ស៊ីន យូប៊ីន តួឯក​ស្រី​រឿង "និស្ស័យ​ស្នេហ៍​ខ្ញុំ" ស្អាត​យ៉ាង​នេះ!

  • 2014-10-14 16:27:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​វ័យ ១៩​ឆ្នាំ កញ្ញា ស៊ីន យូប៊ីន បាន​ជួប​បទ​ពិសោធន៍​សម្ដែង​ភាពយន្ត​លើក​ដំបូង បន្ទាប់​ពី​ជាប់​ជយលាភី​ក្នុង​កម្មវិធី "Freshie Boys & Girls” ជំនាន់​ទី​១២កាល​ពី​ឆ្នាំ ២០១៣​មក។

 

ភាពយន្ត​ស្នាដៃ​ដំបូង​របស់ យូប៊ីន នា​ពេល​នេះ​មាន​ចំណង​ជើង​ថា "និស្ស័យ​ស្នេហ៍​ខ្ញុំ" ជា​ប្រភេទ​រឿង​ភាគ​ដាក់​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍ MyTV ក្នុង​នោះ​កញ្ញា សម្ដែង​ជា​តួឯក​ស្រី​ឈ្មោះ "ឈូក" ជា​គូ​នឹង​កំលោះ​សង្ហា ខាត់ វៃ​ហាំង ដែល​ល្បី​ក្នុង​ស្ប៉ត​ពាណិជ្ជកម្ម​ម៉ូតូ Honda 2014។ រឿង​នេះ និយាយ​អំពី​ចំណង​ស្នេហ៍​កំលោះ​អ្នក​មាន​ជាមួយ​ក្រមុំ​កូន​អ្នក​ក្រី​ក្រ គឺ​កញ្ញា យូប៊ីន និង​កំលោះ​វៃហាំង។ផ្ដើម​ពី​ការ​រួម​គ្នា​បំភ័ន្ត​ភ្នែក​ចាស់​ៗ កំលោះ​ក្រមុំ​ទាំង​ពីរ​បន្តិច​ម្ដង​ៗ​ក៏​ស្រឡាញ់​គ្នា​តែ​ម្តង។

 

 កញ្ញា ស៊ីន យូប៊ីន

យូប៊ីន ប្រាប់​ថា បាន​ជួប​បញ្ហា​ខ្លះ​ៗ ដោយ​សារ​ជា​បទ​ពិសោធន៍​ដំបូង ។ "និយាយ​ពី​ពិបាក គឺ​ពិបាក​ដែរ​បង ជា​លើក​ដំបូង​របស់​ខ្ញុំ គឺ​ពិបាក​ចូល​តួ​អីចឹង​ណាស់ ប៉ុន្តែ​បាន​ក្រុម​ការងារ​ដូច​ជា​អ្នក​ដឹក​នាំ បង​កាមេរ៉ា​អីហ្នឹង គាត់​ជួយ​ណែនាំ និង​លើក​ទឹក​ចិត្ត ខ្ញុំ​ក៏​ផ្ដើម​មាន​ការ​តាំង​ចិត្ត អីចឹង​បន្តិច​ម្ដង​ៗ ខ្ញុំ​ក៏​អាច​ធ្វើ​បាន!"

 

បើ​ទោះ​សម្ដែង​ភាពយន្ត​ជា​ការងារ​លើក​ទី​១ ប៉ុន្តែ​នេះ​មិន​មែន​ជា​ការ​សិល្បៈ​ដំបូង​របស់​តារា​សម្ដែង​មាន​កំណើត​នៅ​រាជធានី​នេះ​ទេ។ យូប៊ីន ត្រូវ​បាន​គេ​ស្គាល់​រួច​ស្រេច​តាម​រយៈ​ស្ប៉ត​ពាណិជ្ជកម្ម​មួយ​ចំនួន មាន​ដូច​ជា ស្ប៉ត​ស្រាបៀ Angkor Beer ស្ប៉ត​ពាណិជ្ជកម្ម​ទឹក​អនាម័យ​ស្ត្រី PH Care និង​ភេសជ្ជៈ​ប៉ូវ​កំលាំង M-150 ជា​ដើម​ដែល​ស្ប៉ត​មួយ​នេះ​ទៅ​ថត​ដល់​ប្រទេស​ថៃ។

 

ក្រៅ​ពី​នេះ កញ្ញា​នៅ​មាន​បទ​ពិសោធន៍​ការងារ​ជាមួយ​អាជីព​ជា​ពិធី​ការិនី​ថែម​ទៀត។ យូប៊ីន ថ្លែង​ថា "ខ្ញុំ​កំពុង​ប្រឹង​រៀន​សូត្រ​អាជីព​ជា​ពិធី​ការិនី អីចឹង​បាន​អត់​សូវ​ខ្ញុំ​ឃើញ​សម្ដែង​រឿង លើក​លែង​តែ​រឿង "និស្ស័យ​ស្នេហ៍​ខ្ញុំ" នេះ ពេល​ដែល​ខ្ញុំ​យក Script មក​មើល​ហើយ ក៏​ចាប់​អារម្មណ៍ ទើប​សម្រេច​សម្ដែង​ជា​លើក​ទី​១​តែ​ម្ដង​ទៅ!”

 

ក្នុង​អាជីព​ជា​ពិធី​ការិនី​កញ្ញា ស៊ិន យូប៊ីន ច្រើន​លេច​មុខ​ក្នុង​កម្មវិធី​ធំ​ៗ​របស់​កម្មវិធី​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន។ ដោយ​ឡែក​សម្រាប់​ទូរទស្សន៍​វិញ អតីត​ស្រី​ស្អាត​លេខ​១​ក្នុង​កម្មវិធី Freshie Boys & Girls ឆ្នាំ ២០១៣ រូប​នេះ ច្រើន​ចេញ​មុខ​តាម​រយៈ​ទូរទស្សន៍ MyTV ក្នុង​កម្មវិធី​នានា​រៀប​ចំ​ដោយ​ក្រុមហ៊ុន BKA Entertainment ដូច​ជា Khmer Super Model និង​ប្រឡង​ចម្រៀង​កុមារ Kodomo ជា​ដើម។

 

អត្ថបទ៖ ឌីជេ ឡាយ​អិន ត្រូវ​ភរិយា​ប្ដឹង​សុំ​លែង​លះ

"និស្ស័យ​ស្នេហ៍​ខ្ញុំ" រឿង​នេះ បាន​ចាក់​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍ MyTV នា​ព្រលប់​ថ្ងៃ​ម្សិលមិញ នឹង​ត្រូវ​ចាក់​ផ្សាយ​រៀង​រាល់​ថ្ងៃ​ចន្ទ និង​អង្គារ វេលា​ម៉ោង ៧:៣០នាទី​ដល់​ម៉ោង ៨:៣០​នាទី​យប់៕

 

អត្ថបទ​ពាក់​ព័ន្ធ​នឹងជុំវិញ​សិល្បៈ​ជាតិ សូម​ចុច​ទី​នេះ…!!!

អត្ថបទ​ពាក់​ព័ន្ធ​នឹង​បញ្ហាតារាជាតិ សូម​ចុច​ទី​នេះ…!!!

https://www.youtube.com/watch?v=qD8nxgs5xSI

អត្ថបទ៖ ទារិកា