បុរសម្នាក់បាត់ការចងចាំបន្ទាប់ពីចូលព្យាបាលនៅគ្លីនិកធ្មេញ
- 2015-07-28 16:51:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុរសម្នាក់បាត់ការចងចាំបន្ទាប់ពីចូលព្យាបាលនៅគ្លីនិកធ្មេញ
ចន្លោះមិនឃើញ
តាមការចុះផ្សាយលើសារព័ត៌មាន Zee News របស់ប្រទេសឥណ្ឌាកាលពីថ្ងៃចន្ទម្សិលមិញបានឲ្យដឹងថា បុរសម្នាក់បានបាត់ការចងចាំរហូតដល់សព្វថ្ងៃ បន្ទាប់ពីចូលព្យាបាលនៅគ្លីនិកធ្មេញមួយកន្លែង។
ក្រុមអ្នកស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រក្នុងប្រទេសឥណ្ឌា កំពុងមានមន្ទិលក្នុងចិត្តស្រាយមិនរួច ខណៈបុរសវ័យ ៣៨ឆ្នាំម្នាក់ដែលមានរាងកាយមាំមួន ព្រមទាំងសុខភាពល្អ បានបាត់ការចងចាំបន្ទាប់ពីគ្លីនិកចាក់ថ្នាំស្ពឹក ដើម្បីព្យាបាលធ្មេញរបស់គេ។
រហូតមកទល់ពេលនេះ មានរយៈពេលមួយទសវត្សរ៍ទៅហើយ ដែលបុរសរងគ្រោះបានទៅព្យាបាលនៅគ្លីនិកធ្មេញលើកចុងក្រោយ ប៉ុន្តែរូបគេនៅតែក្រោកឡើងជាមួយការចងចាំថាជាពេលណាត់ជួបទន្តពេទ្យ។ រោគសញ្ញារបស់គេ ប្រៀបដូចជាការរៀបរាប់ក្នុងខ្សែភាពយន្តមួយចំនួនដូចជា 'Memento' និង 'Groundhog Day' យ៉ាងដូច្នោះដែរ។
យ៉ាងណាក្ដី ពុំមានភស្តុតាងគ្រប់គ្រាន់ដែលអាចបញ្ជាក់ថា ការព្យាបាលនៅគ្លីនិកធ្មេញបាននាំឲ្យបុរសរងគ្រោះបាត់បង់ការចងចាំទេ។ សាស្ត្រាចារ្យចិត្តវិទ្យានៅសាកលវិទ្យាល័យ Leicester ប្រទេសអង់គ្លេស បានចាត់ទុកបញ្ហានេះជាករណីដ៏ធំមួយសម្រាប់ផ្នែកវិទ្យាសាស្ត្រ។
បច្ចុប្បន្ននេះជនរងគ្រោះដែលមិនបង្ហាញអត្តសញ្ញាណ អាចចងចាំត្រឹម ៩០នាទីប៉ុណ្ណោះក្នុងមួយថ្ងៃ ហើយរូបគេត្រូវគ្រប់គ្រងជីវិតប្រចាំថ្ងៃដោយកំណត់ហេតុអេឡិចត្រូនិក និងកំណត់ត្រាផ្សេងទៀត ព្រោះរូបគេនឹកឃើញរាល់ថ្ងៃ ត្រឹមជាពេលណាត់ជួបទន្តពេទ្យ៕
ចុចអាន៖ ជាង១ម៉ឺននាក់អាចឆ្លងមេរោគអេដស៍ និងថ្លើមក្រោយចូលគ្លីនិកធ្មេញពីរនៅអូស្រ្តាលី
ប្រែសម្រួល៖ គង់ វិសាល ប្រភព៖ Zee News