តារា​ខ្មែរ​ល្បី​ៗ ២-៣នាក់ រង​ធម៌​ក្ដៅ​របស់ Facebook

  • 2015-07-23 17:44:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិល្បករ សិល្បការិនី​ខ្មែរ​បី​បួន​នាក់ សុទ្ធ​ជា​តារា​ល្បី​ៗ បាន​រង​គ្រោះ​ដោយ​សារ Facebook លេង​ធម៌​ក្ដៅ​បិទ​គណនី​របស់​ពួក​គេ​ឲ្យ​លែង​ប្រើ​ប្រាស់​កើត​ជា​បន្ត​បន្ទាប់​ក្នុង​រយៈ​ប្រមាណ​តែ​១​ខែ​តែ​ប៉ុណ្ណោះ។

 

សិល្បករ សិល្បការិនី​ខ្មែរ​ទាំង​នោះ បេនីយុំាង អេនឌី និង​តារា​ចម្រៀង​ផលិតកម្ម​ថោន លី អ៊ីវ៉ាធីណា។ អេនឌី គឺ​ជា​តារា​ទី​១​ដែល​បាន​គេ​ដឹង​ថា គណនី​ហ្វេសប៊ុក​របស់​លោក​ត្រូវ​បាន​បិទ។ "ខ្ញុំ​មិន​ដឹង​ថា មាន​រឿង​អី​ទេ ប៉ុន្តែ​ស្រាប់​តែ​សុខ​គេ​បិទ ខ្ញុំ​អត់​មាន​អី​ប្រើ​ទំនាក់​ទំនង​ប្រិយមិត្ត ការងារ​អី​ក៏​អត់​បាន​ទំនាក់​ទំនង​ដែរ​មួយ​រយៈ​មុន​នេះ"។ អេនឌី ថ្លែង។

 

 

យ៉ាង​ណា ក្រោយ​ពី​ខកខាន​ប្រើ​ប្រាស់​ប្រមាណ​១​ខែ គណនី​ហ្វេសប៊ុក​របស់ អេនឌី ត្រូវ​បាន​ដំណើរ​ជា​ធម្មតា​វិញ។ អតីត​តារា​ចម្រៀង​ហង្សមាស​រូប​នេះ ឲ្យ​ដឹង​ថា ទម្រាំ​បាន​មក​វិញ​ពិត​ជា​ពិបាក​ណាស់ ដោយ​ក្នុង​នោះ​លោក​ត្រូវ​ផ្ញើ​អត្តសញ្ញាណ​ប័ណ្ណ​ទៅ​ឲ្យ​មិត្ត​នៅ​អាមេរិក​ជួយ​ទើប​បាន។

 

"ទោះ​បាន​មក​វិញ ប៉ុន្តែ​ត្រូវ​ប្ដូរ​ឈ្មោះ​ទៅ Leav Piseth វិញ​តាម​អត្តសញ្ញាណ​ប័ណ្ណ។ គេ​មិន​ចង់​ឲ្យ​ផង ព្រោះ Account  ចាស់​ឈ្មោះ Andyទាល់​តែ​ខ្ញុំ​ពន្យល់​ថា ខ្ញុំ​ជា​អ្នក​សិល្បៈ ត្រូវ​ប្រើ Nick Name អីចឹង​ទៅ ទើប​គេ​ព្រម" អេនឌី បន្ថែម។

 

តារា​ខ្មែរ​ម្នាក់​ទៀត គឺ​តារា​ស្រី​កំពុង​ឡើង​កូដ បេនីយុំាង ក៏​ត្រូវ​បាន Facebook លេង​ធម៌​ក្ដៅ​ដាក់ ​ដោយ​បិទ​គណនី​របស់​នាង​លែង​ឲ្យ​ដំណើរ​ការ​ដែរ ដែល​មក​ដល់​ឥឡូវ​អស់​រយៈ​ពេល​ជាង​១​ខែ​មក​ហើយ។ ដូច​នឹង អេនឌី ដែល តារា​ស្រី​រូប​នេះ​បញ្ជាក់​ថា អត់​ដឹង​ពី​មូលហេតុ​ពិត​ប្រាកដ​នៃ​ការ​បិទ​គណនី​នាង​ទេ។ ទោះ​យ៉ាង​ណា នាង​បាន​កត់​សម្គាល់​ផ្ទាល់​ខ្លួន​ថា ករណី​នេះ បន្ទាប់​ពី​មាន​គណនី​ដែល​ក្លែង​ក្លាយ​ដែល​មាន​ឈ្មោះ និង​ដាក់​រូប​ថត​នាង​ច្រើន​ពេក។

 

បេនីយុំាង បន្ថែម​ថា ដោយ​សារ​តម្រូវ​ការ​ចាំ​បាច់ នាង​បាន​បើក​គណនី​ថ្មី​មួយ​ទៀត​ដាក់​ឈ្មោះ Kan Ya ប៉ុន្តែ​បាន​តែ​២​ថ្ងៃ​ប៉ុណ្ណោះ គណនី​មួយ​នេះ ក៏​ត្រូវ​បាន​បិទ​ទៀត។ សាមី​ខ្លួន​ដាក់​ការ​សន្និដ្ឋាន​ផ្ទាល់​ខ្លួន​ថា Facebook កំពុង​ម៉ត់ចត់​ចំពោះ​អ្នក​ប្រើ​ប្រាស់​របស់​ខ្លួន ខណៈ​បច្ចុប្បន្ន​មាន​អ្នក​ប្រើ​ប្រាស់​ក្លែង​ក្លាយ​កាន់​តែ​ច្រើន​នៅ​លើ​បណ្ដា​របស់​ពួក​គេ។ តើ​ពិត​ជា​អីចឹង​មែន?

 

 

យ៉ាង​ណា គិត​ត្រឹម​ថ្ងៃ​នេះ មិន​ទាន់​មាន​របាយការណ៍​ជាក់​លាក់​ណា​បញ្ជាក់​ពី​ករណី​នេះ ចេញ​ដោយ Facebook ឡើយ។ ប៉ុន្តែ​សាស្ត្រាចារ្យ​ផ្នែក​ព័ត៌មាន​វិទ្យា​នៅ​សាកលវិទ្យាល័យ​បៀលប្រាយ លោក អ៊ូ ផាណារិទ្ធ បញ្ជាក់​ថា តាម​ការ​សិក្សា​របស់​លោក Facebook បាន​អនុវត្តន៍​នយោបាយ​ថ្មី​ៗ​ជា​ច្រើន ហើយ​ការ​រឹត​ត្បិត​ចំពោះ​គណនី​ក្លែង​ក្លាយ​ទំនង​ជា មួយ​ក្នុង​ចំណោម​នយោបាយ​ទាំង​នោះ។

 

“មិន​ត្រឹម​តែ​គណនី​ក្លែង​ក្លាយ​ទេ សូម្បី​តែ​គណនី​ពិត​របស់​យើង​ក៏​ដោយ តែ​មាន Friends ក្លែង​ក្លាយ​ច្រើន គេ​សង្ស័យ Facebook នឹង Block យើង​បណ្ដោះ​អាសន្ន ហើយ​លេង​ល្បែង​ខ្លា​ឃ្លោក​ជាមួយ​យើង​ហ្មង។ គឺ​គេ​យក​គណនី​បី​បួន​ដាក់​រូប​ដើម​ឈើ​អីចឹង​ទៅ ហើយ​សួរ​ថា មួយ​នេះ​នរណា​គេៗ បើ​ឆ្លើយ​ត្រូវ​គេ​បើក​ឲ្យ​វិញ បើ​មិន​ត្រូវ​គឺ​គេ​បិទ​ជា​អចិន្ត្រៃយ៍​តែ​ម្ដង"។ លោក អ៊ូ ផាណារិទ្ធ បន្ថែម។

 

ជា​ដំបូន្មាន សាស្ត្រាចារ្យ​រូប​នេះ ស្នើ​ប្រិយមិត្ត​អ្នក​ប្រើ​បណ្ដាញ​សង្គម កុំ​ចេះ​តែ​ទទួល(Accept Friends) ដោយ​មិន​បាន​ពិនិត្យ​មើល​ឲ្យ​ច្បាស់លាស់​ឡើយ។ យ៉ាង​ណា នេះ​គ្រាន់​តែ​វិធី​មួយ​ប៉ុណ្ណោះ តែ​មិន​ធានា​ថា​សុវត្ថិភាព​១០០%​នោះ​ទេ៕

 

តែ​៣នាទី​ប៉ុណ្ណោះ អេនឌី អស់​ប្រាក់​រាប់​ពាន់​ដុល្លារ

 

យ៉ាង​ម៉េច​ដែរ​គ្នា​យើង ប្រយ័ត្ន​ប្រយែង​ណា!

 

អត្ថបទ៖ ទារិកា

អត្ថបទថ្មី