ជក់បារីអាចបង្កគ្រោះថ្នាក់ដល់សុខភាពលើសពីការស្មាន
- 2015-04-10 23:11:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជក់បារីអាចបង្កគ្រោះថ្នាក់ដល់សុខភាពលើសពីការស្មាន
ចន្លោះមិនឃើញ
បារីមានផ្ទុកសារធាតុគីមីជាង ៤០០០ប្រភេទ ដែលក្នុងនោះប្រហែល ៧០ប្រភេទអាចបណ្ដាលឲ្យកើតជំងឺមហារីក និងមានសារធាតុពុលរាប់រយប្រភេទផ្សេងទៀត។ ប្រិយមិត្តសុទ្ធតែដឹងហើយថាបារីអាចបង្កគ្រោះថ្នាក់ដល់សុខភាព ប៉ុន្តែប្រហែលជាមិនច្បាស់ថាផលប៉ះពាល់មានខ្លាំងកម្រិតណានោះទេ។
បើតាមការស្រាវជ្រាវបានឲ្យដឹងថា ការជក់បារីអាចបណ្ដាលឲ្យស្ទះផ្លូវដង្ហើម រលាកទងសួត កើតរោគមហារីក និងការចុះខ្សោយផ្លូវភេទជាដើម។ ក្រៅពីនេះ ការជក់បារីអាចធ្វើឲ្យអ្នកគេងមិនលក់ បាយមិនបាន ឆាប់ហេវហត់អស់កម្លាំង និងកាត់បន្ថយអាយុផងដែរ។
ចំពោះស្ត្រីមានផ្ទៃពោះវិញ ការជក់បារីអាចបណ្ដាលឲ្យទារកកើតមិនគ្រប់ខែ ឬស្លាប់ និងបង្កគ្រោះថ្នាក់ចំពោះម្ដាយ។ ជាតិនីកូទីននៅក្នុងថ្នាំជក់ អាចបណ្ដាលឲ្យត្បៀតសរសៃឈាមក្នុងទងសុក ដែលធ្វើឲ្យបរិមាណអុកស៊ីហ្សែនផ្គត់ផ្គង់ទៅគភ៌មានការថយចុះ ជាហេតុបង្កហានិភ័យយ៉ាងខ្លាំងក្នុងពេលទារកប្រសូត។ បារីគ្មានប្រយោជន៍ចំពោះសុខភាពនោះទេ គឺមានតែផលប៉ះពាល់ម្យ៉ាងប៉ុណ្ណោះ។
បើតាមការស្រាវជ្រាវមួយផ្សេងទៀតបានឲ្យដឹងថា មនុស្សដែលឈប់ជក់បារីនៅអាយុ ៤០ឆ្នាំ អាចបង្កើនអាយុបាន ១០ឆ្នាំទៀត។ លទ្ធផលសិក្សាទៅលើស្ត្រី ១,៣លាននាក់ បានបង្ហាញថា ការឈប់ជក់បារីនៅពាក់កណ្ដាលវ័យ អាចបញ្ចៀសការស្លាប់មុនអាយុជាងអ្នកជក់ដល់ទៅ ៩០ភាគរយ។
បើចង់ដឹងច្បាស់ថាផលប៉ះពាល់មានដល់កម្រិតណានោះ ទស្សនាវីដេអូដែលគេពិសោធទៅលើសួតជ្រូក លោកអ្នកប្រាកដជាមានការភ្ញាក់ផ្អើល៖
ចុចអាន៖ ៣សំនួរសាមញ្ញនឹងអ្នកជំនាញ តែមានប្រយោជន៍ខ្ពស់សម្រាប់សុខភាពមាត់ធ្មេញ
ប្រែសម្រួល៖ គង់ វិសាល ប្រភព៖ dailymail