សារ​លិខិត​បេះ​ដូង​របស់​ព្រះ​តេជគុណ​​ សាន​ សុជា​ ផ្ញើ​ជូន​លោក​​ អេ​ ភូថង​

  • 2015-07-15 16:30:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះ​តេជ​គុណ​ សាន​ សុជា​ ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ក្នុង​វិស័យ​ព្រះ​ពុទ្ធ​សាសនា​ជុំ​វិញ​ការ​សម្តែង​ព្រះ​ធម៌​ទេសនា​របស់​ព្រះ​អង្គ​​​បាន​រំភើប​ព្រះ​ទ័យ​​ចំពោះ​ទឹក​ចិត្ត​តស៊ូ​ប្រឹង​ប្រែង​របស់​លោក​ អេ ភូថង​ ដែល​បាន​នាំ​មក​នូវ​មុខ​មាត់ និង​កិត្តិយស​ជូន​ជាតិ​ ​ប៉ុន្តែ​ជីវិត​រស់​នៅ​របស់​អតីត​អ្នក​ប្រដាល់​ដ៏​ល្បី​រូប​នេះ​​មិន​ធូរធា។ ទី​បំផុត​ព្រះតេជគុណ​​អំពាវ​នាវ​ឲ្យ​ អេ ភូថង មក​ទទួល​ការ​ឧបត្ថម្ភ​របស់​ព្រះ​អង្គ​តាម​លទ្ធភាព​ដែល​ព្រះ​អង្គ​អាច​ជួយ​បាន។

 

 

គណនី​ Facebook​ ឈ្មោះ​ គឹម​ សុវណ្ណាធា ​បាន​សរសេរ​ថា ៖«​សារ​លិខិត​បេះ​ដូង​របស់​ព្រះ​គ្រូ​ សាន​ សុជា​ ផ្ញើ​ជូន​បង​ប្រុស​ អេ​ ភូថង! ក្រោយ​ពេល​ស្តាប់​ការ​រៀបរាប់​របស់​បង​ប្រុស​ក្នុង​វីដេអូ​ឃ្លីប​នេះ​ ការ​តស៊ូ​របស់​បង​ ធ្វើ​ឲ្យ​អាត្មា​រំភើប​ចិត្ត​ណាស់។ តាម​ពិត​អាត្មា​មិន​ចូល​ចិត្ត​មើល​ការ​វាយ​តប់​គ្នា​នោះ​ទេ។ ម្យ៉ាង​ទៀត​ក្នុង​ភេទ​ជា​អ្នក​បួស​ដូច​អាត្មា​ រឹត​តែ​មិន​គួរ​ពាក់​ព័ន្ធ​នឹង​រឿង​នេះ​សោះ​ឡើយ​ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​អាត្មា​រំភើប​ចិត្ត​ គឺ​ការ​តស៊ូ​របស់​បង​ប្រុស​ ដែល​យក​ជីវិត​ទៅ​ប្តូរ​ ហើយ​បាន​នាំ​មក​នូវ​កិត្តិយស​ឲ្យ​ជាតិ​ខ្មែរ​យើង​មិន​តិច​ទេ​ ប៉ុន្តែ​អ្វី​ដែល​បង​ទទួល​បាន​ មិន​ស័ក្ដិសម​ទៅ​នឹង​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​បង​ប្រុស​ទាល់​តែ​សោះ»។

 

សារ​នេះ​បាន​បន្ត​ថា ៖«នៅ​ថ្ងៃ​ទី​២៧​ អាត្មា​ រួម​ជា​មួយ​ក្រុម​និស្សិត​អាហារូបករណ៍​ សាកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​ នឹង​ប្រារព្ធ​កម្មវិធី​ចែក​អំណោយ​ និង​សម្ដែង​ធម៌​ដល់​ប្រជាជន​ក្រី​ក្រ​នៅ​ភ្នំពេញ​ ប្រសិន​បើ​បង​បាន​ឃើញ​ហើយ​ សូម​អញ្ជើញ​មក​ជួប​អាត្មា​កុំខាន។ អាត្មា​នឹង​ជួយ​ឧត្ថម្ភ​គ្រួសារ​បង​តាម​លទ្ធភាព​ (ពត៌មាន​លំអិត​ សូម​ទាក់​ទង​អ្នក​រៀប​ចំ​កម្មវិធី​តាម​ទូរសព្ទ​លេខ​ ០១៦ ៥៨៣ ៥៥៣)»។

 

 

គ្រួសារ​របស់​លោក​ អេ ភូថង មាន​ជីវភាព​ខ្វះខាត​នៅ​ឡើយ​ បើ​ទោះ​ជា​លោក​ត្រូវ​បាន​គេ​ដឹង​គ្រប់​គ្នា​ថា ​ជា​អតីត​អ្នក​ប្រដាល់​ដ៏​ល្បី​ឈ្មោះ​ដែល​មាន​ខ្សែ​ក្រវាត់​លំដាប់​ពិភព​លោក។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​លោក​កំពុង​ជួយ​បណ្ដុះបណ្ដាល​កីឡាករ​ប្រដាល់​ជំនាន់​ក្រោយ​ និង​ជួយ​ចិញ្ចឹម​ក្មេង​កំព្រា​ថែម​ទៀត បើ​ទោះ​ជា​ជីវភាព​លំបាក​ក៏​ដោយ​ ហើយ​លោក​កំពុង​រស់​នៅ​ក្នុង​ស្តាត​ចាស់​ដែល​មិន​មែន​ជា​ផ្ទះ​ផ្ទាល់​ខ្លួន​ឡើយ។

 

ទោះ​ជា​ដឹង​ថា​ លោក​មាន​ជីវភាព​លំបាក​យ៉ាង​ណា​ក៏​ដោយ ក៏​កម្រ​ឃើញ​មាន​សប្បុរស​ជន​ណា​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​ក្លិប​កីឡា​ប្រដាល់​អេភូថង​ និង​ជីវភាព​គ្រួសារ​របស់​លោក​ណាស់។ ពេល​នេះ​ព្រះ​​តេជ​គុណ សាន សុធា ងាក​មក​ចាប់​អារម្មណ៍​នឹង​ជីវិត​តស៊ូ​របស់​លោក៕

 

ប្រែ​សម្រួល៖ ជាន ចាន់រ៉ា​

អត្ថបទថ្មី