ប៉ូលិសស៊ើបអង្កេតអ្នកគំរាមសម្លាប់ Sterling និងកូនស្រី
- 2015-07-14 21:17:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ូលិសស៊ើបអង្កេតអ្នកគំរាមសម្លាប់ Sterling និងកូនស្រី
ចន្លោះមិនឃើញ
ប៉ូលិសបានបើកការស៊ើបអង្កេត ស្វែងរកមុខម្ចាស់គណនីបណ្ដាញសង្គម Twitter ដែលបានប្រើប្រាស់គណនីក្លែងក្លាយ គំរាមសម្លាប់ខ្សែបម្រើប្រយុទ្ធ Raheem Sterling និងកូនស្រីតូច បន្ទាប់ពីកីឡាករជម្រើសជាតិអង់គ្លេសរូបនេះ ចាកចេញពីក្លិប Liverpool ទៅ Manchester City នូវតម្លៃ៤៩លានផោន (ជិត៧៦លានដុល្លារ)។
កីឡាករវ័យ២០ឆ្នាំ ដែលព្យាយាមទទូចសុំចាកចេញពីក្លិបហង្សក្រហម និងថែមទាំងបដិសេធមិនព្រមទៅហ្វឹកហាត់ បានក្លាយជាកីឡាករអង់គ្លេស ដែលមានតម្លៃខ្លួនថ្លៃដាច់គេ បន្ទាប់ពីព្រមផ្ទេរទៅលេងឲ្យមេឃខៀវ Man City។ ប៉ុន្តែការផ្ទេរនេះ បានធ្វើឲ្យអ្នកគាំទ្រមួយចំនួន មានការខឹងយ៉ាងខ្លាំង ដល់ថ្នាក់គំរាមកំហែងសម្លាប់កីឡាកររូបនេះ និងកូនស្រីវ័យ៣ឆ្នាំ ឈ្មោះ Melody Rose នៅលើបណ្ដាញសង្គមទៀតផង។
ម្ចាស់គណនីក្លែងក្លាយម្នាក់ដាក់ឈ្មោះថា COUTINHO បានសរសេរទៅ Sterling លើ Twitter ថា៖ "ខ្ញុំនឹងបាញ់កូនស្រីរបស់អ្នក ដោយសារអ្នកក្បត់ក្លិបរបស់ខ្ញុំ ដើម្បីតែលុយ"។ រីឯម្ចាស់គណនីម្នាក់ទៀតឈ្មោះ Razza បានសរសេរថា៖ "ខ្ញុំនៅតែសង្ឃឹមថា Sterling នឹងពាក់អាវក្រហមម្ដងទៀត។ ប៉ុន្តែមិនមែនលេងឲ្យ Liverpool ទេ ពោលគឺអាវ Man City ដែលពោរពេញទៅដោយឈាមរបស់គាត់"។
អ្នកនាំពាក្យរបស់មន្ត្រីប៉ូលិស នៅតំបន់ Merseyside ទីក្រុង Liverpool បាននិយាយថា៖"ភាសាដែលពួកគេប្រើប្រាស់លើបណ្ដាញសង្គមនោះ ពិតជាធ្ងន់ធ្ងរខ្លាំងណាស់។ យើងយល់ថា ករណីនេះវាជារឿងគ្រោះថ្នាក់ខ្លាំង ហើយក្រុមប៉ូលិសរបស់យើងនៅ Liverpool CID កំពុងតែស៊ើបអង្កេតស្វែងរកមុខពិតរបស់ពួកគេ"។
Sterling ដែលបដិសេធកុងត្រាថ្មីជាមួយ Liverpool ពុំបានធ្វើដំណើរមកប្រទេសថៃជាមួយក្រុមហង្សក្រហមទេ ដោយសារនៅចរចាលក្ខខ័ណ្ឌផ្ទាល់ខ្លួនជាមួយក្លិប Man City ដោយគេជឿថាកីឡាករដែលមានតម្លៃខ្លួនថ្លៃជាងគេបំផុតទី៣ ក្នុងប្រវត្តិសាស្ត្របាល់ទាត់អង់គ្លេស នឹងទទួលបានថ្លៃឈ្នួលប្រចាំសប្ដាហ៍ ១៨០ ០០០ផោន (ជិត២៨ម៉ឺនដុល្លារ)៕
-ចុចអាន៖ Man City យល់ព្រមទិញ Sterling ៤៩លានផោនពី Liverpool
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ dailymail