អង្គុយលើកាបូបលុយអាចបណ្ដាលឲ្យឈឺចាប់ឆ្អឹងខ្នង
- 2015-07-15 17:39:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អង្គុយលើកាបូបលុយអាចបណ្ដាលឲ្យឈឺចាប់ឆ្អឹងខ្នង
ចន្លោះមិនឃើញ
អាការៈឈឺចាប់ឆ្អឹងខ្នង បានកើតឡើងលើមនុស្សប្រមាណពី៧០ ទៅ ៨០ភាគរយ នៅពេលណាមួយក្នុងជីវិត។ មានមូលហេតុជាច្រើន ដែលអាចបណ្ដាលឲ្យឈានដល់ស្ថានភាពនេះ ប៉ុន្តែទម្លាប់ដាក់កាបូបលុយនៅហោប៉ៅក្រោយ និងអង្គុយពីលើជាញឹកញាប់របស់សុភាពបុរសមួយចំនួនក៏រាប់ជាមូលហេតុចម្បងដែរ។
តាមការចុះផ្សាយលើទស្សនាវដ្ដី Basic Health Guide បានឲ្យដឹងថា មូលហេតុចម្បងមួយដែលធ្វើឲ្យបុរសឈឺចាប់ឆ្អឹងខ្នង អាចបណ្ដាលមកពីទម្លាប់ដាក់កាបូបលុយក្នុងហោប៉ៅក្រោយ ពេលកំពុងបើកបរ អង្គុយរៀន ឬធ្វើការជាដើម។
សកម្មភាពនេះបានធ្វើឲ្យដងខ្លួន ជាពិសេស ឆ្អឹងត្រគាក និងឆ្អឹងខ្នង ខុសទីតាំងដើម។ កាបូបលុយប្រៀបដូចជាកំណល់ក្រោមគូទ ហើយបើវាកាន់តែក្រាស់ ហានិភ័យនៃការឈឺចាប់ឆ្អឹងខ្នងកាន់តែខ្ពស់ ហើយជាទូទៅកើតឡើងចំពោះអ្នកទម្លាប់អង្គុយយូរ។
មនុស្សជាច្រើនមិនបានខ្វល់ពីរឿងនេះទេ ប៉ុន្តែតាមពិតវាអាចបង្កគ្រោះថ្នាក់ដល់សុខភាពលើសពីការស្មាន។ ទម្លាប់អង្គុយលើកាបូបលុយកម្រាស់ជាង ១សង់ទីម៉ែត្រប៉ុណ្ណោះ នឹងនាំឲ្យអ្នកឈឺឆ្អឹងខ្នង ចុកចង្កេះ ឈឺសាច់ដុំ ឆ្អឹង និងប៉ះពាល់ដល់ប្រព័ន្ធប្រសាទជាច្រើនទៀត។
ដំណោះស្រាយដែលល្អបំផុត គួរយកកាបូបលុយចេញពីហោប៉ៅ ពេលអង្គុយធ្វើការ រៀនសូត្រ ឬចំណាយពេលបើកបរយូរ។ លើសពីនេះទៅទៀត របស់ដែលមិនចាំបាច់ មិនគួរយកទៅញាត់ក្នុងកាបូបលុយច្រើនទេ ដើម្បីការពារចៃដន្យពេលណាមួយត្រូវអង្គុយពីលើដោយជៀសមិនបាន៕
ប្រែសម្រួល៖ គង់ វិសាល ប្រភព៖ basichealthguide