Angelina Jolie នឹងផលិតខ្សែភាពយន្តរៀបរាប់ពីការឈឺចាប់របស់ប្រជាជនកម្ពុជា
- 2015-07-24 17:31:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Angelina Jolie នឹងផលិតខ្សែភាពយន្តរៀបរាប់ពីការឈឺចាប់របស់ប្រជាជនកម្ពុជា
ចន្លោះមិនឃើញ
កំពូលតារាសម្ដែង និងអ្នកដឹកនាំរឿងអាមេរិក Angelina Jolie កំពុងត្រៀមផលិតខ្សែភាពយន្តថ្មីមួយសម្រាប់ស្ទូឌីយោអាមេរិក Netflix មានចំណងជើងថា "First They Killed My Father: A Daughter of Cambodian Remembers” (ចំណងជើងភាសាខ្មែរ "មុនដំបូងខ្មែរក្រហមសម្លាប់លោកប៉ារបស់ខ្ញុំ”)។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Variety និង Deadline នៅព្រឹកនេះ។
ភាពយន្តនេះ នឹងត្រូវផលិតដោយផ្អែកលើសៀវភៅរឿងពិតរបស់អ្នកនិពន្ធ និងសកម្មជនសិទ្ធិមនុស្សកម្ពុជា លឿង អ៊ឹង ដែលបានរួចជីវិតយ៉ាងលំបាកវេទនាក្នុងសម័យខ្មែរក្រហម។
តារាសម្ដែង Jolie Pitt នឹងជាអ្នកដឹកនាំនិងផលិតខ្សែភាពយន្តថ្មីនេះ ដោយមានការសហការសរសេរអត្ថបទរឿងពីអ្នកស្រី លឿង អ៊ឹង។ អ្នកដឹកនាំនិងផលិតករភាពយន្តកម្ពុជាលោក រិទ្ធី ប៉ាន់ ជាម្ចាស់ស្នាដៃភាពយន្តជាប់បេក្ខភាពដណ្ដើមពានរង្វាន់ Oscar “The Missing Picture” ក៏នឹងជាផលិតករម្នាក់ដែរក្នុងខ្សែភាពយន្តនេះ។
ភាពយន្តថ្មីនេះនឹងត្រូវបានចាក់ផ្សាយតាមបណ្ដាញអ៊ីនធឺណិតសំខាន់ៗនៅចុងឆ្នាំ២០១៦ ហើយនឹងត្រូវដាក់បញ្ចាំងផងដែរតាមមហោស្រពភាពយន្តអន្តរជាតិធំៗជុំវិញពិភពលោក។
សៀវភៅ “First They Killed My Father: A Daughter of Cambodia Remembers” ត្រូវបានចេញផ្សាយកាលពីឆ្នាំ២០០០។ Angelina Jolie បានអានសៀវភៅនេះនិងបានទាក់ទងអ្នកស្រី លឿង អ៊ឹង ជាងមួយទសវត្សមកហើយ។ ពួកគេបានក្លាយជាមិត្តល្អនឹងគ្នា ហើយក៏បានសហការគ្នាសរសេរអត្ថបទភាពយន្តសម្រាប់រឿងមួយនេះ។
តារាវ័យ ៤០ឆ្នាំ Angelina Jolie បាននិយាយថា "សៀវភៅរបស់ អ៊ឹង ពិតជាធ្វើឲ្យខ្ញុំរំជួលចិត្តមែនទែន។ វាធ្វើឲ្យខ្ញុំបានយល់កាន់ច្បាស់ពីអារម្មណ៍កុមារដែលឆ្លងកាត់សង្គ្រាម និងត្រូវរងឥទ្ធិពលដោយសារការចងចាំដ៏អាក្រក់នេះ។ ម្យ៉ាងវាបានជួយឲ្យខ្ញុំមានអារម្មណ៍កាន់តែស្និទ្ធស្នាលជាមួយប្រជាជននៅកម្ពុជា ដែលជាប្រទេសកំណើតរបស់កូនប្រុសខ្ញុំ។ វាជាសុបិនខ្ញុំយូរមកហើយ ដែលចង់ឲ្យសាច់រឿងក្នុងសៀវភៅនេះក្លាយជាខ្សែភាពយន្ត ហើយក៏ជាកិត្តិយសរបស់ខ្ញុំដែរ ដែលបានសហការជាមួយផលិតករខ្មែរ លឿង និងរិទ្ធី ប៉ាន់ "។
Maddox ដែលជាកូនប្រុសចិញ្ចឹមជនជាតិកម្ពុជារបស់គ្រួសារ Jolie Pitt ក៏នឹងចូលរួមចំណែកក្នុងដំណើរផលិតខ្សែភាពយន្តនេះដែរ។
សកម្មជនខ្មែរ-អាមេរិក លឿង អ៊ឹង ក៏បាននិយាយដែរថា "Angelina និងខ្ញុំបានជួបគ្នាកាលពីឆ្នាំ២០០១ ហើយខ្ញុំក៏បានជឿជាក់លើទឹកចិត្តរបស់នាងតែម្ដង។ ច្រើនឆ្នាំមកនេះ យើងបានក្លាយជាមិត្តជិតស្និទ្ធ ហើយការកោតសរសើររបស់ខ្ញុំចំពោះ Angelina ក្នុងនាមជាស្ត្រី ជាម្ដាយ អ្នកផលិតភាពយន្ត និងសកម្មជនមនុស្សធម៌ ក៏កាន់តែមានច្រើនទៅៗ។ វាជាកិត្តិយសមែនទែនដែលរឿងរ៉ាវរបស់គ្រួសារខ្ញុំត្រូវបាន Jolie យកទៅផលិតជាភាពយន្ត" ៕
អ្នកស្រី លឿង អ៊ឹង
លោក រិទ្ធី ប៉ាន់
Maddox
ចុចអាន៖ភាពយន្តដែល Angelina Jolie មកថតនៅកម្ពុជា ត្រៀមចេញវគ្គបន្ទាប់
ចុចអាន៖២ សន្លឹករំលឹកអនុស្សាវរីយ៍ ១០ ឆ្នាំរវាង Angelina Jolie និងកូនចិញ្ចឹមខ្មែរ
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ variety