កម្ពុជានឹងមានច្បាប់ស្ដីពីម្ហូបអាហារដើម្បីការពារសុខភាពប្រជាជន
- 2015-07-16 15:32:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជានឹងមានច្បាប់ស្ដីពីម្ហូបអាហារដើម្បីការពារសុខភាពប្រជាជន
ចន្លោះមិនឃើញ
ដើម្បីយកចិត្តទុកដាក់ និង ការពារសុខភាពអ្នកប្រើប្រាស់ចំណីអាហារ ក្រសួងពាណិជ្ជកម្មបានពិភាក្សាជាមួយអង្គការ FAO ( អង្គការស្បៀង និង កសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា ) ដើម្បីតាក់តែងសេចក្ដីព្រាងច្បាប់ស្ដីពីម្ហូបអាហារនៅកម្ពុជា។
ច្បាប់នេះ មានគោលបំណងបង្កើតប្រព័ន្ធសុវត្ថិភាពម្ហូបអាហារសម្រាប់ការពារសុខភាពមនុស្ស និង អ្នកប្រើប្រាស់តាមរយៈការទប់ស្កាត់ ការគ្រប់គ្រង និងការលុបបំបាត់នូវការបំពុល និង គ្រោះថ្នាក់ ដែលបណ្ដាលមកពីម្ហូបអាហារចំពោះមនុស្សជាតិ។
ថ្លែងក្នុងសិក្ខាសាលាជាតិស្ដីពីការរៀបចំសេចក្ដីព្រាងច្បាប់ម្ហូបអាហារ នៅសណ្ឋាគារ Intercontinental ព្រឹកម្សិលមិញ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា សព្វថ្ងៃប្រជាពលរដ្ឋមានការព្រួយបារម្ភខ្លាំងណាស់ចំពោះគុណភាពចំណីអាហារ ដោយសារអាហារនាពេលបច្ចុប្បន្ននេះ អនាម័យ និង គុណភាពហាក់នៅមានកម្រិត។
លោកថា ៖ "បើទោះជាការត្រួតពិនិត្យចំណីអាហារកន្លងមក គឺតាមរយៈកាំកុងត្រូក៏ពិតមែន ប៉ុន្តែ កម្ពុជាមិនទាន់មានច្បាប់ជារួមនៅឡើយទេ ហើយមិនទាន់មានអង្គភាពជាក់លាក់ណាមួយទទួលខុសត្រូវលើបញ្ហានេះផងដែរ ម្ល៉ោះហើយយើងចង់បង្កើតច្បាប់នេះ និង ដើម្បីមានភាពជាក់លាក់លើការអនុវត្តនៅពេលមានបញ្ហា នឹងមានស្ថាប័នមួយជាអ្នកទទួលខុសត្រូវពិតប្រាកដ"។ ក្រៅពីច្បាប់នេះ លោកបន្តថា នឹងគ្រោងបង្កើតច្បាប់ ៣ បន្ថែមទៀតគឺ ច្បាប់ E commerce ច្បាប់ការពារអ្នកប្រើប្រាស់ និង ច្បាប់ប្រកួតប្រជែងឲ្យមានតម្លាភាព។
ច្បាប់ស្ដីពីម្ហូបអាហារកំពុងធ្វើសេចក្ដីព្រាង ដែលមានចំនួន ១១ ជំពូក និង ៥៣ មាត្រា ហើយលោកសង្ឃឹមថា ច្បាប់នេះនឹងដាក់ឲ្យប្រើប្រាស់នៅដាច់ឆ្នាំ២០១៥ ចំពោះអ្នកប្រព្រឹត្តល្មើសនឹងទទួលទោសទណ្ឌផងដែរ៕
សូមអាន ៖ បទវិភាគ៖ ប៉ុន្មានចំណុចខាងក្រោម ភ្ញោចអារម្មណ៍រឿងទទួលទានអាហារក្រៅផ្ទះ អត្ថបទ៖ លឹម សុនា