រឹកនេះ អ្នកក៏យកពេលខ្លីមកបើកមើលអ៊ីមែលណាអ្នកទទួល ហើយមិនទាន់ឆ្លើយតប។ ជ្រើសឆ្លើយតបអ៊ីមែលដែលជាអាទិភាពឆ្លើយតបទៅមុន។ អ្នកអាចដឹងថា ការងារនៅកន្លែងណាដែលត្រូវធ្វើ ហើយការងារណាដែលមិនទាន់ធ្វើ។
អូខេ! កុំទ្រមក់។ តោះ! ងើបចេញពីគ្រែ សម្អាតខ្លួន ស្រស់ស្រូបអាហារពេលព្រឹកហើយ រកមនុស្សដំបូងនិយាយពាក្យថា "អរុណសួស្តី" ដើម្បីនាំសិរីសម្រាប់ថ្ងៃថ្មី៕
អាន៖ ញ៉ាំអាហារ៧ប្រភេទនេះ អាចជួយឲ្យស្បែកស្អាតបាន
ប្រែសម្រួល៖ សីហា ប្រភព៖ care2